​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

ថៃប្រឈមមុខនឹងហេតុការណ៍ផ្ទួនៗគ្នាដែលនឹកស្មានមិនដល់​ជា​ច្រើន​​ក្នុងរយៈពេលចុង​ក្រោយ​នេះ... The post ​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​ appeared first on Kampuchea Thmey Daily.

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

នាយក​រដ្ឋមន្ត្រី ផែថងថាន ស៊ីណា​វ៉ាត្រា (Paetorngtarn Shinawatra) ​បាន​​និយាយថា ថៃប្រឈមមុខនឹងហេតុការណ៍ផ្ទួនៗគ្នាដែលនឹកស្មានមិនដល់​ជា​ច្រើន​​ក្នុងរយៈពេលចុង​ក្រោយ​នេះ ដូច​ជា​ហេតុការណ៍​ ដួលរលំ​បាក់​អគារ​ដោយការរញ្ជួយដី និងការប្រកាសដំឡើង​ពន្ធ​ពាណិជកជកម្មរបស់​សហរដ្ឋអាមេរិកជាដើម។ នេះ​​បើ​យោងតាម news.ch7 ផ្សាយថ្ងៃទី៦​ ខែ​មេសា​​ ២០២៥

នាយរដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា។ Ing Shinawatra

នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បាននិយាយថា ថៃបានជួបប្រឈមមុខនឹងហេតុការណ៍ផ្ទួនៗគ្នាដែលនឹកស្មានមិនដល់ ពោលគឺហេតុការណ៍ដួលរលំអគារការិយាល័យសវនកម្មរដ្ឋដោយសារការរញ្ជួយដីនៅក្រុងបាងកក និងការប្រកាសដំឡើងពន្ធ៣៦% លើផលិតផលថៃដែលនាំចូលសហរដ្ឋអាមេរិក។

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ ផែថងថាន បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីជំហររបស់រដ្ឋាភិបាលថៃចំពោះគោលនយោបាយដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដោយបានប្រគល់ភារកិច្ចនេះឱ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាអ្នកទទួលបន្ទុករៀបចំសំណើសុំការចរចាជាមួយសហរដ្ឋអាមេរិក ជាមួយការរំពឹងថា ថៃគឺជាសម្ព័ន្ធមិត្តនិងជាដៃគូពាណិជ្ជកម្មដែលគួរទុកចិត្តបានជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេលវែង។ ទន្ទឹមគ្នានេះ ថៃក៏ត្រូវបង្ក្រាបនូវរាល់មុខទំនិញដែលប្រើប្រាស់ឈ្មោះរបស់ប្រទេសថៃសម្រាប់ការនាំចេញ រួមទាំងរៀបចំការពង្រីកទីផ្សារនាំចេញថ្មីបន្ថែមទៀតផងដែរ។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៣ ខែមេ បានប្រកាសដំឡើងពន្ធក្នុងអត្រា៣៦% លើផលិតផលថៃដែលនាំចូលទៅសហរដ្ឋអាមេរិក ហើយប្រទេសជាច្រើនទៀតក៏កំពុងស្ថិតក្នុងស្ថានភាពដូចគ្នានេះផងដែរ។

នាយករដ្ឋមន្ត្រី ផែថងថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ ប្រទេសថៃបានប្រឈមមុខនឹងហេតុការណ៍ដែលនឹកស្មានមិនដល់ផ្ទួនៗគ្នា ទាំងហេតុការណ៍​រញ្ជួយដីដែលបាន​បង្ក​ការ​ខូច​ខាត​យ៉ាងធ្ងន់ធ្ងរ​ដល់អាយុ​ជីវិតនិង​ទ្រព្យ​សម្បត្តិ និង​ស្ថានភាព​ផ្លូវចិត្តរបស់​ប្រជាជនថៃ។ លោកស្រីថា រដ្ឋាភិបាលពិតជាយល់ច្បាស់អំពី​ឧបទ្ទវហេតុទាំងនេះ ហើយនឹងចាត់​វិធានការយ៉ាងម៉ឺងម៉ាត់លើគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ដើម្បីផ្តល់ជំនួយនិងសំណងចំពោះការខូចខាតដែលបានកើតឡើងនេះ រួមទាំងបញ្ហាការប្រកាសដំឡើងពន្ធ៣៦% លើផលិតផលថៃដែលនាំចេញទៅសហរដ្ឋអាមេរិកផងដែរ។

លោកស្រីថា វិធានការរបស់សហរដ្ឋអាមេរិកនេះ ពិតជាបានប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចេញរបស់ថៃ ជាពិសេសផលិតផលអេឡិចត្រូនិក អាហារកែច្នៃ និងផលិតផលកសិកម្ម។ ប៉ុន្តែទោះយ៉ាងណាលោកស្រីថា ថៃធ្លាប់បាន​ឆ្លង​កាត់​វិបត្តិជាតិជា​ច្រើនលើកមកហើយ ហើយថៃមានភាពសាមគ្គីគ្នាយ៉ាងល្អ ជួយគ្នាទៅវិញទៅមកដោយទឹក​ចិត្ត​សប្បុរសរវាងជនរួមជាតិ ដែលធ្វើឱ្យលោកស្រីមាន​ទំនុក​ចិត្ត​ថា ថៃពិតជាអាច​ឆ្លង​ផុត​វិបត្តិទាំង​នេះ​បាន។

ទន្ទឹមគ្នានេះ រដ្ឋាភិបាល​ថៃបាន​បង្កើត​ក្រុម​ការងារចំពោះកិច្ចមួយដើម្បីដោះស្រាយបញ្ហាទាំងនេះ ចាប់ពីថ្ងៃទី៦ ខែមេសាតទៅនឹងមានការពិភាក្សាជាមួយវិស័យឯកជននិងតំណាងរបស់សហរដ្ឋអាមេរិកអំពីសំណើផ្លូវការនិងក្រៅផ្លូវការរហូតដល់សប្តាហ៍ក្រោយដើម្បីសុំការចរចាជាមួយសហរដ្ឋអាមេរិក ដែលភាគីថៃដឹកនាំដោយលោក Pichai Chunhavajira ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។

នាយករដ្ឋមន្ត្រី ផែថងថាន បន្តថា អ្វី​ដែល​រដ្ឋាភិបាលថៃនឹង​ទាក់ទង​ទៅ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកនាពេលនេះ គឺក្នុងនាមថៃមិនមែនគ្រាន់តែជាប្រទេសនាំចេញទៅសហរដ្ឋអាមេរិកប៉ុណ្ណោះ​ទេ ប៉ុន្តែថៃក៏ជាសម្ព័ន្ធមិត្តនិងជាដៃគូសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រកបដោយភាពជឿជាក់យូរអង្វែងផងដែរ៕

ដោយ ភ្នាក់ងារ​​

The post ​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​ appeared first on Kampuchea Thmey Daily.