ទិវាពលកម្ម ៖ សហជីព​ពេញ​ចិត្ត​ការ​ផ្ដល់​ពាន​រង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

សហជីពនៅកម្ពុជា បាន​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាលក្នុងការផ្តល់ពានរង្វាន់ "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ" The post ទិវាពលកម្ម ៖ សហជីព​ពេញ​ចិត្ត​ការ​ផ្ដល់​ពាន​រង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” appeared first on Kampuchea Thmey Daily.

ទិវាពលកម្ម ៖ សហជីព​ពេញ​ចិត្ត​ការ​ផ្ដល់​ពាន​រង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

ភ្នំពេញ ៖ សហជីពនៅកម្ពុជា បាន​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាលក្នុងការផ្តល់ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលជាមធ្យោបាយគន្លឹះក្នុងការរក្សាកំណើនការងារ និងផលិតភាពខ្ពស់ជូនកម្មករនិយោជិត និង​រោងចក្រ​សហគ្រាស ដែល​ជា​សារ​ដ៏​សំខាន់​ក្នុង​ស្មារតី​នៃ​ទិវាពលកម្ម​អន្តរជាតិនៅថ្ងៃទី១ ខែឧសភា។

លោក សំ សឿន ប្រធាន​សហជីពពលកម្មជាតិ​កម្ពុជា(NLC)បានថ្លែងថា “ខ្ញុំសូមចូលរួមអបអរសាទរចំពោះការផ្ដល់ពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដែលជាស្មារតីដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិការងារ ហើយ​ស្រប​ទៅ​នឹង​កិច្ច​ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យការងារ”។

លោក​បាន​សង្កត់ធ្ងន់ទៅលើការកែប្រែយ៉ាងច្រើន​តាម​រយៈ​ការ​ចូលរួម​អនុវត្តច្បាប់ និង​លើក​ទឹក​ចិត្ត​បន្ថែម​ពង្រីកវិសាលភាពនៃសុខដុមនីយកម្មក្នុងវិស័យការងារឱ្យកាន់តែល្អប្រសើរថែមទៀត។ ក្រោយពីមានការផ្ដួចផ្ដើមឱ្យមានកម្មវិធីនេះ មាន​រោងចក្រ​សហគ្រាស​ជា​ច្រើន​បង្ហាញពីចេតនាចង់ចូលរួមក្នុងការប្រកួតប្រជែងដណ្ដើមពានរង្វាន់នេះ។

លោក សំ សឿន បាន​លើក​ទឹក​ចិត្តឱ្យម្ចាស់រោងចក្រសហគ្រាស​នៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ​ចូលរួមឱ្យកាន់តែច្រើនថែមទៀត ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធីនេះ។ ជាពិសេសលើកកម្ពស់សិទ្ធិការងារនៅកម្ពុជាឱ្យកាន់តែមានស្ដង់ដារខ្ពស់ក្នុងការប្រកួតប្រជែងគុណភាពជាមួយប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ី។

ចំណែកលោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) បានលើកឡើងថា “ក្នុង​នាមតំណាងសហជីព និងកម្មករនៅកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ក្នុងការផ្ដល់ពានរង្វាន់ក្នុងកម្មវិធីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”។

លោក​បន្ត​ថា “ខ្ញុំគាំទ្រពេញទំហឹងចំពោះកម្មវិធីនេះ ព្រោះ​មាន​សារៈសំខាន់​ខ្លាំងណាស់ក្នុងការលើកកម្ពស់សិទ្ធិការងារ ជួយ​សម្របសម្រួល​ការ​លំបាក​របស់​បងប្អូនកម្មករនិយោជិតបានច្រើន ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​សហគ្រាសតាមរយៈការយកចិត្តទុកដាក់របស់ថៅកែរោងចក្រក្នុងការកែប្រែលក្ខខណ្ឌខ្លះឱ្យស្របតាមការកំណត់របស់គណៈកម្មការវាយតម្លៃនៃកម្មវិធីផ្ដល់ពានរង្វាន់នេះ”។

ក្រោយ​ពី​មាន​កម្មវិធីផ្ដល់ពានរង្វាន់នេះ លោក ចាន់សំណាង បានកត់សម្គាល់ឃើញថា ម្ចាស់រោងចក្រសហគ្រាសនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងផលិតកាបូប បានកែសម្រួលលក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិត កែសម្រួលបរិស្ថានក្នុងរោងចក្រ និងធ្វើកំណែទម្រង់ជាច្រើន ដើម្បី​ឱ្យ​ស្រប​តាម​លក្ខន្តិកៈ​នៃកម្មវិធី “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា នៅក្នុងដំណាក់កាលលើកដំបូងនេះ មានរោងចក្រសហគ្រាសចំនួន៣៦ ត្រូវបានគណៈកម្មការវាយតម្លៃ និងជ្រើសរើសឱ្យទទួលពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ប្រចាំឆ្នាំ២០២៥។

សហគ្រាសចំនួន៣៦ ត្រូវបានគណៈកម្មការវាយតម្លៃ និងជ្រើសរើសឱ្យទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៥នោះរួមមាន សហគ្រាសផ្នែកកាត់ដេរសម្លៀកបំពាក់ចំនួន ១៥, ផ្នែកផលិតស្បែកជើងចំនួន៤, ផ្នែកផលិតផលិតផលធ្វើ ដំណើរនិងកាបូបចំនួន៣, ផ្នែកអេឡិចត្រូនិកចំនួន ៤, សេវាកម្មហិរញ្ញវត្ថុចំនួន ៥, ឧស្សាហកម្មទេសចរណ៍ចំនួន ៣, ផ្នែកបង្គុំរថយន្តចំនួន ១ និងផ្នែកផ្សារទំនើបចំនួន១ផងដែរ។

ពានរង្វាន់ត្រូវបានបែងចែកជា ៣ប្រភេទដូចជា ពានមាស ផ្តល់ជូនសហគ្រាសចំនួន ២២សហគ្រាស ដែលនឹងត្រូវទទួលបានការលើកលែងការចុះអធិការកិច្ចការងារសាមញ្ញ​រយៈ​ពេល ៣ឆ្នាំ ក្នុង​ករណី​មិន​មាន​បណ្ដឹង។ ពានប្រាក់ ផ្តល់ជូនសហគ្រាសចំនួន ៥សហគ្រាស ដែលនឹងត្រូវទទួលបានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល ២ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង។

ចំណែកពានសំរឹទ្ធ ផ្តល់ជូនសហគ្រាសចំនួន ៩សហគ្រាស ដែលនឹងត្រូវទទួលបានការលើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល ១ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង។

សូម​ជម្រាប​ថា “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” គឺ​ផ្ដួចផ្ដើម​ចេញ​ពី​ការ​អនុវត្តអនុសាសន៍រួមគ្នារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអំឡុងពេលចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតកាលពីឆ្នាំ២០២៣នាពេល​កន្លងទៅ៕

The post ទិវាពលកម្ម ៖ សហជីព​ពេញ​ចិត្ត​ការ​ផ្ដល់​ពាន​រង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” appeared first on Kampuchea Thmey Daily.