ចិន​ថ្កោលទោសពន្ធ​ ត្រាំ ​នៅ WTO និងព្រមានពី​ការធ្លាក់ចុះសេដ្ឋកិច្ចសកល

ចិនបានថ្កោលទោសវិធានការ និងការគំរាមកំហែងពន្ធរបស់​ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក​ ដូណាល់ ត្រាំ នៅ​ក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ The post ចិន​ថ្កោលទោសពន្ធ​ ត្រាំ ​នៅ WTO និងព្រមានពី​ការធ្លាក់ចុះសេដ្ឋកិច្ចសកល appeared first on Kampuchea Thmey Daily.

ចិន​ថ្កោលទោសពន្ធ​ ត្រាំ ​នៅ WTO និងព្រមានពី​ការធ្លាក់ចុះសេដ្ឋកិច្ចសកល

ប្រទេសចិនបានថ្កោលទោសវិធានការ និងការគំរាមកំហែងពន្ធរបស់​ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក​ ដូណាល់ ត្រាំ នៅ​ក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃអង្គារ ដោយព្រមានថា «ផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗនៃពន្ធ» ​អាច​គំរាមកំហែងដល់ប្រព័ន្ធពាណិជ្ជកម្ម និង​ប្រថុយនឹង​ការធ្លាក់ចុះ​នៃសេដ្ឋកិច្ចសកល។ នេះបើតាមការចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

ឯកអគ្គរដ្ឋទូតចិនប្រចាំ WTO លោក Li Chenggang បាននិយាយ​ក្នុងកិច្ចប្រជុំបិទទ្វារ​នៅ WTO ថា៖ «ផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗ​នៃពន្ធគយទាំងនេះ ​បង្កើនភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច រំខានដល់ពាណិជ្ជកម្មពិភពលោក ​បង្ក​ហានិភ័យអតិផរណាក្នុងស្រុក ​បង្ខូចទ្រង់ទ្រាយទីផ្សារ ឬអាច​ឈា​នទៅដល់សូម្បីតែ​ការធ្លាក់ចុះ​នៃសេដ្ឋកិច្ចពិភពលោក»។ នេះ​បើ​យោងតាម​ឯកសារ​ផ្ញើទៅកាន់រ៉យទ័រ​។

លោកបន្តថា៖ «កាន់តែអាក្រក់ទៅទៀត គោលការណ៍ឯកតោភាគីនិយមរបស់សហរដ្ឋអាមេរិក គំរាមកំហែងដល់ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានមូលដ្ឋានលើច្បាប់»។

គួរគូសបញ្ជាក់ថា លោក ត្រាំ បានប្រកាសដាក់​ពន្ធបន្ថែម​ថ្មី​ ១០ ភាគរយ លើគ្រប់មុខទំនិញ​នាំចូល​ពីចិន​ ហើយ​ជាការឆ្លើយតប​ ចិន​បាន​ចេញវិធានការពន្ធវាយបក និងដាក់ពាក្យបណ្ដឹង​ទៅ​ WTO ដើម្បី​ប្រឆាំងជំទាស់។

ការពិភាក្សារបស់ WTO ដែលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃអង្គារ គឺជាលើកទី១ហើយដែលភាពតានតឹង​ជម្លោះពាណិជ្ជកម្ម ត្រូវបានដោះស្រាយជាផ្លូវការ​ក្នុងរបៀបវារៈនៃស្ថាប័នធ្វើការសម្រេចចិត្តកំពូលរបស់ WTO គឺក្រុមប្រឹក្សាទូទៅ​។

គេមិនទាន់ដឹងច្បាស់ថា តើប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក ដែលមិនទាន់មានឯកអគ្គរដ្ឋទូតពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ​នឹង​ឆ្លើយតបយ៉ាងណា​ចំពោះបញ្ហា​នេះ​។

រហូតមកដល់ពេលនេះ អគ្គនាយក WTO អ្នកស្រី Ngozi Okonjo-Iweala បានជំរុញឱ្យប្រទេស​សមាជិកទាំង ១៦៦ ​របស់ WTO ចៀសវាងការសងសឹកក្នុងករណីរងវិធាន​ពន្ធគយ ដើម្បីជៀសវាង «សង្គ្រាមពាណិជ្ជកម្មដ៏មហន្តរាយ»។​

បើតាម​រ៉យទ័រ​ ប្រតិភូពាណិជ្ជកម្ម WTO បាននិយាយមុនពេលកិច្ចប្រជុំថា ពួកគេមិនរំពឹងថានឹងមានលទ្ធផលភ្លាមៗពីកិច្ចប្រជុំនោះទេ ប៉ុន្តែប្រតិកម្មរបស់ប្រទេសនានា អាចបង្ហាញពីលទ្ធភាពនៃ​សង្គ្រាមពាណិជ្ជកម្ម ដើម្បីឆ្លើយតបទៅនឹងវិធានការពន្ធ ដែល​សហរដ្ឋ​អាមេរិក​បាន​គ្រោង​ទុក​។ ​

គួរំឭកថា​ ក្រៅ​ពីចិន​ លោក ត្រាំ បាន​ប្រកាស​ដាក់ពន្ធ ២៥ ភាគរយ លើ​ទំនិញ​ម៉ិកស៊ិក និងកាណាដា ប៉ុន្តែត្រូវ​ពន្យារពេល​ ១ ខែ​សិន ក្រោយ​ចរចា​គ្នា​។ ប៉ុន្តែលោក​ក៏គំរាមកំហែង​ដាក់​ពន្ធ​លើ​ប្រទេស​ផ្សេងៗទៀត​ផងដែរ ជាពិសេស​ប្រទេស​ដែលមាន​អតិរេកពាណិជ្ជកម្មច្រើន​ជាមួយ​ប្រទេស​អាមេរិក ក៏ដូចជា​ប្រទេស​ដែ​លដាក់ពន្ធលើ​ទំនិញ​អាមេរិក​។

ខណៈគេ​ឃើញមាន​ប្រទេស​មួយ​ចំនួន​ប្រឹង​ចរចាជាមួយរដ្ឋបាល ត្រាំ ប្រទេស​មួយ​ចំនួន រួមទាំង​ប្លុក​សហភាព​អឺរ៉ុប ក៏​ព្រមាន​វាយបក​លើ​អាមេរិកវិញ​ផងដែរ ប្រសិន​បើ​ ត្រាំ នឹង​អនុវត្តពន្ធ​លើពួកគេពិតមែន​។ អ្នកជំនាញមើលឃើញថា​ ការណ៍នេះនឹងធ្វើឱ្យ​ពាណិជ្ជកម្មសកលធ្លាក់ចុះ៕

The post ចិន​ថ្កោលទោសពន្ធ​ ត្រាំ ​នៅ WTO និងព្រមានពី​ការធ្លាក់ចុះសេដ្ឋកិច្ចសកល appeared first on Kampuchea Thmey Daily.