ពន្ធរបស់ ត្រាំ អាចប៉ះពាល់ដល់ការនាំចេញរបស់ថៃទៅអាមេរិក រហូតដល់ ២៥ ភាគរយ
សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ថៃ ដោយនៅឆ្នាំ ២០២៣ ការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិកមានចំនួន ៤៧,៩ ប៊ីលានដុល្លារ ឬស្មើនឹង ១៧,១ ភាគរយ នៃការនាំចេញសរុបរបស់ថៃ។ The post ពន្ធរបស់ ត្រាំ អាចប៉ះពាល់ដល់ការនាំចេញរបស់ថៃទៅអាមេរិក រហូតដល់ ២៥ ភាគរយ appeared first on Kampuchea Thmey Daily.
ការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិក រំពឹងថានឹងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែគោលនយោបាយពន្ធរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ព្រោះថៃមានចំណែកដ៏សំខាន់លើពាណិជ្ជកម្មជាមួយអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ដែលស្រង់របាយការណ៍ស្រាវជ្រាវថ្មីមួយ។
ទីភ្នាក់ងារស្រាវជ្រាវរបស់ធនាគារ TMBThanachart (ttb) បានលើកឡើងថា នៅពេលលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតី គេរំពឹងថាអាមេរិកនឹងដាក់ចេញនូវគោលនយោបាយតឹងរ៉ឹងជាច្រើន រួមទាំងការដំឡើងពន្ធនាំចូលផងដែរ។ ក្រោមសេណារីយ៉ូនេះ វាអាចនឹងប៉ះពាល់រហូតដល់ ២៥ ភាគរយ នៃការនាំចេញសរុបរបស់ថៃទៅកាន់សហរដ្ឋអាមេរិក។
ការវិភាគរបស់ ttb បានបង្ហាញថា ក្រោមអាណត្តិថ្មីរបស់លោក ត្រាំ អាមេរិកអាចនឹងបង្កើនពន្ធនាំចូលពីប្រទេសផ្សេងៗជុំវិញពិភពលោក ដល់ប្រហែល ២០ ភាគរយ ដោយកើនឡើងពីជាអត្រា៣ ភាគរយ មុនវិបត្តិកូវីដ។ ពន្ធលើទំនិញចិនអាចកើនឡើងខ្លាំងជាងនេះ ដោយឈានដល់ ៦០ ភាករយ ធៀបនឹងអត្រា ២១ ភាគរយ កាលពីលើកមុន។
សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ថៃ ដោយនៅឆ្នាំ ២០២៣ ការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិកមានចំនួន ៤៧,៩ ប៊ីលានដុល្លារ ឬស្មើនឹង ១៧,១ ភាគរយ នៃការនាំចេញសរុបរបស់ថៃ។
របាយការណ៍វិភាគដដែលបានលើកឡើងថា៖ «ឧបករណ៍អេឡិចត្រូនិក និងឧបករណ៍ទំនាក់ទំនង ដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន រំពឹងថានឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។ ទំនិញទាំងនេះ រួមចំណែកប្រហែល ២៥ ភាគរយ នៃការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិក ឬ ៤,៣ ភាគរយ នៃការនាំចេញសរុបរបស់ថៃ»។ ផលិតផលសំខាន់ៗដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលថៃជាអ្នកផ្គត់ផ្គង់ធំជាងគេទី២សម្រាប់សហរដ្ឋអាមេរិក មានភាពងាយរងគ្រោះជាងគេ។
លើសពីនេះ បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងគោលនយោបាយពាណិជ្ជកម្មរបស់ថៃ ទំនងជាធ្វើឱ្យដំណើរការនាំចេញរបស់ខ្លួនធ្លាក់ចុះ ចំពេលកំណើនហានិភ័យភូមិសាស្ត្រនយោបាយ និងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ ទំនិញចិន ដែលរងពន្ធរបស់អាមេរិក ក៏រំពឹងថា នឹងជន់លិចទីផ្សារថៃ ដោយធ្វើឱ្យរំខានដល់ផលិតកម្មក្នុងស្រុក និងការនាំចេញ។
ដើម្បីដោះស្រាយបញ្ហាប្រឈមសម្រាប់វិស័យនាំចេញ អ្នកស្រាវជ្រាវរបស់ ttb បានណែនាំរដ្ឋាភិបាលថៃឱ្យចរចាជាបន្ទាន់ជាមួយរដ្ឋបាល ត្រាំ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម (FTA) ផ្សេងៗ ដើម្បីឱ្យបានដូចវៀតណាម ដែលមាន FTA ជាមួយប្រទេសជាច្រើន ដើម្បីជាគោលដៅទីផ្សារជំនួស ។ គោលនយោបាយដែលមានគោលបំណងជួយដល់វិស័យឯកជន មានសារៈសំខាន់ក្នុងការលើកកម្ពស់ការប្រកួតប្រជែង និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស៕
The post ពន្ធរបស់ ត្រាំ អាចប៉ះពាល់ដល់ការនាំចេញរបស់ថៃទៅអាមេរិក រហូតដល់ ២៥ ភាគរយ appeared first on Kampuchea Thmey Daily.