ទូតថៃនឹងដឹកនាំអ្នកធុរៈជនថៃពិនិត្យពីលទ្ធភាពវិនិយោគលើទីតាំងទេសចរណ៍សំខាន់ៗកម្ពុជា

ឯកអគ្គរដ្ឋទូតថៃប្រចាំកម្ពុជា លោក ធុល ត្រៃសូរ៉ាត់ បាន​ជម្រាបប្រធានសភាកម្ពុជាថានាពេលខាងមុខ​លោក​នឹង​រៀបចំគណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ចុះទស្សនកិច្ចជាក់ស្ដែងទៅកាន់គោលដៅវិនិយោគ និងទេសចរណ៍​សំខាន់ៗនៅកម្ពុជា។ The post ទូតថៃនឹងដឹកនាំអ្នកធុរៈជនថៃពិនិត្យពីលទ្ធភាពវិនិយោគលើទីតាំងទេសចរណ៍សំខាន់ៗកម្ពុជា appeared first on Kampuchea Thmey Daily.

ទូតថៃនឹងដឹកនាំអ្នកធុរៈជនថៃពិនិត្យពីលទ្ធភាពវិនិយោគលើទីតាំងទេសចរណ៍សំខាន់ៗកម្ពុជា

ឯកអគ្គរដ្ឋទូតថៃប្រចាំកម្ពុជា លោក ធុល ត្រៃសូរ៉ាត់ បាន​ជម្រាបប្រធានសភាកម្ពុជាថានាពេលខាងមុខ​លោក​នឹង​រៀបចំគណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ចុះទស្សនកិច្ចជាក់ស្ដែងទៅកាន់គោលដៅវិនិយោគ និងទេសចរណ៍​សំខាន់ៗនៅកម្ពុជា។ លោក​ថា​ការ​ពង្រឹងវិនិយោគរវាងថៃ និងកម្ពុជា​គឺ​ជា​គោលបំណងសំខាន់​មួយ​នៃ​អាណត្តិការងាររបស់​លោក។

ថ្លែងក្នុងជំនួបជាមួយប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី នៅព្រឹកថ្ងៃទី​២៨​ ខែមេសា ឆ្នាំ២០២៥​នេះ លោក ធុល ត្រៃសូរ៉ាត់ បាន​លើកឡើងថាខេត្ត​សៀមរាប និងខេត្ត​ជាប់​ព្រំដែនកម្ពុជា-ថៃគឺជាគោលដៅ​នៃ​ការ​ចុះ​ទស្សនកិច្ច​ទាំង​នោះ​។ ទោះ​ជាយ៉ាង​ណា​លោក​មិនទាន់​បញ្ជាក់​នូវពេល​វេលាជាក់លាក់ណាមួយ​នៅឡើយទេ។

ព្រះរាជាណាចក្រថៃជាប្រទេសឈរលេខរៀងទី៥ ក្នុងចំណោមប្រទេសដែលបានវិនិយោគនៅកម្ពុជា និងជាប្រទេសឈរលេខរៀងទី១ ដែលមានអ្នកទេសចរច្រើនជាងគេ មកទស្សនាកម្ពុជា។ កាលពីឆ្នាំ២០២៤ អ្នកទេសចរថៃចំនួន២លាននាក់ បានធ្វើដំណើរមកកម្ពុជា ខណៈអ្នកទេសចរកម្ពុជាជាង៥សែននាក់ បានធ្វើដំណើរទៅកាន់ប្រទេសថៃ។

លោក ធុល ត្រៃសូរ៉ាត់ ជឿជាក់ថាការភ្ជាប់ទំនាក់ទំនងដ៏ល្អរវាងប្រជាជននៃប្រទេសកម្ពុជា-ថៃ នឹងអាចលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យសម្រេចបាននូវគោលដៅរំពឹងទុកគឺ ១៥ពាន់លានដុល្លារ។

ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី បាន​ស្វាគមន៍​ចំពោះ​ផែនការបេសកម្មការទូតរបស់លោក ធុល ត្រៃសូរ៉ាត់ និង​បញ្ជាក់ថារដ្ឋសភាកម្ពុជាគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងឡាយណាដែលផ្ដល់ប្រយោជន៍​ដល់​ប្រជាជន និងប្រទេស​ទាំង​ពីរ​។ ក្នុងនោះ​ដែរសម្ដេច​ក៏​បាន​រំលឹកពី «គោលដៅទេសចរណ៍​៦ប្រទេស ទិសដៅតែមួយ» ដែល​សំដៅ​មិន​ត្រឹមតែ​សម្រាប់​ប្រទេស​កម្ពុជា-ថៃប៉ុណ្ណោះទេ តែសម្រាប់តំបន់ និង​ដើម្បី​កំណើនរួម​ផងដែរ។

គំនិត​ផ្ដួចផ្ដើមគោលដៅទេសចរណ៍៦ប្រទេស​ ទិសដៅតែមួយ​ ជាគំនិតផ្ដួចផ្ដើម​របស់​ប្រទេស​ថៃ​ក្នុងការ​ជំរុញ​ទេសចរណ៍ឆ្លង​ព្រំដែន​ ថៃ សឹង្ហបុរី កម្ពុជា ម៉ាឡេសី វៀតណាម និងប្រទេស​៦ទៀតនៅ​តំបន់​អាស៊ាន។

ក្នុងសន្និសីទសារព័ត៌មាន​រួម​គ្នា​ក្នុងដំណើរទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កាលពីថ្ងៃទី២៣ ខែ​មេសា កន្លងទៅនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់វិនិយោគគិន និងធុរជនថៃចំពោះ​ទំនុកចិត្ត និង​ការ​សម្រេច​ចិត្ត​បណ្ដាក់ទុន​វិនិយោគនៅកម្ពុជា ក្នុងនោះក៏បញ្ជាក់ពី​ការ​ប្ដេជ្ញាចិត្តក្នុងក្របខណ្ឌ ប្រទេស៦​គោលដៅ​តែ១នេះផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ទូតថៃនឹងដឹកនាំអ្នកធុរៈជនថៃពិនិត្យពីលទ្ធភាពវិនិយោគលើទីតាំងទេសចរណ៍សំខាន់ៗកម្ពុជា appeared first on Kampuchea Thmey Daily.