ម៉ាឡេស៊ីចេញមុខបរិហារ ត្រាំ លើដំណោះស្រាយតំបន់ហ្គាហ្សា ថាជាការបោសសម្អាតពូជសាសន៍
ម៉ាឡេស៊ីថា ខ្លួនប្រឆាំងយ៉ាងខ្លាំងចំពោះការតាំងទីលំនៅថ្មីដោយបង្ខំរបស់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក... The post ម៉ាឡេស៊ីចេញមុខបរិហារ ត្រាំ លើដំណោះស្រាយតំបន់ហ្គាហ្សា ថាជាការបោសសម្អាតពូជសាសន៍ appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាលម៉ាឡេស៊ីដែលមានជំហរគាំទ្រប៉ាឡេស្ទីនតាំងពីដើមមកនោះ បានឲ្យដឹងថា ខ្លួនប្រឆាំងដាច់អហង្ការចំពោះការតាំងទីលំនៅថ្មីដោយបង្ខំរបស់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាសាធារណៈថា ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់តំបន់នេះក្រោមផែនការអភិវឌ្ឍន៍ឡើងវិញដ៏អស្ចារ្យមួយ។

ការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៦ខែកុម្ភៈនេះ បានឲ្យដឹងថា ក្រសួងការបរទេសម៉ាឡេស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការផ្លាស់ប្តូរទីលំនៅដោយបង្ខំរបស់ជនជាតិប៉ាឡេស្ទីននឹងបង្កើតជាការបោសសម្អាតជនជាតិភាគតិច និងការរំលោភលើច្បាប់អន្តរជាតិ និងដំណោះស្រាយជាច្រើនរបស់អង្គការសហប្រជាជាតិ។
ក្រសួងការបរទេសម៉ាឡេស៊ី ថា៖«ការប៉ុនប៉ងណាមួយមិនថាដោយផ្ទាល់ ឬដោយប្រយោល ចំពោះការដោះស្រាយជាឯកតោភាគី និងដោយបង្ខំ ដែលមិនគោរពសិទ្ធិសម្រេចដោយខ្លួនឯងរបស់ប្រជាជនប៉ាឡេស្ទីន និងរំលោភលើសេរីភាពរបស់ពួកគេ គឺជាការមិនអាចទទួលយកបាន មិនសមហេតុផល ហើយនឹងធ្វើឱ្យកាន់តែធ្ងន់ធ្ងរបន្ថែមទៀតនូវជម្លោះនៅក្នុងតំបន់»។
ក្រសួងបានបន្ថែមថា៖«ម៉ាឡេស៊ីបន្តឈរក្នុងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។ ផ្លូវដែលអាចសម្រេចបានតែមួយគត់ដើម្បីសន្តិភាព និងស្ថិរភាពយូរអង្វែងនៅមជ្ឈិមបូព៌ាគឺតាមរយៈការបង្កើតរដ្ឋឯករាជ្យ និងអធិបតេយ្យភាពរបស់ប៉ាឡេស្ទីន ដោយផ្អែកលើព្រំដែនមុនឆ្នាំ ១៩៦៧ ដែលមានទីក្រុងJerusalemខាងកើតជារដ្ឋធានីរបស់ខ្លួន»។
លើសពីនេះសហគមន៍អន្តរជាតិគួរតែរួបរួមគ្នានៅក្នុង «ដំណោះស្រាយដែលអាចទុកចិត្តបាន និងជាអចិន្ត្រៃយ៍ដែលអាចទទួលយកបានសម្រាប់ប៉ាឡេស្ទីន»។

ប្រទេសម៉ាឡេស៊ី ដែលមានប្រជាជនប្រហែល២ភាគ៣ជាប្រជាជនម៉ូស្លីម មិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលទេ និងជាអ្នកគាំទ្រដ៏រឹងមាំនៃបុព្វហេតុប៉ាឡេស្ទីនជាយូរមកហើយ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដោយគាំទ្រករណីប្រល័យពូជសាសន៍របស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងប្រទេសនេះនៅតុលាការយុត្តិធម៌អន្តរជាតិ ក៏ដូចជាការអំពាវនាវឱ្យមានការបណ្តេញចេញពីអង្គការសហប្រជាជាតិ។
មេដឹកនាំម៉ាឡេស៊ីក៏បានច្រានចោលការគាបសង្កត់ពីលោកខាងលិចក្នុងការផ្តាច់ទំនាក់ទំនងជាមួយក្រុមហាម៉ាសដែលជាក្រុមប្រដាប់អាវុធប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្គាហ្សាផងដែរ។
គួររម្លឹកថា សំណើរបស់លោក ត្រាំ ក្នុងការកាន់កាប់តំបន់ហ្គាហ្សាបណ្ដោះអាសន្នដើម្បីធ្វើការសាងសង់ឡើងវិញដែលតម្រូវឲ្យប្រជាជានប៉ាឡេស្ទីនផ្លាស់ទៅនៅកន្លែងផ្សែង ត្រូវបានច្រានចោលដោយអង្គការប៉ាឡេស្ទីន រួមទាំងក្រុមហាម៉ាស អាជ្ញាធរប៉ាឡេស្ទីន និងអង្គការរំដោះប៉ាឡេស្ទីន ហើយត្រូវបានរិះគន់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ផងដែរ៕



អត្ថបទ៖ ប៊ុន សុភាព
The post ម៉ាឡេស៊ីចេញមុខបរិហារ ត្រាំ លើដំណោះស្រាយតំបន់ហ្គាហ្សា ថាជាការបោសសម្អាតពូជសាសន៍ appeared first on Kampuchea Thmey Daily.