ទីក្រុងដែលី ប្រកាសបិទសាលាបឋមទាំងអស់ ដោយសារខ្យល់ពុល
នៅថ្ងៃសុក្រទី១៥ខែវិច្ឆិកាឆ្នាំ២០២៤ ប្រទេសឥណ្ឌាបានប្រកាសបិទសាលាបឋមទាំងអស់ ក្នុងទីក្រុងដែលី ដោយសារតែគុណភាពខ្យល់ កាន់តែអាក្រក់ទៅៗ... The post ទីក្រុងដែលី ប្រកាសបិទសាលាបឋមទាំងអស់ ដោយសារខ្យល់ពុល appeared first on Kampuchea Thmey Daily.
នៅថ្ងៃសុក្រទី១៥ខែវិច្ឆិកាឆ្នាំ២០២៤ ប្រទេសឥណ្ឌាបានប្រកាសបិទសាលាបឋមទាំងអស់ ក្នុងទីក្រុងដែលី ដោយសារតែគុណភាពខ្យល់ កាន់តែអាក្រក់ទៅៗ។
នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គម X អភិបាលក្រុងលោក Atishi Marlena Singh និយាយថា សិស្សទាំងឡាយនឹងត្រូវរៀនតាមអនឡាញសិន រហូតដល់មានការជូនដំណឹងបន្ថែម ព្រោះតែផ្សែងអ័ព្ទក្រាស់កំពុងគ្របដណ្តប់រដ្ឋធានី។
រដ្ឋធានីដែលីនិងទីក្រុងក្បែរៗនោះ កំពុងជួបប្រទះកម្រិតខ្យល់ពុល ដែលមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស ដោយកាលពីថ្ងៃព្រហស្បតិ៍ សារធាតុភាគល្អិតនៅក្នុងអាកាស បានឈានដល់កម្រិតគ្រោះថ្នាក់ លើសការកំណត់របស់ WHO រហូតដល់ទៅ៥០ដងឯណោះ។
ជារៀងរាល់ឆ្នាំ ទីក្រុងដែលី និងបណ្តារដ្ឋភាគខាងជើង តែងប្រឈមមុខនឹងផ្សែងអ័ព្ទក្នុងរដូវរងា ដោយសារតែសីតុណ្ហភាពធ្លាក់ចុះ ផ្សែង ធូលី ល្បឿនខ្យល់ទាប ការបំភាយយានយន្ត និងការដុតបំផ្លាញដំណាំ។
យោងតាម IQAir ដែលជាក្រុមត្រួតពិនិត្យសន្ទស្សន៍គុណភាពខ្យល់ (AQI) មានមូលដ្ឋាននៅប្រទេសស្វីស បានឲ្យដឹងថា ជាមធ្យម ទីក្រុងដែលី មាន PM 2.5 ប្រមាណ ២៥៤មីក្រូក្រាម ក្នុងមួយម៉ែត្រគូបនៃខ្យល់កាលពីថ្ងៃព្រហស្បតិ៍។
សូម្បីតែអ្នកក្រុងដែលី ក៏ត្អូញត្អែរថា ពួកគេក្រហាយភ្នែក និងពិបាកដកដង្ហើមដែរ ដោយសារតែគុណភាពខ្យល់ដ៏គ្រោះថ្នាក់នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
The post ទីក្រុងដែលី ប្រកាសបិទសាលាបឋមទាំងអស់ ដោយសារខ្យល់ពុល appeared first on Kampuchea Thmey Daily.