កម្មករ-កម្មការិនី ត្រូវរាយការណ៍ជាបន្ទាន់បើឃើញក្រុមហ៊ុនរោងចក្រណា មិនចុះបញ្ជីជាមួយ ប.ស.ស
កម្មករ-កម្មការិនី ត្រូវរាយការណ៍ជាបន្ទាន់បើឃើញក្រុមហ៊ុនរោងចក្រណា មិនចុះបញ្ជីជាមួយ ប.ស.ស... The post កម្មករ-កម្មការិនី ត្រូវរាយការណ៍ជាបន្ទាន់បើឃើញក្រុមហ៊ុនរោងចក្រណា មិនចុះបញ្ជីជាមួយ ប.ស.ស appeared first on Kampuchea Thmey Daily.

បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់កម្មករ-កម្មការិនី ត្រូវរាយការណ៍មក ប.ស.ស. ឱ្យបានឆាប់បំផុត ប្រសិនបើក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានដែលពួកគាត់កំពុងបម្រើការងារនោះមិនបានចុះបញ្ជីជាមួយ ប.ស.ស. ទេនោះ ដើម្បីឱ្យក្រសួងមានចាត់វិធានការទៅតាមច្បាប់។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កម្មករ-កម្មការិនីដែលស្ថិតនៅក្នុងច្បាប់ការងារ ត្រូវទទួលបាន ប.ស.ស ដែលមានចែងនៅក្នុងច្បាប់។ ប៉ុន្តែប្រសិនបើមិនមានទេ ក្រសួងលើកទឹកចិត្តដល់កម្មករ-កម្មការិនីទាំងអស់ ប្តឹងមកក្រសួងតាមរយៈឃ្យូអកូដ(បណ្តឹងអនាមិក) តាមផេកផ្លូវការរបស់ក្រសួង ឬផេករដ្ឋមន្ត្រី ក៏ដូចជាអ្នកនាំពាក្យក្រសួង ដើម្បីចុះធ្វើការងារភ្លាមៗ ព្រោះថាក្រសួងជាសេនាធិការរបស់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ នៅតែបន្តយកចិត្តទុកដាក់ចំពោះកម្មករ ដើម្បីលើកកម្ពស់សុខុមាលភាពពួកគាត់ មិនអនុញ្ញាតឱ្យមានការកេងបន្លំ ឬបង់ ប.ស.ស.ដល់កម្មករកម្មការិនីនោះទេ ព្រោះវាជាកាតព្វកិច្ច។

លោកបានបន្តថា រោងចក្រសហគ្រាស ត្រូវមានកាតព្វកិច្ចចុះបញ្ជីបុគ្គលិក ឬកម្មករ-និយោជិតរបស់ខ្លួនជាមួយ ប.ស.ស. និងបង់ភាគទានជូនពួកគាត់ទៅលើរបបសន្តិសុខសង្គមផងដែរ។ ក្នុងនោះថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវបង់ភាគទានជូនបុគ្គលិក និងកម្មករ-និយោជិតរបស់ខ្លួនទៅលើផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន បង់ ៤ ភាគរយ ក្នុងនោះ ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានបង់ ២ ភាគរយ និងសាមីខ្លួនផ្ទាល់បង់ ២ ភាគរយ។

លោកបានបន្តទៀតថា «នៅពេលបងប្អូនកម្មករ-និយោជិត បានចុះបញ្ជិកាជាមួយ ប.ស.ស. និងបានបង់ភាគទានប្រចាំខែមក ប.ស.ស. ហើយបានស្នើសុំប័ណ្ណ ប.ស.ស. រួចរាល់ នោះពួកគាត់នឹងមានសិទ្ធិប្រើប្រាស់សេវានៅមន្ទីរពេទ្យដៃគូ ប.ស.ស. ដោយឥតគិតថ្លៃ ដែលជាការជួយកាត់បន្ថយចំណាយរបស់សាមីខ្លួន រួមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពី ប.ស.ស. ផងដែរ»។

គួរបញ្ជាក់ថា គិតមកត្រឹមខែមេសា ឆ្នាំ ២០២៥ នេះ សមាជិក ប.ស.ស បានកើនឡើងដល់ ៣ ០៦០ ៣៩២ នាក់ ស្រី ១ ៦៨៦ ៨៨៧ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៥០៨ ៦៦៩ នាក់ ស្រី ១៥០ ៩០៨ នាក់ បុគ្គលដែលស្ថិតក្នុងវិស័យឯកជន ចំនួន ១ ៨៦៦ ១២២ នាក់ ស្រី ១១២៤ ៨០១ នាក់ បុគ្គលស្វ័យនិយោជន៍ចំនួន ៤៩៨ ៥៤៦ នាក់ ស្រី ៣០៣ ៤១៩ នាក់ និងអ្នកក្នុងបន្ទុក១៨៧ ០៥៥ នាក់ ស្រី ១០៧ ៧៥៩ នាក់៕
អត្ថបទ ៖ សំអឿន
The post កម្មករ-កម្មការិនី ត្រូវរាយការណ៍ជាបន្ទាន់បើឃើញក្រុមហ៊ុនរោងចក្រណា មិនចុះបញ្ជីជាមួយ ប.ស.ស appeared first on Kampuchea Thmey Daily.