លោក ថាក់ស៊ីន បង្ហាញបំណងចេញមុខជួយរដ្ឋាភិបាលកូន ចរចារឿងពន្ធគយជាមួយអាមេរិក
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បង្ហាញបំណងចេញមុខទៅចរចាជាមួយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលដំឡើងពន្ធនាំចូលខុសប្រក្រតី... The post លោក ថាក់ស៊ីន បង្ហាញបំណងចេញមុខជួយរដ្ឋាភិបាលកូន ចរចារឿងពន្ធគយជាមួយអាមេរិក appeared first on Kampuchea Thmey Daily.

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បង្ហាញបំណងចេញមុខទៅចរចាជាមួយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលដំឡើងពន្ធនាំចូលខុសប្រក្រតី ដែលបង្កទៅជាក្តីបារម្ភជុំវិញសកលលោក។

យោងសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ Khaosod អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រ នៅថ្ងៃសៅរ៍ បានជំរុញរដ្ឋាភិបាលរបស់កូនស្រីរបស់គាត់កុំឱ្យប្រញាប់ប្រញាល់ខ្លាំងពេកក្នុងការចរចារពន្ធគយជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីរាយការណ៍នោះ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានបន្ថែមថា ក្រុមចរចាត្រូវតែចេះអត់ធ្មត់ ហើយប្រសិនបើចាំបាច់ លោកនឹងពិចារណាស្វែងរកការអនុញ្ញាតពីតុលាការ ដើម្បីធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួយចរចា។
កាលពីពាក់កណ្តាលខែមីនា រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានដាក់ពន្ធគយបដិការ ដល់ប្រទេសនានាជុំវិញពិភពលោក ដែលមានជញ្ជីងពាណិជ្ជកម្មមិនស្មើភាពទៅតាមកម្រិតនៃឱនភាពពាណិជ្ជកម្ម ប៉ុន្តែក្រោយមក រដ្ឋបាលរបស់ កីបានប្រកាសព្យួរការអនុវត្តរហូតដល់ខែកក្កដាវិញ ដើម្បីបើកផ្លូវឲ្យមានការចរចាទ្វេភាគី។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ជាមហាសេដ្ឋីវ័យ ៧៥ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច បន្ទាប់ពីគាត់បានត្រលប់ទៅប្រទេសថៃកាលពី២ឆ្នាំមុនបន្ទាប់ពីការនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ។ ទោះបីជាបែបនេះក្តី លោកត្រូវបានព្រះមហាក្សត្រលើកលែងទោសរយៈពេល ៦ខែក្រោយមក ហើយការជាប់ឃុំរបស់លោកគឺស្ថិតនៅក្នុងលក្ខខណ្ឌព្យាបាលជំងឺដោយសម្រាកនៅក្នុងមន្ទីរពេទ្យ រហូតដល់ថ្ងៃដោះលែងផ្លូវការ។
កាលពីឆ្នាំមុន គាត់ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រជុំវិញការបញ្ចេញមតិដែលគាត់បានធ្វើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីប្រាំបួនឆ្នាំមុន ហើយនឹងត្រូវប្រឈមមុខនឹងការកាត់ទោសនៅខែកក្កដាខាងមុខនេះ។ កាលពីពេលថ្មីៗនេះ តុលាការថៃបានហាមលោកថាក់ស៊ីន ធ្វើដំណើរមកកាន់កម្ពុជា និងប្រទេសប្រ៊ុយណេ ក្នុងដំណើរធុរកិច្ច។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ក្រោយពីការចេញមុខមាត់ខ្លាំងក្នុងឆាកនយោបាយថៃ ត្រូវតុលាការថៃចេញដីកាដាក់នៅក្រោមការតាមដានរបស់សមត្ថកិច្ច។ លោកថាក់ស៊ីន ក៏ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម តែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ចសម្រាប់កិច្ចប្រជុំកំពូលអាស៊ានដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះដែរ៕
ដោយ រ៉ាន់ រើយ
The post លោក ថាក់ស៊ីន បង្ហាញបំណងចេញមុខជួយរដ្ឋាភិបាលកូន ចរចារឿងពន្ធគយជាមួយអាមេរិក appeared first on Kampuchea Thmey Daily.