កម្ពុជា-ថៃ នឹងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព នៅថ្ងៃ៨មីនា ខាងមុខនេះ

ព្រះរាជាណាចក្រកម្ពុជា និងប្រទេសថៃ នឹងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត The post កម្ពុជា-ថៃ នឹងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព នៅថ្ងៃ៨មីនា ខាងមុខនេះ appeared first on Kampuchea Thmey Daily.

កម្ពុជា-ថៃ នឹងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព នៅថ្ងៃ៨មីនា ខាងមុខនេះ

ព្រះរាជាណាចក្រកម្ពុជា និងប្រទេសថៃ គ្រោងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រួមទាំង​មានអ្នក​អញ្ជើញទៅទស្សនាដោយផ្ទាល់ប្រមាណ៣ម៉ឺននាក់ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំង២ ជាអ្នកចូលរួមបើកការប្រកួតនេះផងដែរ។

នេះ​បើ​តាម​ការ​បង្ហាញឱ្យដឹង ក្នុង​កិច្ចប្រជុំត្រួតពិនិត្យការរៀបចំ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នារសៀលថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក សុខ ពេញវុធ អភិបាលរង​រាជធានីភ្នំពេញ​តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក សុខ ពេញវុធ បានមានប្រសាសន៍​លើក​ឡើង​ថា កិច្ច​ប្រជុំត្រៀម​រៀប​ចំ​ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ​នេះ យើងបានធ្វើឡើងចំនួន៣លើកមកហើយ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈបានគ្រប់ជ្រុងជ្រោយទាំងការរក្សាសន្តិសុខ សុវត្ថិភាព ទាំងការរៀបចំទីតាំងសម្រាប់អ្នកចូលរួមទស្សនាជាដើម។

លោក សុខ ពេញវុធ បាន​បន្ត​ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ នឹងមានអ្នកអញ្ជើញទៅទស្សនាដោយផ្ទាល់ប្រមាណ៣ម៉ឺននាក់ ដោយមានទាំងអ្នកដែលចាត់តាំងឱ្យទៅចូលរួមទស្សនានិងដែលអ្នកចូលទៅទស្សនាដោយសេរី ក្រោមការសម្របសម្រួលពីក្រុមការងាររៀបចំព្រឹត្តិការណ៍នេះ។ ការប្រកួត កីឡាបាល់ទាត់កម្ពុជា-ថៃនេះ ជាការប្រកួតមិត្តភាព ដែលមាន កីឡាករនិងតារាល្បីៗរបស់ថៃ និងកីឡាករនិងតារាល្បីៗរបស់កម្ពុជាមកចូលរួមជាកីឡាករជាច្រើននាក់។ ក្នុង​គោល​បំណង​រឹត​ចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរថែមទៀត។

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោករដ្ឋមន្រ្តីក្រសួងការបរទេស​ នៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញចូលរួមជាសហអធិបតី ជាមួយនឹងការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន និងទូរទស្សន៍របស់ថៃ កាច់បន្តផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃបានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ មាន២ប្រកួតនោះគឺ- ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ។ -ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕

ដោយ ៖ ស្រីរ័ត្ន

The post កម្ពុជា-ថៃ នឹងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព នៅថ្ងៃ៨មីនា ខាងមុខនេះ appeared first on Kampuchea Thmey Daily.