ច្រាំងស្ទឹងសង្កែ ក្លាយជាចំការបន្លែគ្រប់ប្រភេទនារដូវទឹកស្រក

ឯម្ខាងទៀតច្រាំងស្ទឹងមានភាពទេរស្អាត គឺជាប្រពៃណីរបស់ធម្មជាតិ ដែលអាចឱ្យប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មបាន The post ច្រាំងស្ទឹងសង្កែ ក្លាយជាចំការបន្លែគ្រប់ប្រភេទនារដូវទឹកស្រក appeared first on Kampuchea Thmey Daily.

ច្រាំងស្ទឹងសង្កែ ក្លាយជាចំការបន្លែគ្រប់ប្រភេទនារដូវទឹកស្រក

ច្រាំងស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង ដែលមានភាពបត់បែនទៅតាមតំបន់នោះ ឃើញថា ចំណុចដែលបត់បែននោះតែងតែមានម្ខាងច្រាំងស្ទឹងគឺបាក់ ឯម្ខាងទៀតច្រាំងស្ទឹងមានភាពទេរស្អាត គឺជាប្រពៃណីរបស់ធម្មជាតិ ដែលអាចឱ្យប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មបាន។

បច្ចុប្បន្នគឺជារដូវប្រាំង និងជារដូវទឹកសម្រក ធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ ពិសេសគឺនៅត្រង់ចំណុចដែលច្រាំងស្ទឹងមានផ្ទៃរាបស្មើល្អ បានដាំដំណាំរួមផ្សំនិងបន្លែបង្ការគ្រប់ប្រភេទ ដោយពុំមានការព្រួយបារម្ភអំពីកង្វះខាតទឹកនោះឡើយ។

លោកអ៊ំ សឿន ដែលបច្ចុប្បន្នមានអាយុ ៧៨ឆ្នាំហើយ រស់នៅភូមិកំពង់ឆ្លង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង បានរៀបរាប់ថា ក្រុមគ្រួសារនិងកូនចៅរបស់លោកអ៊ំ តែងតែដាំបន្លែបង្ការគ្រប់មុខនៅលើដីច្រាំងស្ទឹងសង្កែ ហើយការដាំដុះនេះគឺអាចធ្វើបាននារដូវប្រាំងដែលទឹកស្ទឹងសង្កែស្រកប៉ុណ្ណោះ ពេលដែលឈានដល់រដូវវស្សា គឺលោកអ៊ំមិនអាចដាំដុះបានទៀតឡើយ ដោយសារតែទឹកស្ទឹងមានសភាពជន់ជោរ។

ដៃកំពុងជ្រុំដីគល់ម្ទេស លោកអ៊ំ បានរៀបរាប់បន្ថែមថា ដីច្រាំងស្ទឹងសង្កែគឺមានជីរជាតិខ្លាំង ព្រោះនៅពេលដែលទឹកជំនន់ឡើងមកគឺតែងតែនាំមកនៅដីល្បាប់ មកជាមួយ ដូច្នេះធ្វើឲ្យដីនេះមានភាពល្អប្រសើរក្នុងការដាំដំណាំ ហើយក៏ហុចផលបានយ៉ាងល្អផងដែរ។ សព្វថ្ងៃកូនប្រុសរបស់លោកអ៊ំបានប្រើប្រាស់គោយន្តដើម្បីភ្ជួររាស់ដី ដើម្បីដាំបន្លែបង្ការផ្សេងៗ ដូចជាសណ្ដែកកួ ម្ទេស ផ្កាស្ពៃ និងខាត់ណាជាដើម ដែលដំណាំទាំងនេះហើយតែងតែជួយជ្រោមជ្រែង និងលើកស្ទួយ ជីវភាពប្រចាំថ្ងៃរបស់គ្រួសារអ៊ំ បានមួយកំរិត ទោះបីជាបន្លែខ្លះមិនបានតម្លៃខ្ពស់នៅលើទីផ្សារក៏ដោយតែក៏អាចជួយរួមផ្សំគ្នា កាត់បន្ថយភាពក្រីក្រផងដែរ។

បច្ចុប្បន្នមិនសម្រាប់តែគ្រួសារលោកអ៊ំប៉ុណ្ណោះទេ គឺមានប្រជាពលរដ្ឋផ្សេងៗទៀតដែលប្រកបមុខរបរដូចគ្នា ពិសេសអ្នកដែលរស់នៅត្រង់ចំណុចច្រាំងស្ទឹងរាបស្មើ ។ បើគេក៏លេខមើលពីចម្ងាយ គឺឃើញទិដ្ឋភាពខៀវស្រងាត់ទៅតាមដងស្ទឹងដែលបត់បែនគួរឲ្យចង់គយគន់ អមជាមួយនឹងស្ពានយោលមួយខ្សែរត់កាត់លើដងស្ទឹង៕ អត្ថបទ : សោ និយមរ័ត្ន

The post ច្រាំងស្ទឹងសង្កែ ក្លាយជាចំការបន្លែគ្រប់ប្រភេទនារដូវទឹកស្រក appeared first on Kampuchea Thmey Daily.