លោក ឃឹម ហ្វីណង់៖ បញ្ហាក្នុងវិស័យដាំដុះបន្លែ គឺស្ថិរភាពនៃការផ្គត់ផ្គង់ មិនមែនទីផ្សារ

ធ្វើឱ្យយើងនៅតែពឹងផ្អែកលើការនាំចូល គឺស្ថេរភាពនៃការផ្គត់ផ្គង់ មិនមែនទីផ្សារ... The post លោក ឃឹម ហ្វីណង់៖ បញ្ហាក្នុងវិស័យដាំដុះបន្លែ គឺស្ថិរភាពនៃការផ្គត់ផ្គង់ មិនមែនទីផ្សារ appeared first on Kampuchea Thmey Daily.

លោក ឃឹម ហ្វីណង់៖ បញ្ហាក្នុងវិស័យដាំដុះបន្លែ គឺស្ថិរភាពនៃការផ្គត់ផ្គង់ មិនមែនទីផ្សារ

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ នេះថា បញ្ហាប្រឈមធំជាងគេមួយនៅក្នុងអនុវិស័យដាំដុះបន្លែនៅកម្ពុជា ដែលធ្វើឱ្យយើងនៅតែពឹងផ្អែកលើការនាំចូល គឺស្ថិរភាពនៃការផ្គត់ផ្គង់ មិនមែនទីផ្សារនោះទេ។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា តម្រូវការមានច្រើន ព្រោះអ្នកណាក៏ទទួលទានបន្លែដែរ ហើយទទួលទានជារៀងរាល់ថ្ងៃចំណែកឯការគាំទ្របន្លែដាំក្នុងស្រុកក៏កំពុងតែក្លាយទៅជាចលនាយ៉ាងផុសផុលផងដែរ ខណៈដីក៏មានច្រើនសម្រាប់ផលិតកម្មបន្លែ ហើយអ្នកដាំបន្លែក៏សម្បូរថែមទៀត។

បើតាមលោក ឃឹម ហ្វីណង់៖ «អ្វីដែលយើងនៅចាញ់គេគឺកសិកររបស់យើងនៅផលិតក្នុងខ្នាតតូចៗ ជាលក្ខណៈគ្រួសារនៅឡើយ ដែលជាហេតុធ្វើឱ្យថ្លៃដើមផលិតយើងខ្ពស់ គុណភាពយើងមិនមានស្តង់ដាតែមួយ ហើយពិតជាពិបាកក្នុងការសម្របសម្រួលកាលវិភាគផលិតកម្ម»។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ពេលខ្លះ បន្លែសម្បូរខ្លាំងមែនទែន ជាពិសេសរដូវងាយស្រួលដាំ រហូតដល់រុញឱ្យការផ្គត់ផ្គង់ហក់ឡើងលើសពីតម្រូវការទីផ្សារ ហើយទាញឱ្យថ្លៃធ្លាក់ចុះទៅវិញ។ តែរដូវខ្លះវិញ យើងមិនមានអ្នកដាំទាល់តែសោះ ដែលជាហេតុធ្វើឱ្យថ្លៃកើនឡើងខ្ពស់ និងបើកផ្លូវឱ្យបន្លែនាំចូលអាចប្រកួតប្រជែងនិងគ្រប់គ្រងទីផ្សារបាន។ តែបើចង់ផលិតបន្លែនៅរដូវក្តៅ ឬរដូវភ្លៀង ទាមទារឱ្យធ្វើផលិតកម្មក្នុងផ្ទះសំណាញ់ ដែលតម្រូវឱ្យមានបច្ចេកទេសខ្ពស់ មានផែនការកាលវិភាគដាំដុះឱ្យបានត្រឹមត្រូវ និងទុនវិនិយោគច្រើន សុទ្ធសឹងតែជាបញ្ហាលំបាកសម្រាប់កសិករខ្នាតតូច ដែលដាំដុះជាលក្ខណៈគ្រួសារ។

លោក ឃឹម ហ្វីណង់បញ្ជាក់ថា ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលអាណត្តិទី៧នេះ តាមរយៈក្រសួងកសិកម្មជាសេនាធិការ យកចិត្តទុកដាក់ក្នុងការជំរុញផលិតកម្មក្រោមយន្តការសហគមន៍កសិកម្មទំនើបវិញ ដើម្បីបង្កើតសមត្ថភាពប្រកួតប្រជែងរបស់កសិកម្មកម្ពុជា ផលិតប្រកបដោយស្តង់ដាគុណភាពច្បាស់លាស់ ក្នុងវិសាលភាពមួយដែលមានសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ ដែលធ្វើឱ្យថ្លៃដើមផលិតទាប និងបរិមាណផ្គត់ផ្គង់មានស្ថេរភាព ហើយក្រសួងនឹងជួយគាំទ្រគ្រប់រូបភាព ទាំងបច្ចេកទេស ទីផ្សារ និងដើមទុនកម្ចីការប្រាក់ទាប។ ធ្វើបែបនេះបាន យើងនឹងអាចកាត់បន្ថយការធ្លុះធ្លាយខាងផ្នែកសេដ្ឋកិច្ច និងជំនួសឱ្យការនាំចូលបន្លែបណ្តើរៗបានហើយ៕

The post លោក ឃឹម ហ្វីណង់៖ បញ្ហាក្នុងវិស័យដាំដុះបន្លែ គឺស្ថិរភាពនៃការផ្គត់ផ្គង់ មិនមែនទីផ្សារ appeared first on Kampuchea Thmey Daily.