តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?
ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយអ្នកស្រី មួរ សុខហួរ បានកៀរគរមនុស្សធ្វើបាតុកម្ម The post តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ? appeared first on Kampuchea Thmey Daily.

ភ្នំពេញ ៖ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយអ្នកស្រី មួរ សុខហួរ បានកៀរគរមនុស្សធ្វើបាតុកម្ម ដោយប្រើប្រាស់លេសទាមទារឱ្យរាជរដ្ឋាភិបាលប្ដឹងថៃ ទៅតុលាការអន្តរជាតិករណីកោះគុត ប៉ុន្ដែការទាមទាររបស់ពួកគេ មិនឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋខ្មែរនៅកូរ៉េសរុប ៦ម៉ឺននាក់នោះទេ។
តើបាតុកម្មរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅកូរ៉េដែលរៀបចំដោយអតីតបក្សប្រឆាំង អាចតំណាងឱ្យឆន្ទៈពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?
លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្ដិសុខបានថ្លែងថា «ខ្ញុំគិតថា មិនអាចទេ ព្រោះប្រជាពលរដ្ឋខ្មែរសរុបប្រមាណជាង ៦ម៉ឺននាក់ដែលកំពុងធ្វើការងារ ស្នាក់នៅ និងសិក្សានៅកូរ៉េ ប៉ុន្ដែបើយើងក្រឡេចមើលសកម្មភាពអ្នកចូលរួមបាតុកម្មកន្លងមក គឺប្រហែលជាខ្ទង់ជាង ១០០នាក់ទេ ហើយក្នុងចំណោមនោះភាគច្រើន គឺជារចនាសម្ព័ន្ធដឹកនាំរបស់ក្រុមប្រឆាំងតែប៉ុណ្ណោះ»។
លោកបន្តថា «ចំណែកប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលុបមិនបានចូលរួមបាតុកម្មទេ ព្រោះពួកគេជឿជាក់លើដំណោះស្រាយរបស់រាជរដ្ឋាភិបាល ហើយខ្លះទៀតមិនចាប់អារម្មណ៍នឹងបាតុកម្មនោះទៅទៀត។ ដូច្នេះខ្ញុំអាចនិយាយបានថា បាតុកម្មនៅកូរ៉េ មិនអាចយកមកធ្វើជាតំណាងពលរដ្ឋខ្មែរដ៏ច្រើនលើសលុបនៅកូរ៉េបានទេ ហើយក៏មិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋខ្មែរដែរ»។
អ្នកវិភាគរូបនេះបន្តថា បាតុកម្មនៅកូរ៉េដែលរៀបចំដោយក្រុមជ្រុលនិយមនោះ គឺជាលេសនយោបាយសុទ្ធសាធ ប៉ុន្ដែពួកគេប្រើរូបភាពទាមទារឱុ្យរាជរដ្ឋាភិបាលប្ដឹងថៃទៅតុលាការអន្តរជាតិ IJC ដើម្បីតវ៉ាទាមទារកោះគុតមកវិញ។ បាតុកម្មនេះ គឺជាសេណារ៉េយូរបស់ពួកគេដែលតាំងខ្លួនជាអ្នកស្នេហាទឹកដី ស្រលាញ់ជាតិ និងស្អប់អំពើអយុត្តិធម៌ផ្សេងៗ ប៉ុន្ដែបង្កប់ដោយល្បិចកលសម្រាប់អូសទាញពលរដ្ឋឱ្យចូលរួមបាតុកម្ម។
ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា «ខ្ញុំគិតថា បាតុកម្មរបស់ក្រុមជ្រុលនិយមនៅកូរ៉េនេះ មិនបានឆ្លុះបញ្ចាំងឆន្ទៈពលរដ្ឋខ្មែរមួយនគរបានទេ ហើយក៏មិនមែនជាការចង់បានរបស់ពលរដ្ឋខ្មែរនៅកូរ៉េដែរ ព្រោះបុគ្គលដែលរៀបចំផែនការបាតុកម្ម គឺជាក្រុមជ្រុលនិយម និងជាដៃ ជើង រចនាសម្ព័ន្ធក្រុមប្រឆាំងខុសច្បាប់ប៉ុណ្ណោះ»។
លោកបន្តថា ក្រុមជ្រុលនិយមទាំងនោះនៅតែប្រឹងប្រែងកៀរគរពលរដ្ឋខ្មែរបង្កចលាចលនៅលើទឹកដីបរទេស បង្កការរំខានការបំពេញការងាររបស់ពលករ និងសិស្សនិស្សិតនៅទីនោះ។ ជាពិសេសពួកគេកំពុងធ្វើឱ្យខូចកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិ និងធ្វើឱ្យជាតិសាសន៍ដទៃមើលងាយជាតិសាសន៍ខ្មែរដែលមិនចេះរួបរួមសាមគ្គីគ្នា ក៏ដូចជាបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលខ្លួនឯងផងដែរ។
អ្នកឃ្លាំមើលរូបនេះបានសង្កត់ធ្ងន់លើការអំពាវនាវឱ្យពលរដ្ឋនៅក្រៅប្រទេសទៅធ្វើបាតុកម្ម គឺជាការរៀបចំដោយក្រុមជ្រុលនិយមមាននិន្នាការប្រឆាំងជាមួយរាជរដ្ឋាភិបាល ក្រោមការញុះញង់របស់អ្នកនយោបាយក្រៅស្រុក គ្រាន់តែជាឆាកល្ខោននយោបាយ ដើម្បីបំផ្លាញសុខសន្តិភាព និងប្រជាជនក្នុងការបង្កើតឱ្យមានភាពវិកវរក្នុងសង្គម ទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងសង្គ្រាមប៉ុណ្ណោះ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំទៅធ្វើបាតុកម្មតាមការញុះញង់ ដើម្បីបំពេញមហិជ្ជតារបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក និងជំរុញឱ្យមានការទប់ស្កាត់ការប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍន៍តាមរូបភាពមិនត្រឹមត្រូវមកលើរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌។
លោកបានបញ្ជាក់ជំហរច្បាស់លាស់សារជាថ្មីនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងទៅលើរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំនៅលើគន្លងផ្លូវដ៏ត្រឹមត្រូវ ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបច្ចុប្បន្ននេះ៕


The post តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ? appeared first on Kampuchea Thmey Daily.