បំណាក់ដីនៅប្រេស៊ីលសម្លាប់មនុស្ស១០នាក់
បំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់... The post បំណាក់ដីនៅប្រេស៊ីលសម្លាប់មនុស្ស១០នាក់ appeared first on Kampuchea Thmey Daily.
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post បំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់។
ភ្នាក់ងារជួយសង្គ្រោះក្នុងរដ្ឋ Minas Geraisបានឲ្យដឹងថាមនុស្ស ៩ នាក់បានស្លាប់នៅក្នុងទីក្រុង Ipatinga ដែលជាកន្លែងដែលមានភ្លៀងធ្លាក់កម្ពស់៨០ មីល្លិម៉ែត្រ រយៈពេលមួយម៉ោងកាលពីយប់ថ្ងៃសៅរ៍។ ក្នុងនោះមានសាកសពក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ដែលស្លាប់ក្រោម គំនរបាក់បែកផ្ទះដែលត្រូវបាក់ស្រុត។
លើសពីនេះក៏មានបំណាក់ដីមួយទៀតបានបំផ្លិចបំផ្លាញអ្វីៗគ្រប់យ៉ាងនៅតាមដងផ្លូវនៅម្ខាងនៃភ្នំមួយក្នុងសង្កាត់ Bethania។សាកសពមួយទៀតត្រូវបានគេរកឃើញផងដែរនៅក្នុងទីក្រុង Santana do Paraiso ក្បែរនោះ។ គិតត្រឹមល្ងាចថ្ងៃអាទិត្យ មនុស្សម្នាក់មកពីតំបន់នោះនៅតែបាត់ខ្លួននៅឡើយ ទោះបីជាសមាជិក៤ នាក់នៃគ្រួសាររបស់ជននោះត្រូវបានជួយសង្គ្រោះក៏ដោយ។
គួរបញ្ជាក់ថាប្រទេសដ៏ធំបំផុតរបស់អាមេរិកឡាទីននេះត្រូវបានអង្រួនដោយព្រឹត្តិការណ៍អាកាសធាតុអាក្រក់ជាច្រើនកាលពីឆ្នាំមុន។ ក្នុងនោះមានទឹកជំនន់ដ៏ធំដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានសម្លាប់មនុស្សជាង ១៨០នាក់នៅភាគខាងត្បូងនៃប្រទេសក្នុងខែមេសា និងឧសភា។
ប្រទេសប្រេស៊ីលក៏បានទទួលរងនូវគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ដោយបានបង្កឲ្យមានភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងរយៈពេល ១៧ឆ្នាំ ដែលបានលេបត្របាក់ព្រៃអាម៉ាហ្សូនអស់យ៉ាងច្រើនផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
The post បំណាក់ដីនៅប្រេស៊ីលសម្លាប់មនុស្ស១០នាក់ appeared first on Kampuchea Thmey Daily.