តេជោលីគឆ្នាំ២០២៥ នឹងកាន់តែកក្រើកជាងឆ្នាំមុន
ការប្រកួតបាល់ទះពានរង្វាន់«តេជោលីគ» រដូវកាលទី២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នឹងកាន់តែកក្រើកជាងឆ្នាំមុនតាមរយៈការត្រៀមខ្លួន The post តេជោលីគឆ្នាំ២០២៥ នឹងកាន់តែកក្រើកជាងឆ្នាំមុន appeared first on Kampuchea Thmey Daily.
ការប្រកួតបាល់ទះពានរង្វាន់«តេជោលីគ» រដូវកាលទី២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នឹងកាន់តែកក្រើកជាងឆ្នាំមុនតាមរយៈការត្រៀមខ្លួនរបស់ក្លិបនីមួយៗ និងការផ្លាស់ប្តូរទម្រង់ប្រកួតខ្លះ។
លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍បាល់ទះពានរង្វាន់តេជោលីគ ឆ្នាំ២០២៥ នឹងកាន់តែកក្រើកជាងឆ្នាំមុន។ កត្តាសំខាន់២យ៉ាងអាចនឹងធ្វើឲ្យការប្រកួតរដូវកាលទី២កាន់តែស្វិតស្វាញ និងតានតឹងខ្លាំងសម្រាប់រដូវកាលថ្មីនេះ។
ក្លិបជាច្រើនបានកំពុងត្រៀមខ្លួនយ៉ាងល្អ។ ក្លិបបាល់ទះវិសាខាបាននាំចូលអ្នកប៉ះសេថ្មីមកពីប្រទេសបារាំង ហើយពួកគេទើបតែធ្វើបានល្អដោយយកឈ្នះក្រុមក្រសួងមហាផ្ទៃដើម្បីឈ្នះពានរង្វាន់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដើម្បីអបអរសាទរថ្ងៃ៧មករា។ ក្រុមការពារតំណែងជើងឯកឆ្នាំចាស់ បញ្ជាការដ្ឋានអង្គរក្សបាននាំចូលកីឡាករឥណ្ឌូណេស៊ី៤នាក់ក្នុងនោះមានកីឡាករ Luvi ម្នាក់ដែរដែលធ្លាប់បានលេងកាលពីរដូវកាលមុន។
ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកីឡាករបរទេសល្អៗ។ អ្វីដែលពិសេសគឺក្រុមចំណូលថ្មី ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងជាក្រុមគួរឲ្យចាប់អារម្មណ៍មួយដោយពួកគេមានអ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ និងអ្នកផ្តាច់សញ្ជាតិគុយបា Herera ដែលជាអតីតកីឡាកររបស់វិសាខា ព្រមទាំងកីឡាករមានបទពិសោធជាច្រើនទៀត។ ពួកគេទើបតែបានឈ្នះជើងឯកពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤។ ក្រុមចំណូលមួយទៀតគឺ ក្រុមស្នងការដ្ឋានខេត្តតាកែវ ក៏កំពុងបានត្រៀមខ្លួនដោយមានសមាជិកថ្មីដែរ ខណៈក្រុមក្រសួងមហាផ្ទៃមានកីឡាករខ្មែរសុទ្ធតែល្អៗ។
លោក អាំង សិរីពិសិដ្ឋ បានបន្តរៀបរាប់ថា រូបមន្តនៃការប្រកួតតេជោលីគរដូវកាលនេះខុសពីរដូវកាលមុនបន្តិច។ ការប្រកួតវិលជុំសន្សំពិន្ទុមាន២ជុំ។ ជុំទី១ ការប្រកួតសន្សំពិន្ទុដោយក្រុមទាំង៨ប៉ះគ្នា ហើយក្រុម២មានពិន្ទុតិចជាងគេត្រូវកាត់ចេញ។ ៦ក្រុមឡើងទៅការប្រកួតសន្សំពិន្ទុជុំទី២ដោយក្រុមទាំង៦ប៉ះគ្នាដើម្បីសន្សំពិន្ទុសាថ្មី ពោលគឺពិន្ទុកាលពីជុំទី១មិនរាប់បញ្ចូលទេ។ បន្ទាប់ពីចប់ជុំទី២ ក្រុម២ដែលមានពិន្ទុតិចជាងគេត្រូវបានកាត់ចេញ ហើយក្រុម៤ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។
តេជោលីគ រដូវកាល ២០២៥ មាន៨ក្រុមចូលរួមប្រកួតដូចកាលពីឆ្នាំ២០២៤ដែរ ប៉ុន្តែក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល មិនបានចូលរួមទេ ជំនួសវិញដោយក្រុមស្នងការដ្ឋាននគរខេត្តស្វាយរៀង និងក្រុមស្នងការដ្ឋានបាលខេត្តតាកែវ។
ក្រុម៨រដូវកាលថ្មី
- ក្រុមវិសាខា
- ក្រុមក្រសួងមហាផ្ទៃ
- ក្រុមបញ្ជាការដ្ឋានអង្គរក្ស
- ក្រុមកងពលធំអន្តរាគមន៍លេខ៣
- ក្រុមនគរបាលរាជធានីភ្នំពេញ
- ក្រុមនគរបាលខេត្តពោធិ៍សាត់
- ក្រុមនគរបាលខេត្តតាកែវ
- ក្រុមនគរបាលខេត្តស្វាយរៀង
ការប្រកួតនេះចាប់ពី១០ ខែមករា ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។
អត្ថបទ៖ វីរបុត្រ
The post តេជោលីគឆ្នាំ២០២៥ នឹងកាន់តែកក្រើកជាងឆ្នាំមុន appeared first on Kampuchea Thmey Daily.