Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

វាបង្ហាញអំពីយុទ្ធសាស្ត្រឯកជនរបស់ក្រុមហ៊ុន​ ក្នុងការស្វះស្វែងរក​ដំណោះស្រាយ​ជុំវិញពន្ធ​ ត្រាំ និងបង្កើន​ស្តុកទូរស័ព្ទ iPhone ​នៅ​អាមេរិក The post Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក appeared first on Kampuchea Thmey Daily.

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ក្រុមហ៊ុនបច្ចេកវិទ្យា Apple បាន​ដឹកជញ្ជូនតាមជើងយន្តហោះនូវទូរស័ព្ទម៉ាក iPhone ប្រមាណ ៦០០ តោន​ ឬ​ប្រហែល ១,៥ លានគ្រឿង ពី​ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក ដើម្បី​ទប់ទល់នឹង​វិធានការពន្ធគយបដិការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយ​ក្រុមហ៊ុននេះជំរុញផលិតកម្មនៅឥណ្ឌា។ នេះបើតាមការចុះផ្សាយសារព័ត៌មាន​រ៉យទ័រ ដែលស្រង់សម្ដីប្រភព​ដឹកច្បាស់ពីបញ្ហានេះ។

ព័ត៌មាននេះ បង្ហាញអំពីយុទ្ធសាស្ត្រឯកជនរបស់ក្រុមហ៊ុន​ ក្នុងការស្វះស្វែងរក​ដំណោះស្រាយ​ជុំវិញពន្ធរបស់លោក ត្រាំ និងបង្កើន​ស្តុកទូរស័ព្ទ iPhone ​នៅសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំបំផុតមួយរបស់​ខ្លួន។ កន្លងមក អ្នកវិភាគបានព្រមានថា តម្លៃ iPhone ​នៅសហរដ្ឋអាមេរិកអាចនឹង​កើនឡើង ដោយសារក្រុមហ៊ុន Apple ពឹងផ្អែកខ្លាំងលើការនាំចូលទូរស័ព្ទម៉ាកនេះ​មកពីប្រទេសជាមជ្ឈមណ្ឌល​ផលិត ចិន ​ដែល​រង​ការដាក់ពន្ធ ១២៥ ភាគរយ ពីលោក ត្រាំ។​ អត្រាពន្ធគយបដិការលើឥណ្ឌាត្រឹមតែ ២៦ ប៉ុណ្ណេះ ហើយឥឡូវនេះ ពន្ធដដែលត្រូវផ្អាកអនុវត្ត ៩០ ថ្ងៃ និងបន្ថយមកត្រឹម ១០ ភាគរយ។

​ប្រភពផ្សេងៗគ្នា ដែលសុំមិនបញ្ចេញឈ្មោះ បាន​អះអាងថា ចាប់តាំងពីខែមីនាមក យន្តហោះដឹកទំនិញប្រហែល ៦ គ្រឿង ដែល​យន្តហោះមួយ​ផ្ទុក​ទម្ងន់ទូរស័ព្ទ iPhone ១០០ តោន បានហោះចេញពីប្រទេសឥណ្ឌា រួមទាំង ១ គ្រឿងដែលបាន​ដឹកជញ្ជូនក្នុងសប្ដាហ៍នេះ​​។ ​រ៉យទ័របានប៉ាន់ប្រមាណថា ​ iPhone 14 និងឆ្នាំងសាកនីមួយៗ មានទម្ងន់ប្រហែល ៣៥០ ក្រាម នោះទំនិញ ៦០០ តោន អាច​ស្មើនឹង​​ iPhone ១,៥ លានគ្រឿង រួមទាំង​កញ្ចប់ផងដែរ។

ប្រភពម្នាក់ដែលដឹងពីគម្រោង​បាននិយាយ​ថា៖ «​Apple ​ចង់​ជម្នះលើវិធានការពន្ធ»។ ប្រភព​ដដែល​បាន​និយាយថា Apple បានស្នើឱ្យមន្ត្រីអាកាសយានដ្ឋានឥណ្ឌា បង្កើនល្បឿនគយនៅអាកាសយានដ្ឋាន Chennai ដោយកាត់បន្ថយពេលវេលារង់ចាំពី ៣០ ម៉ោងមកត្រឹមតែ ៦ ។ ប្រភព​បន្តថា Apple បានបង្កើត «ច្រករបៀងពណ៌បៃតង» នៅអាកាសយានដ្ឋានឥណ្ឌា ស្រដៀងទៅនឹងប្រព័ន្ធ​ដែលខ្លួនប្រើនៅព្រលានយន្តហោះចិនមួយចំនួន។

ក្រុមហ៊ុន Apple និង​ក្រសួង​អាកាសចរណ៍​ឥណ្ឌា​ មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។ ​

គួរគូសបញ្ជាក់ថា Apple បាន​លក់ iPhone ​ជាង ២២០ លានគ្រឿង/ឆ្នាំនៅទូទាំងពិភពលោក ដោយវិទ្យាស្ថានស្រាវជ្រាវ Counterpoint Research បានប៉ាន់ប្រមាណថា ១/៥ នៃការនាំចូល iPhone សរុបទៅ​សហរដ្ឋ​អាមេរិក គឺមាន​ប្រភព​មក​ពីឥណ្ឌា ហើយ ៤/៥ គឺមកពីចិន៕​

The post Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក appeared first on Kampuchea Thmey Daily.