ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លងដល់សត្វគោយកទឹកដោះនៅសហរដ្ឋអាមេរិក បង្កក្តីបារម្ភខ្លាំង
សត្វគោក្របីនៅរដ្ឋ Nevada បានឆ្លងជំងឺផ្តាសាយបក្សីប្រភេទថ្មី ដែលខុសពីប្រភេទមុនដែលធ្លាប់បានរីករាលដាលនៅក្នុងហ្វូងសត្វរបស់សហរដ្ឋអាមេរិកកាលពី... The post ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លងដល់សត្វគោយកទឹកដោះនៅសហរដ្ឋអាមេរិក បង្កក្តីបារម្ភខ្លាំង appeared first on Kampuchea Thmey Daily.

មន្ត្រីក្រសួងកសិកម្ម (USDA) បានឲ្យដឹងថា សត្វគោក្របីនៅរដ្ឋ Nevada បានឆ្លងជំងឺផ្តាសាយបក្សីប្រភេទថ្មី។ ការរកឃើញការឆ្លងថ្មីនេះ ធ្វើឲ្យមន្ត្រីអាមេរិកមានការព្រួយបារម្ភចំពោះលទ្ធភាពនៃការរីករាលដាល់កាន់តែខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៧ខែកុម្ភៈនេះ។

ការរកឃើញនេះបង្ហាញថា វាជាទម្រង់ផ្សេងគ្នាពីទម្រង់ B3.13 នៃមេរោគដែលគេស្គាល់ថា ជាប្រភេទ A H5N1 ឆ្លងពីបក្សីព្រៃចូលទៅក្នុងគោក្របី។ អ្នកជំនាញបាននិយាយថា វាអាចបង្កហានិភ័យថ្មីអំពីការរីករាលដាលកាន់តែទូលំទូលាយ និងការលំបាកក្នុងការគ្រប់គ្រងការឆ្លងនៅក្នុងសត្វ និងមនុស្សដែលធ្វើការជិតស្និទ្ធជាមួយសត្វ។
បើយោងតាម USDA កាលពីថ្ងៃសុក្រ មេរោគថ្មីនេះត្រូវបានគេស្គាល់ថា ជាទម្រង់ D1.1 ដែលត្រូវបានរកឃើញនៅក្នុងគោក្របីនៅរដ្ឋNevada។ ការរកឃើញនេះគឺជាលទ្ធផលនៃកម្មវិធីធ្វើតេស្តជាតិទឹកដោះគោរបស់ USDA ដែលបានចាប់ផ្តើមនៅដើមខែធ្នូ។
ទីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា៖«USDA APHIS បន្តធ្វើការជាមួយនាយកដ្ឋានកសិកម្មរដ្ឋ Nevada ដោយធ្វើការស៊ើបអង្កេតបន្ថែមលើកសិដ្ឋាន ការធ្វើតេស្ត និងការប្រមូលព័ត៌មានរោគរាតត្បាតបន្ថែម ស្វែងយល់កាន់តែច្បាស់ពីការរកឃើញនេះ និងកំណត់ការរីករាលដាលនៃជំងឺបន្ថែមទៀត»។
ទិន្នន័យចុងក្រោយរបស់ USDA បានបង្ហាញថា មានការឆ្លងមេរោគលើសត្វពាហនៈសរុបចំនួន ៩៥៧ ក្បាល ដែលត្រូវបានបញ្ជាក់នៅក្នុងរដ្ឋចំនួន១៦ក្នុងនោះមានការឆ្លងមេរោគថ្មីចំនួន៣៦ ក្នុងរយៈពេល៣០ថ្ងៃចុងក្រោយនៅក្នុងរដ្ឋ California និងរដ្ឋ Nevada។

ទម្រង់ D1.1 នៃមេរោគគឺជាប្រភេទដែលភ្ជាប់ទៅនឹងការស្លាប់ដំបូងរបស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺផ្តាសាយបក្សី និងជំងឺធ្ងន់ធ្ងរនៅក្នុងប្រទេសកាណាដា។ មនុស្សម្នាក់នៅរដ្ឋ Louisiana បានស្លាប់ក្នុងខែមករា ដោយមានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ បន្ទាប់ពីមានទំនាក់ទំនងជាមួយបក្សីព្រៃ។
ចំណែកនៅទីក្រុង British Columbia ប្រទេសកាណាដា ក្មេងស្រីជំទង់ម្នាក់ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនខែជាមួយនឹងមេរោគនេះ។
យ៉ាងហោចណាស់មនុស្ស ៦៧នាក់នៅសហរដ្ឋអាមេរិកបានឆ្លងជំងឺផ្តាសាយបក្សី ដែលភាគច្រើនជាអ្នកធ្វើការជិតស្និទ្ធជាមួយទឹកដោះគោ ឬគោក្របី នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក៕
អត្ថបទ៖ ប៊ុន សុភាព
The post ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លងដល់សត្វគោយកទឹកដោះនៅសហរដ្ឋអាមេរិក បង្កក្តីបារម្ភខ្លាំង appeared first on Kampuchea Thmey Daily.