សមាជិកសភាជប៉ុន ថា ក្រុមហ៊ុនជប៉ុនជាច្រើនទៀតកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

សមាជិករដ្ឋសភាជប៉ុន លើកឡើងថា ក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែម​ទៀត​កំពុងចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា The post សមាជិកសភាជប៉ុន ថា ក្រុមហ៊ុនជប៉ុនជាច្រើនទៀតកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា appeared first on Kampuchea Thmey Daily.

សមាជិកសភាជប៉ុន ថា ក្រុមហ៊ុនជប៉ុនជាច្រើនទៀតកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែម​ទៀត​កំពុងចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ នេះជាការលើកឡើងរបស់សមាជិករដ្ឋសភាជប៉ុន នៅចំពោះមុខនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេធិបតី ហ៊ុន ម៉ាណែត នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។

លោក និស៊ិមឹរ៉ា យ៉ាសឹតុស៊ិ (NISHIMURA Yasutoshi) សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លើកឡើងថា កម្ពុជា ជាប្រទេសប្រកបដោយសក្ដានុពល ជាពិសេស​លើផលិតផលកសិកម្ម ដែលអាចកែច្នៃសម្រាប់បម្រើដល់ការនាំចេញ និងកម្លាំងពលកម្ម ដែលខិតខំប្រឹងប្រែង​ និងមានជំនាញដ៏ប៉ិនប្រសប់ក្នុងការផលិតផលិតផលនានាប្រកបដោយគុណភាព​ ដែលការណ៍នេះនឹងអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកណ្ដាលមួយរបស់អាស៊ាន។

សក្ដានុពលរបស់កម្ពុជានេះហើយ គឺបានទាក់ទាញក្រុមហ៊ុនជប៉ុនធំៗជាច្រើនមកវិនិយោគនៅកម្ពុជា ដូចជា ក្រុមហ៊ុន Toyota, AEON,​ និង Minebea ជាដើម ខណៈពេលដែលមានក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែមទៀត​ចាប់អារម្មណ៍ក្នុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ភ្ជាប់នឹងការលើកឡើងនេះ លោកសមាជិករដ្ឋសភា ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជួយកៀរគរ ជំរុញ និងលើកទឹកចិត្តវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ក្នុងជំនួបនេះដែរ លោកសមាជិករដ្ឋសភាជប៉ុន បានសម្ដែងនូវក្ដីរីករាយ ដែលបានមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា នាគ្រប់ឱកាសដែលឯកឧត្តមមកទស្សនកិច្ចកម្ពុជា។ លោកបានបង្ហាញនូវការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងជប៉ុន-កម្ពុជា ដែលកាន់តែមានភាពរីកចម្រើន និងសកម្មបន្ថែមទៀត។

លោក​សមាជិករដ្ឋសភា ក៏បាន​គូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ​ លើវិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងក្របខ័ណ្ឌកងកម្លាំងថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងសកម្មភាពបោសសម្អាតមីន ព្រមទាំងការបណ្ដុះបណ្ដាលលើការបោសសម្អាតមីនមនុស្សធម៌។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកនៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងនេះ នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត។

សម្ដេចបវរធិបតី ក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងស្វ័យការពារជប៉ុន ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈកម្លាំងថែរក្សាសន្តិភាពរបស់ជប៉ុន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវសសរស្ដម្ភនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលនឹងចូលរួមចំណែកពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតី បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន នៅក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងលើកទឹកចិត្តដល់វិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕

The post សមាជិកសភាជប៉ុន ថា ក្រុមហ៊ុនជប៉ុនជាច្រើនទៀតកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា appeared first on Kampuchea Thmey Daily.