បទវិភាគ៖ “ភាពសន្ទុះខាងព្រិលទឹកកក” របស់ចិនបានផ្តល់ឱកាសកាន់តែច្រើនដល់ពិភពលោក
យប់ថ្ងៃទី៧ ខែកុម្ភៈ ការប្រកួតកីឡាអាស៊ីរដូវរងាលើកទី៩ បានសម្ពោធបើកនៅក្រុង Harbin ខេត្ត Hei Longjiang ប្រទេសចិន ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនបានភ្ញាក់ផ្អើលចំពោះធាតុផ្សំខាងវប្បធម៌ និងបច្ចេកវិទ្យាដ៏សប្បូរបែបក្នុងពិធីបើក ដោយវាយតម្លៃថា បានស្វែងយល់ពីភាពស្រស់ស្អាតនៃវប្បធម៌ប្រជាជាតិចិននិងកម្លាំងរបស់អាស៊ីសម្រាប់ពួតដៃគ្នាឆ្ពោះទៅមុខ ។ នេះជាព្រឹតិ្តការណ៍ប្រកួតកីឡាលើព្រិលទឹកកកអន្តរជាតិដ៏ចម្រុះនិងធំដែលប្រទេសចិនរៀបចំធ្វើជាថ្មីម្តងទៀត បន្ទាប់ពីការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ។ ព្រឹតិ្តការណ៍ដ៏ឱឡារិកលើកនេះបានទាក់ទាញអត្តពលិកចំនួនជាង១២៧០នាក់ នៃប្រទេសនិងតំបន់ចំនួន៣៤ មកចុះឈ្មោះចូលរួមការប្រកួត ចំនួនប្រទេសនិងតំបន់ ហើយនិងចំនួនអត្តពលិកសុទ្ធតែបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។ នៅថ្ងៃទី៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូងនៃការប្រកួតកីឡាអាស៊ីរដូវរងាលើកនេះ គណៈប្រតិភូកីឡាចិនទទួលបានមេដាយមាស ៨គ្រឿន មេដាយប្រាក់ ៨គ្រឿង និងមេដាយសំរឹទ្ធិ៤គ្រឿង ដែលឈរនៅលេខរៀងទីមួយក្នុងតារាងមេដាយមាសនិងតារាង

យប់ថ្ងៃទី៧ ខែកុម្ភៈ ការប្រកួតកីឡាអាស៊ីរដូវរងាលើកទី៩ បានសម្ពោធបើកនៅក្រុង Harbin ខេត្ត Hei Longjiang ប្រទេសចិន ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនបានភ្ញាក់ផ្អើលចំពោះធាតុផ្សំខាងវប្បធម៌ និងបច្ចេកវិទ្យាដ៏សប្បូរបែបក្នុងពិធីបើក ដោយវាយតម្លៃថា បានស្វែងយល់ពីភាពស្រស់ស្អាតនៃវប្បធម៌ប្រជាជាតិចិននិងកម្លាំងរបស់អាស៊ីសម្រាប់ពួតដៃគ្នាឆ្ពោះទៅមុខ ។

នេះជាព្រឹតិ្តការណ៍ប្រកួតកីឡាលើព្រិលទឹកកកអន្តរជាតិដ៏ចម្រុះនិងធំដែលប្រទេសចិនរៀបចំធ្វើជាថ្មីម្តងទៀត បន្ទាប់ពីការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ។ ព្រឹតិ្តការណ៍ដ៏ឱឡារិកលើកនេះបានទាក់ទាញអត្តពលិកចំនួនជាង១២៧០នាក់ នៃប្រទេសនិងតំបន់ចំនួន៣៤ មកចុះឈ្មោះចូលរួមការប្រកួត ចំនួនប្រទេសនិងតំបន់ ហើយនិងចំនួនអត្តពលិកសុទ្ធតែបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។

