ទីផ្សារពស់ចាន់ល្មម នៅតែអាចលក់បានថ្លៃ និងមានតម្រូវការខ្ពស់
ទីផ្សារចិញ្ចឹមពស់ចាន់ល្មម បច្ចុប្បន្ននៅតែអាចលក់បានថ្លៃ និងមានតម្រូវការខ្ពស់ គ្រាន់តែមិនសូវសម្បូរអ្នកចិញ្ចឹម ខណៈការចំណាយដើមទុនច្រើន... The post ទីផ្សារពស់ចាន់ល្មម នៅតែអាចលក់បានថ្លៃ និងមានតម្រូវការខ្ពស់ appeared first on Kampuchea Thmey Daily.

ទីផ្សារចិញ្ចឹមពស់ចាន់ល្មម បច្ចុប្បន្ននៅតែអាចលក់បានថ្លៃ និងមានតម្រូវការខ្ពស់ ប៉ុន្តែពុំសូវសម្បូរអ្នកចិញ្ចឹមច្រើនឡើយ ដោយសារតែការចំណាយដើមទុនច្រើន និងប្រើរយៈពេលចិញ្ចឹមយូរជាងការចិញ្ចឹមសត្វផ្សេងៗ។

ជាម្ចាស់កសិដ្ឋានចិញ្ចឹមពស់ចាន់ល្មម ស្ថិតនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី លោក ហាច ឆេង បានប្រាប់ កម្ពុជាថ្មី ថា មុខរបរចិញ្ចឹមពស់ចាន់ល្មម ក្នុងកសិដ្ឋានរបស់លោក បានចាប់ផ្ដើមវាឡើងតាំងពីឆ្នាំ ២០២១ មកម្ល៉េះ។ លោកបន្តថា ជំនាន់ឆ្នាំ២០២១ ទីផ្សារពស់ចាន់ល្មម ហាក់មានតម្រូវការខ្ពស់ មិនចាញ់ទីផ្សារនាពេលបច្ចុប្បន្ន នោះឡើយ។

លោក ហាច ឆន បានប្រាប់ឱ្យដឹងទៀតថា ពស់ចាន់ល្មម វាមានរសជាតិឆ្ងាញ់ និងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរាងកាយមនុស្សទូទៅដូចជា៖ សម្បូរទៅដោយសារជាតិប្រូតេអ៊ីនខ្ពស់ ជួយសម្រួលទៅដល់ប្រពន្ធ័សរសៃ ប្រសាទបានល្អ សម្បូរទៅ ដោយវិតាមីនអា វិតាមីនឌី ជំនួយដល់ភ្នែក និងជំនួយទៅដល់សុខភាពរាងកាយស្រ្តីឱ្យមានសុខភាពល្អរឹងមាំ ថែមទៀតផង។

ដោយឡែក ទាក់ទងនឹងការចិញ្ចឹមវិញ កសិដ្ឋាន៤០០ របស់លោក ហាច ឆន បានចិញ្ចឹមពស់ចាន់ល្មម ទៅតាមរដូវកាល ខណៈប្រភេទពស់នេះត្រូវប្រើរយៈពេលចិញ្ចឹមចាប់ពី ៦ ទៅ ៧ ខែ ទើបអាចចាប់លក់បាន ដោយពស់ខ្លះមានទម្ងន់ ១គីឡូកា្រម ទៅជិត ២គីឡូក្រាម ចំណែកតម្លៃវិញ អាចលក់បានជាង៣០ដុល្លារ ចាប់ពី១គីឡូក្រាមឡើងទៅ តាមតម្រូវការជាក់ស្ដែង។

ចំពោះទីផ្សារលក់ចេញ លោក ហាច ឆេង បានឱ្យដឹងទៀតដែរថា ប្រភេទពស់ចាន់ល្មម មិនត្រឹមតែលក់បានទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ តែវាអាចលក់បានទៅកាន់ទីផ្សារប្រទេសចិន និងវៀតណាម ពិសេសស្របពេលដែលមានកំណើនជនជាតិចិន មករស់នៅក្នុងប្រទេសកម្ពុជាទៀត ទីផ្សារពស់ចាន់ល្មមងាយស្រួលលក់ចេញ ក្រោយពីការចិញ្ចឹមអស់រយៈពេលជិត៨ខែរួចមក។

ម្ចាស់កសិដ្ឋានរូបនេះ បានបង្ហើបឱ្យដឹងទៀតថា ទីផ្សារពស់ចាន់ល្មម បច្ចុប្បន្ននៅតែមានតម្រូវការខ្ពស់ ប៉ុន្តែមិនសូវមានអ្នកចិញ្ចឹម ខណៈត្រូវចំណាយដើមទុនច្រើន និងពេលវេលាយូរ ហេតុនេះទើបធ្វើឱ្យការផ្គត់ផ្គង់មានទាន់គ្រប់គ្រាន់សម្រាប់អ្នកបរិភោគ៕
អត្ថបទ ៖ សួស សិត
The post ទីផ្សារពស់ចាន់ល្មម នៅតែអាចលក់បានថ្លៃ និងមានតម្រូវការខ្ពស់ appeared first on Kampuchea Thmey Daily.