MoC អំពាវនាវដល់អាជីវករក្នុងស្រុកចូលរួមពិព័រណ៍កាកាវអន្តរជាតិម៉ាឡេស៊ី ឆ្នាំ២០២៥
ក្រសួងពាណិជ្ជកម្ម (MoC) បានអំពាវនាវដល់ពាណិជ្ជករ និងសាធារណជនដែលមានបំណងស្វែងរកដៃគូរពាណិជ្ជកម្មលើផលិតផលកាកាវ The post MoC អំពាវនាវដល់អាជីវករក្នុងស្រុកចូលរួមពិព័រណ៍កាកាវអន្តរជាតិម៉ាឡេស៊ី ឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.

ក្រសួងពាណិជ្ជកម្ម (MoC) បានអំពាវនាវដល់ពាណិជ្ជករ និងសាធារណជនដែលមានបំណងស្វែងរកដៃគូរពាណិជ្ជកម្មលើផលិតផលកាកាវ ឱ្យចូលរួមក្នុង«ពិព័រណ៍កាកាវអន្តរជាតិម៉ាឡេស៊ី ឆ្នាំ២០២៥» នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិសាបា ទីក្រុង Kota Kinabalu រដ្ឋ Sabah ប្រទេសម៉ាឡេស៊ី។

យោងតាមសេចក្តីជូនដំណឹងរបស់ MoC ក្រុមប្រឹក្សាកាកាវម៉ាឡេស៊ី នឹងរៀបចំ “ពិព័រណ៍កាកាវអន្តរជាតិម៉ាឡេស៊ី ឆ្នាំ២០២៥» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែឧសភា ឆ្នាំ ២០២៥ ដែលព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិនេះ ជាវេទិកាដ៏មានសារៈសំខាន់មួយដែលប្រមូលផ្តុំនូវអ្នកផលិតកាកាវ អ្នក កែច្នៃសូកូឡា និងអ្នកពាក់ព័ន្ធក្នុងអាជីវកម្មកាកាវ និងសូកូឡាទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើត បណ្តាញទំនាក់ទំនង និងស្វែងរកឱកាសអាជីវកម្មថ្មីៗក្នុងវិស័យកាកាវ។
«ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួល សូមអញ្ជើញ លោក-លោកស្រី ជាពាណិជ្ជករ និង សាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ សូមធ្វើការទំនាក់ទំនងមក បំពេញបែបបទចូលរួម តាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួង ពាណិជ្ជកម្ម»។ នេះបើយោងតាមសេចក្តីជូនដំណឹងនេះ។
លោកស្រី ស៊ុ សុរង្សី នាយិកាក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា(Family Cocoa) បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) កាលពីខែមិថុនា ឆ្នាំ២០២២ ថា ក្រុមហ៊ុនហ្វេមីលីកាកាវ បានលក់ដើមកូនកាកាវទៅឱ្យកសិកក្នុងតម្លៃ ១២ ០០០ រៀល ក្នុងមួយដើម ដោយឱ្យប្រជាកសិករបង់មុន៧០ភាគរយ នៅ៣០ភាគរយទៀតនឹងត្រូវបង់នៅពេលប្រមូលផលបាន។

លោកស្រីបានបន្តថា ចំពោះកសិករដែលបានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងការដាំដំណាំកាកាវនេះ នៅពេលកាកាវរបស់ពួកគាត់ទទួលបានផល ខាងក្រុមហ៊ុននឹងទទួលទិញទាំងអស់។ កាលពីថ្មីៗនេះក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា និងក្រុមហ៊ុនអាណាចក្របៃតងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុន COCOA Network Co., Ltd. (K.U.N) នៃប្រទេសថៃ ដោយគ្រោងនឹងសាងសង់រោងចក្រកែច្នៃគ្រាប់កាកាវមួយកន្លែងលើផ្ទៃដីទំហំប្រមាណជា ៥ហិកតា នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីធ្វើការកែច្នៃគ្រាប់កាកាវ ដែលប្រមូលទិញបានពីប្រជាកសិករ នៅទូទាំងប្រទេសកម្ពុជា។
លោកស្រីបានបន្ដទៀតថា ការប្រមូលទិញនេះ គឺសំដៅធានាបាននូវទីផ្សារកែច្នៃ និងតម្លៃសមស្រប ដើម្បីឱ្យបងប្អូនប្រជាកសិករ ដែលកំពុងដាំ និងបន្តដាំដើមកាកាវ មានភាពរឹងមាំ និងមានទំនុកចិត្តទៅលើទីផ្សារ ក្នុងការបង្កើនការដាំដុះកាកាវ បង្កើនលទ្ធភាពដល់ពួកគាត់មានចំណូលបន្ថែម និងបង្កើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយចំណាកស្រុក ជាដើម។

បើយោងតាម AKP ដំណាំកាកាវ ក្នុងអាយុពី១ឆ្នាំកន្លះ ទៅ២ឆ្នាំដំបូងអាចផ្តល់ផលតិចតួច នៅឆ្នាំបន្ទាប់ កាកាវនឹងផ្តល់ផលទ្វេដង ហើយក្នុង១ឆ្នាំកសិករអាចប្រមូលផលពី២ទៅ៤ដង ដោយសារតែធម្មជាតិដំណាំកាកាវផ្តល់ផលផ្លែផ្កាពុំមានរដូវកាល គឺផ្លែផ្កាវិលជុំក្នុង១ឆ្នាំៗ មានន័យថា ប្រមូលផលរួច វានឹងចេញផ្កា និងផ្លែបន្តទៀត។ នៅក្នុងឆ្នាំទី៣ កាកាវមួយដើមផ្តល់ផលពី៥០ទៅ៦០គីឡូក្រាម ឆ្នាំបន្ទាប់ទៀត ពី៧០ ទៅ១០០គីឡូក្រាម និងគ្រប់អាយុពេញវ័យ ៥ឆ្នាំឡើងទៅ កាកាវ១ដើម អាចនឹងផ្តល់ផលពី ១០០ ទៅ ១៥០គីឡូក្រាម។ ចំពោះដំណាំការកាវនេះមានអាយុកាលរហូតទៅ៦០ឆ្នាំ។
សម្រាប់ផ្លែកាកាវទុំស្រស់គេយកគ្រាប់របស់វាទៅសម្ងួតឱ្យក្រៀម រួចចម្រាញ់ជាម្សៅ និងប្រេង ដើម្បីកែច្នៃជាផលិតផលសម្រេចជាអាហារ ភេសជ្ជៈ គ្រឿងស្រវឹង គ្រឿងសម្អាង ថ្នាំពេទ្យ ចំណីសត្វ ជី និងជីវ-ឧស្ម័ន សរុបមានជាង ២ ០០០មុខ ដើម្បីបម្រើតម្រូវការរបស់មនុស្សលើពិភពលោក៕
The post MoC អំពាវនាវដល់អាជីវករក្នុងស្រុកចូលរួមពិព័រណ៍កាកាវអន្តរជាតិម៉ាឡេស៊ី ឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.