នៅថ្ងៃទី៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូងនៃការប្រកួតកីឡាអាស៊ីរដូវរងាលើកនេះ គណៈប្រតិភូកីឡាចិនទទួលបានមេដាយមាស ៨គ្រឿន មេដាយប្រាក់ ៨គ្រឿង និងមេដាយសំរឹទ្ធិ៤គ្រឿង ដែលឈរនៅលេខរៀងទីមួយក្នុងតារាងមេដាយមាសនិងតារាងមេដាយ ។ អ្នកវិភាគបានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ កីឡារដូវរងារបស់ចិនទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រជាជនចិនចំនួនលើសពី៣រយលាននាក់បានចូលរួម ដែលបានលើកកម្ពស់យ៉ាងលេចធ្លោនូវកម្រិតប្រកួតនៃកីឡាលើព្រិលទឹកកក ។ លោក Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិសម្គាល់ឃើញថា ការប្រកួតកីឡាអាស៊ីរដូវរងានៅក្រុង Harbin មិនត្រឹមតែជាការបន្តវេនសម្បតិ្តបេតិកភណ្ឌនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់កម្លាំងចលករជាបន្តបន្ទាប់ដល់ការអភិវឌ្ឍកីឡារដូវរងារបស់ចិន រហូតដល់ពិភពលោកផងដែរ ។
ក្នុងនាមជាទ្វីបដែលមានទំហំផ្ទៃដីធំជាងគេ និងមានប្រជាជនច្រើនជាងគេលើទូទាំងពិភពលោក ក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ ទ្វីបអាស៊ីទទួលបានការអភិវឌ្ឍខាងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយបានក្លាយជាតំបន់ដែលមានការរួមចំណែកធំបំផុតដល់កំណើនសេដ្ឋកិច្ចសកល ។ បច្ចុប្បន្ននេះ ពិភពលោកបាននិងកំពុងស្ថិតក្នុងបម្រែបម្រួលនិម្មាបនកម្មដ៏ខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ការប្រកួតខាងភូមិសាស្ត្រនយោបាយមានភាពកាន់តែខ្លាំងឡើងៗ ឯកតោភាគីនិយមនិងការពារនិយមក៏មានភាពកាន់តែធ្ងន់ធ្ងរផងដែរ ។ ការអភិវឌ្ឍរបស់អាស៊ីនៅពេលអនាគតមានកម្លាំងរស់រវើកផង ហើយក៏ប្រឈមនិងការសាកល្បងផងដែរ ។ ក្នុងបរិបទបែបនេះ ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងានៅក្រុង Harbin ធ្វើឡើងក្រោមប្រធានបទ “ព្រិលទឹកកកបង្កប់នូវក្ដីស្រម៉ៃរួមគ្នា អាស៊ីរួមចិត្តតែមួយ” គឺមានសារសំខាន់ណាស់ ដែលផ្ទុកនូវបំណងប្រាថ្នា និងការស្វែងរករួមគ្នារបស់ប្រជាជនអាស៊ីចំពោះសន្តិភាព ការអភិវឌ្ឍ និងសាមគ្គីភាព ។
ពីការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដល់ការប្រកួតកីឡាអាស៊ីរដូវរងានៅក្រុង Harbin ដោយសារទទួលបានផលប្រយោជន៍ពីគោលនយោបាយចំគោលដៅរបស់រដ្ឋាភិបាលចិន និងឧត្តមភាពប្រភពធនធានក្នុងតំបន់ ឧស្សាហកម្មព្រិលទឹកកករបស់ចិនបាននិងកំពុងប្រែពីប្រភពធនធាន “ត្រជាក់”ក្លាយទៅជាឧស្សាហកម្ម “ចំណុចក្តៅ” ដែលបានជំរុញការអភិវឌ្ឍនៃខ្សែសង្វាក់ឧស្សាហកម្មទាំងមូល ក្នុងនោះបូករួមទាំងកីឡាលើព្រិលទឹកកក វប្បធម៌ព្រិលទឹកកក ឧបករណ៍ព្រិលទឹកកក និងទេសចរណ៍ព្រិលទឹកកក ដែលបានបកស្រាយដ៏រស់រវើកអំពី“ព្រិលទឹកកកក៏ជាភ្នំមាសនិងភ្នំប្រាក់ផងដែរ” ។
បច្ចុប្បន្ននេះ យោងតាមការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិនរយៈពេល២៤០ម៉ោង “ការណាត់គ្នាជាមួយព្រិលទឹកកក”បានទាក់ទាញភ្ញៀវបរទេសកាន់តែច្រើនឡើងៗ ដែលបានបំពេញបន្ថែមកម្លាំងចលករថ្មីដល់ទីផ្សារទេសចរណ៍ពិភពលោកទាំងមូល ។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ ក្រុង Harbin ទទួលបានភ្ញៀវទេសចរសរុប១២លាន ១សែន៥ម៉ឺននាក់ និងសម្រេចបាននូវប្រាក់ចំណូលខាងទេសចរណ៍ចំនួនជាង ១៩ពាន់លានយាន់ប្រាក់ចិន ។តាមការប៉ានប្រមាណ ដល់ឆ្នាំ២០៣០ ទំហំសរុបនៃសេដ្ឋកិច្ចព្រិលទឹកកករបស់ចិន នឹងឡើងដល់១,៥ទ្រីលានយាន់ប្រាក់ចិន ។
ព្រមពេលជាមួយគ្នានេះ ការប្រកួតកីឡាអាស៊ីរដូវរងាលើកនេះក៏បានក្លាយជាវេទិកាសម្រាប់ជំរុញការផ្លាស់ប្តូរនិងរៀនសូត្រគ្នាទៅវិញទៅមករវាងវប្បធម៌អាស៊ីដែរ ។ ដោយមកពីចំពេលបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិន នៅតាមវិថីតូចធំនៃក្រុង Harbin តុក្កតាសិរីបង្គលរបស់ការប្រកួតកីឡាអាស៊ីរដូវរងាឈ្មោះ “ពីងពីង”និង “នីនី”
ចង្កៀងទឹកកកនិងចម្លាក់ទឹកកកដែលពោពេញទៅដោយបរិយាកាសដ៏សប្បាយរីករាយនិងសិរីមង្គលនៃបុណ្យចូលឆ្នាំថ្មីចិន បានឆ្លុះបញ្ឆាំងពីខ្លឹមសារដ៏ស៊ីជម្រៅនិងភាពសម្បូរបែបរបស់វប្បធម៌ចិន ។
ការរៀបចំធ្វើការប្រកួតកីឡាអាស៊ីរដូវរងានៅក្រុង Harbin បានផ្តល់កម្លាំងចលករថ្មីដល់ការអភិវឌ្ឍកីឡារដូវរងា ជំរុញសាមគ្គីភាពនៃប្រជាជនអាស៊ីចំនួន៤ពាន់៧រយលានាក់ ហើយក៏បានផ្តល់ភាពកក់ក្តៅដល់សេដ្ឋកិច្ចសកល ក៏ដូចជាបានអនុវត្តបាវចនានៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី ពោលគឺ “ឆ្ពោះទៅខាងមុខជារៀងរហូត” ។ ដូច្នេះ ការប្រកួតកីឡាអាស៊ីរដូវរងាលើកនេះ ជាកាដូឆ្នាំថ្មីចិនមួយទៀតដែលប្រទេសចិនបានផ្តល់ជូនកីឡាអូឡាំពិកនិងពិភពលោក ៕