មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹតិ្តការណ៍អុំទូកកៃយ៉ាក់ទស្សនាតំបន់រ៉ាមសារ

ក្នុងព្រឹត្តិការណ៍រៀបចំដំណើរកម្សាន្ត និងបោះជំរំស្នាក់នៅតាមតំបន់រ៉ាមសារ ទន្លេមេគង្គលើនៅខេត្តស្ទឹងត្រែង លោក... The post មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹតិ្តការណ៍អុំទូកកៃយ៉ាក់ទស្សនាតំបន់រ៉ាមសារ appeared first on Kampuchea Thmey Daily.

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹតិ្តការណ៍អុំទូកកៃយ៉ាក់ទស្សនាតំបន់រ៉ាមសារ

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹត្តិការណ៍ដំណើរទេសចរតាមដងទន្លេមេគង្គលើ ក្នុងតំបន់រ៉ាមសារសុវត្ថិភាព ដើម្បីលើកស្ទួយវិស័យទេសចរណ៍ឱ្យដំណើរការទៅល្អក្នុងរដូវប្រាំងនេះ។

ក្នុងព្រឹត្តិការណ៍រៀបចំដំណើរកម្សាន្ត និងបោះជំរំស្នាក់នៅតាមតំបន់រ៉ាមសារ ទន្លេមេគង្គលើនៅខេត្តស្ទឹងត្រែង លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា ដំណើរប្រកបដោយសុវត្ថិភាពនេះ នឹងធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រូវគោរពតាមការណែនាំរបស់មន្ត្រីផ្នែកសន្តិសុខនៅពេលធ្វើដំណើរកម្សាន្តតាមផ្លូវទឹក។

លោកបន្តថា សេវាកម្មនេះ ប្រជាសហគមន៍ទេសចរណ៍រៀបចំទូកកៃយ៉ាក់សម្រាប់អុំ មានអាវពោងសម្រាប់ពាក់- គ្រឿងឧបភោគបរិភោគដាក់តាមទូក ជាជំនួយក្នុងការធ្វើដំណើរអមភ្ញៀវទេសចរ ក្នុងនោះយើងមានក្រុមការងារទូកអម ធ្វើដំណើរ ដោយមានការយកចិត្តទុកដាក់ ទប់ស្កាត់បង្ការកុំឱ្យមានបញ្ហាគ្រោះថ្នាក់ដល់អ្នកចាប់អារម្មណ៍មកចូលរួមលេងកម្សាន្ត និយាយរួមអ្នកមកកម្សាន្ត យើងមកលេងធម្មតា មិនមែនជាលក្ខណៈប្រកួតប្រជេងទេ ពេលយើងហត់យើងឈប់កន្លែងសំចតបោះតង់ ស្នាក់នៅតាមកោះឆ្នេរខ្សាច់ ដែលស្អាតផុសចេញនូវរដូវប្រាំងនេះ ដែលមានភាពទាក់ទាញពីជីវៈចម្រុះធនធានធម្មជាតិ។

លោក សេង សុធា អ្នកសម្របសម្រួលប្រចាំនៅរមណីយដ្ឋានកោះហាន បានទទួលស្គាល់ថា នៅខែមករា ឆ្នាំ២០២៥​នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកមកម្សាន្ដចំនួន២លើករួចមកហើយ។ ដោយពួកគាត់បានមកស្នាក់នៅបរិភោគម្ហូបបែបធម្មជាតិរបស់សហគមន៍ និងជិះទូកធ្វើដំណើរទស្សនាចរពេលព្រឹក និងពេលថ្ងៃរៀបលិចតាមផ្លូវទឹក និងស្នាក់នៅពេលយប់ ជួបជុំគ្នារាំលេងកម្សាន្តតាមភ្លេងសហគមន៍ រយៈពេល២ថ្ងៃ ១យប់ តាមតម្រួវការរបស់ភ្ញៀវទេសចរមកកម្សាន្ត។

លោក ខាំ ពិសិទ្ធ អ្នកបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរនៅរមណីយដ្ឋានកោះហានបានគាំទ្រដល់ផែនការនេះ ហើយប្រជាសហគមន៍នឹងខិតខំពង្រឹងសេវាកម្មដឹកជញ្ជូនឱ្យកាន់តែល្អ មានសុវត្ថិភាព ដើម្បីជូនភ្ញៀវទេសចរធ្វើដំណើរទស្សនាកម្សាន្ត។ លោកបន្តថា នៅតាមដងទន្លេមេគង្គលើមានសក្តានុពលធម្មជាតិច្រើនសម្រាប់ទស្សនាដូច ជាជំរំដើមរំចេង-តំបន់ព្រៃលិចទឹក-អន្លុងមរកត-តំបន់ទឹកហូររាក់ៗ-ពំនូកខ្សាច់ក្បាច់ធម្មជាតិ-តំបន់ថ្មកំបោរ-បង្គោលប្រវត្តិសាស្ត្របារាំង-ថ្មព្រះសាខន-ទស្សនាសត្វស្លាប-និងរៀបចំបោះតង់នៅរមណីយដ្ឋានកោះហាន នៅឃុំកោះស្នែង-ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

សូមបញ្ជាក់ថា ការផ្តើមធ្វើដំណើរកម្សាន្តទស្សនាទេសភាពតំបន់រ៉ាមសារ ចាប់ចេញពីចំណុចកោះទន្សាយ នៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ មកដល់ចំណុចភូមិថ្មី ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលមានចម្ងាយតាមផ្លូវទឹកទន្លេមេគង្គលើប្រវែងជាង៤០គីឡូម៉ែត្រ៕

អត្ថបទ៖ ហុង វិនជូ

The post មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹតិ្តការណ៍អុំទូកកៃយ៉ាក់ទស្សនាតំបន់រ៉ាមសារ appeared first on Kampuchea Thmey Daily.