រដ្ឋ Nevada អាមេរិក កើតរញ្ជួយដី ៤លើកផ្ទួនៗ
កាលពីថ្ងៃចន្ទទី៣១ខែមីនាឆ្នាំ២០២៥ រដ្ឋ Nevada នៃសហរដ្ឋអាមេរិក កើតមានការរញ្ជួយដីចំនួន៤លើកផ្ទួន ប៉ុន្តែក្នុងកម្រិតស្រាលប៉ុណ្ណោះ ប៉ុន្តែក្រុមអ្នក... The post រដ្ឋ Nevada អាមេរិក កើតរញ្ជួយដី ៤លើកផ្ទួនៗ appeared first on Kampuchea Thmey Daily.

កាលពីថ្ងៃចន្ទទី៣១ខែមីនាឆ្នាំ២០២៥ រដ្ឋ Nevada នៃសហរដ្ឋអាមេរិក កើតមានការរញ្ជួយដីចំនួន៤លើកផ្ទួនៗ ប៉ុន្តែក្នុងកម្រិតស្រាលប៉ុណ្ណោះ។ យ៉ាងណាក្រុមអ្នកវិទ្យាសាស្រ្តព្រមានថា រដ្ឋនេះអាចនឹងជួបសកម្មភាពរញ្ជួយជាបន្តទៀតនៅសប្តាហ៍ក្រោយ។

រញ្ជួយដីនេះកើតឡើងដំបូងនៅម៉ោង ៨ព្រឹក (ម៉ោងនៅអាមេរិក) ដោយកម្លាំងរញ្ជួយ ៤រ៉ិចទ័រប៉ុណ្ណោះ ជាមួយជម្រៅ៦.២គីឡូម៉ែត្រ មានចំណុចកណ្តាលនៅតំបន់មួយដែលមានចម្ងាយប្រហែល ៥៧គីឡូម៉ែត្រភាគឦសានទីក្រុង Valmy។
ការរញ្ជួយទី២មានកម្លាំង២.៩រ៉ិចទ័រ ជម្រៅ៧គីឡូម៉ែត្រ នៅចម្ងាយប្រហែល៦៧គីឡូម៉ែត្រពីភ្នំ Battle ខណៈការរញ្ជួយទី៣ មានកម្លាំង៣.៤រ៉ិចទ័រ និងការរញ្ជួយទី៤មានកម្លាំង២.២រ៉ិចទ័រ។

ដ្បិតថាការរញ្ជួយទាំងនេះ មិនមានជាកម្រិតធ្ងន់ក៏ដោយ ប៉ុន្តែវាបានធ្វើឲ្យញ័រដល់តំបន់ Great Basin ហើយក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានដល់ពលរដ្ឋឲ្យត្រៀមខ្លួននឹងសកម្មភាពរញ្ជួយនាពេលខាងមុខ ព្រោះថា អាចនឹងមានព្រឹត្តិការណ៍ធំជាងនេះកើតឡើង។
ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនរឿងចម្លែកទេដែលរដ្ឋ Nevada កើតរញ្ជួយដី ព្រោះថា រដ្ឋនេះតែងមានការរញ្ជួយតូចៗរាប់ពាន់លើកក្នុងមួយឆ្នាំៗ។

នៅថ្ងៃទី៩ខែធ្នូឆ្នាំ២០២៤ ភាគខាងជើងរដ្ឋនេះ បានជួបគ្រោះរញ្ជួយដីកម្រិត៥.៧រ៉ិចទ័រ ដែលនោះជាកម្លាំងរញ្ជួយខ្លាំងបំផុតគិតចាប់តាំងពីថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០មក នៅពេលរញ្ជួយដីកម្រិត៦.៥រ៉ិចទ័រ វាយប្រហារតំបន់ជួរភ្នំ Monte Cristo Range។
យ៉ាងណាមិញ ការរញ្ជួយថ្មីនេះកើតឡើងស្របពេលប្រទេសមីយ៉ាន់ម៉ា កំពុងរងទុក្ខជាទម្ងន់ដោយសារតែគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រដែលវាយប្រហារទីក្រុង Mandalay បណ្តាលឲ្យមនុស្សស្លាប់កើនដល់ជិត ៣ពាន់នាក់ (គិតត្រឹមថ្ងៃចន្ទ) ហើយឥទ្ធិពលរបស់វា ជះដល់រាជធានីបាងកកនៃប្រទេសថៃ បណ្តាលឲ្យមនុស្ស១៨នាក់ បាត់បង់ជីវិត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តំបន់ទេសចរណ៍ល្បី «បឹង Inle» នៅមីយ៉ាន់ម៉ា មានអ្នកស្លាប់កើនដល់៨៩នាក់ក្នុងគ្រោះរញ្ជួយដី
The post រដ្ឋ Nevada អាមេរិក កើតរញ្ជួយដី ៤លើកផ្ទួនៗ appeared first on Kampuchea Thmey Daily.