ថៃសង្គ្រោះជនរងគ្រោះ៦១នាក់ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា
មនុស្សប្រហែល ៦១ នាក់ដែលត្រូវបានបោកបញ្ឆោតដោយ call-center ឱ្យទៅធ្វើការនៅប្រទេសមីយ៉ាន់ម៉ាត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ... The post ថៃសង្គ្រោះជនរងគ្រោះ៦១នាក់ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.

មនុស្សប្រហែល៦១នាក់ដែលត្រូវបានបោកបញ្ឆោតដោយ call-center ឱ្យទៅធ្វើការនៅព្រំដែនក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រឡប់ទៅប្រទេសថៃវិញកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយរបស់ The Nation នៅថ្ងៃទី០៧ខែកុម្ភៈនេះ។

ជនរងគ្រោះទាំងនោះត្រូវបានជួយសង្គ្រោះពីអគារ Shwe Kokko ក្នុងទីក្រុង Myawaddy រួមមានជនជាតិចិនចំនួន ៣៩នាក់, ជនជាតិឥណ្ឌា១៣នាក់, កាហ្សាក់ស្ថាន១នាក់, ឥណ្ឌូណេស៊ី៥នាក់, អេត្យូពីម្នាក់, ប៉ាគីស្ថានម្នាក់ និងម៉ាឡេស៊ីម្នាក់។
កងឆ្មាំព្រំដែនមីយ៉ាន់ម៉ាបានប្រគល់ពួកគេទៅឲ្យអាជ្ញាធរថៃនៅស្ពានថៃ-មីយ៉ាន់ម៉ាទី២ ក្នុងស្រុក Mae Sot ខេត្ត Tak។ ពួកគេត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការពារជាតិថៃ Phumtham Wechayachai ដែលធ្វើដំណើរទៅត្រួតពិនិត្យនៅតំបន់ព្រំដែន។
ក្រោយមក ពួកគេបានឆ្លងកាត់ការត្រួតពិនិត្យដោយការិយាល័យអន្តោប្រវេសន៍ ដើម្បីកំណត់ថាតើពួកគេជាអ្នករងគ្រោះពីការជួញដូរ និងថាតើពួកគេមានទំនាក់ទំនងជាមួយបណ្តាញជួញដូរមនុស្សដែរឬទេ។

លោក Phumtham បាននិយាយថាជនរងគ្រោះទាំង៦១នាក់ទទួលសេរីភាពឡើងវិញហើយ ប៉ុន្តែពួកគេត្រូវឆ្លងកាត់ការពិនិត្យ និងស៊ើបអង្កេត ព្រោះអាជ្ញាធរត្រូវស្វែងយល់ពីរបៀបដែលពួកគេបានចូលប្រទេស ឆ្លងកាត់ផ្លូវណា រយៈពេលប៉ុន្មានដែលពួកគេធ្វើការទៅទីនោះ និងបានជំរុញឱ្យជនរងគ្រោះផ្តល់ព័ត៌មានឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។
លោក Phumtham ក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលថៃកំពុងវាយតម្លៃផលប៉ះពាល់នៃការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាកការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ចំនួនបីក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានបណ្តាញឧក្រិដ្ឋកម្មដំណើរការឆ្លងកាត់ព្រំដែនពីខេត្ត Tak, Kanchanaburi និង Chiang Rai ។
ការផ្អាកការផ្គត់ផ្គង់អគ្គិសនីនេះបានចាប់ផ្តើមកាលពីថ្ងៃពុធ ដើម្បីគម្រាមឲ្យមីយ៉ាន់ម៉ាមានវិធានការដោះស្រាយបញ្ហាក្រុមជនឆបោកនៅតាមព្រំដែនទាំងនេះ។ ប៉ុន្តែយ៉ាងណាខាងមីយ៉ាន់ម៉ាហាក់កំពុងចង់ទិញអគ្គិសនីពីខាងប្រទេសឡាវ ហើយប្រទេសថៃក៏គ្មានអាជ្ញាធរក្នុងការទប់ស្កាត់ប្រតិបត្តិការបែបនេះដែរ៕


អត្ថបទ៖ ប៊ុន សុភាព
The post ថៃសង្គ្រោះជនរងគ្រោះ៦១នាក់ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.