កម្ពុជាសហការជាមួយកូរ៉េ ជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងឧស្សាហកម្មបៃតង
កម្ពុជាសហការជាមួយកូរ៉េ ជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងឧស្សាហកម្មបៃតង... The post កម្ពុជាសហការជាមួយកូរ៉េ ជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងឧស្សាហកម្មបៃតង appeared first on Kampuchea Thmey Daily.

នៅក្នុងជំនួបទ្វេភាគីរវាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Wansup Kim រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងការលើកកម្ពស់ឧស្សាហកម្មបៃតងនៅកម្ពុជា។

លោក Wansup Kim រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា រដ្ឋាភិបាលកូរ៉េមានផែនការបង្កើនការវិនិយោគរបស់ខ្លួននៅកម្ពុជា ហើយវិស័យទឹកស្អាត និងនិរន្តរភាពបរិស្ថាន គឺជាអាទិភាព។
លោក Wansup Kim បានបន្ថែមថា៖ «យើងមើលឃើញពីសក្តានុពលជាច្រើនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសលើការផ្តល់សេវាសង្គម ដូចជាសេវាទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធបៃតង»។
កម្ពុជាអាចចៀសវាងបទពិសោធន៍នៃការអភិវឌ្ឍមួយចំនួនដែលប្រទេសកូរ៉េបានជួបប្រទះ នៅក្នុងបរិវត្តកម្មឧស្សាហកម្មរបស់ខ្លួន ហើយប្រព័ន្ធគ្រប់គ្រងទឹកស្អាតឆ្លាតវៃរបស់កូរ៉េ នឹងជួយគាំទ្រកម្ពុជានៅក្នុងដំណើរឆ្ពោះទៅការសម្រេចគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរចំពោះភាពជាដៃគូ និងការបន្តគាំទ្ររបស់រដ្ឋាភិបាលកូរ៉េ ពិសេសសម្រាប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងទឹកស្អាតឆ្លាតវៃ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។
លោករដ្ឋមន្ត្រីបានលើកឡើងថា៖ «សម្រាប់យើង ទឹកស្អាតមិនមែនត្រឹមតែសម្រាប់បំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ តែជាកម្លាំងរុញច្រានសម្រាប់បរិវត្តកម្មសេដ្ឋកិច្ចរបស់កម្ពុជា»។
លោករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើគោលដៅក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដើម្បីបម្រើសេចក្តីត្រូវការ ដែលកំពុងកើនឡើងនៅក្នុងតំបន់ជាច្រើន ដូចជារាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងបានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា និងកូរ៉េ ក្នុងការអភិវឌ្ឍឧស្សាហកម្មបៃតង ខណៈដែលកម្ពុជាកំពុងត្រៀមលក្ខណៈចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩។

សាធារណរដ្ឋកូរ៉េ គឺជាដៃគូដ៏សំខាន់មួយសម្រាប់វិស័យទឹកស្អាតរបស់កម្ពុជា។ តាមរយៈគម្រោងប្រព័ន្ធគ្រប់គ្រងទឹកស្អាតឆ្លាតវៃ កូរ៉េកំពុងជួយដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយផ្តល់ជំនួយបច្ចេកទេស ហិរញ្ញប្បទាន និងការកសាងសមត្ថភាព។
គម្រោងនេះ មានគោលដៅលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដូចជាបំពាក់នាឡិកាទឹកឆ្លាតវៃដែលផ្តល់ព័ត៌មានពីការលេចធ្លាយ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលផ្អែកលើបច្ចេកវិទ្យា៕
The post កម្ពុជាសហការជាមួយកូរ៉េ ជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងឧស្សាហកម្មបៃតង appeared first on Kampuchea Thmey Daily.