៤ ខែឆ្នាំនេះ មានកម្មករ-និយោជិតស្លាប់ និងរបួសជាង ១ ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

៤ ខែឆ្នាំនេះ មានកម្មករ-និយោជិតស្លាប់ និងរបួសជាង ១ ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍... The post ៤ ខែឆ្នាំនេះ មានកម្មករ-និយោជិតស្លាប់ និងរបួសជាង ១ ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ appeared first on Kampuchea Thmey Daily.

៤ ខែឆ្នាំនេះ មានកម្មករ-និយោជិតស្លាប់ និងរបួសជាង ១ ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

នៅក្នុង​រយៈពេល ​៤​ ខែ​ ឆ្នាំ​ ២០២៥​ នេះ​ មាន​កម្មករ-និយោជិត​ស្លាប់​ និង​របួស​ប្រមាណ​ជាង​ ១​ ពាន់​នាក់ ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ក្នុងនោះ ​របួសធ្ងន់-​ស្រាល​ជាង​ ១ ១០០​ នាក់ ​និង​ស្លាប់​ ៣០ នាក់។

លោក​បណ្ឌិត ហេង ​សុផាន់​ណា​រិទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ១០​ ឧសភា ​នេះ​ថា ​ក្នុង​រយៈពេល ៤ ​ខែ ឆ្នាំ​ ២០២៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ ១ ០៣១​ ករណី មាន​ជនរងគ្រោះ​សរុប ១ ១៤១ នាក់ ក្នុងនោះ ​របួសស្រាល ៧៨៨​ នាក់ របួសធ្ងន់ ៣២៣ ​នាក់ និង​ស្លាប់ ៣០​ នាក់ បើ​ធៀប​នឹង​រយៈពេល​ ៤ ​ខែ ដូចគ្នា​ឆ្នាំ ​២០២៤ ​ឃើញថា មានការ​កើនឡើង​ ២%។

លោក​បណ្ឌិត​ បាន​បន្តថា មាន​កត្តា​សំខាន់​មួយចំនួន​ដែល​ជំរុញឱ្យមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ក្នុងនោះ​រួមមាន​ បើកបរ​លើស​ល្បឿន​កំណត់ មិន​ប្រកាន់​ស្តាំ (​បញ្ច្រាស​ទិស​) កត្តា​មិន​គោរព​សិទ្ធិ​អាទិភាព ការ​បត់​មិន​ត្រឹមត្រូវ​ និង​កត្តា​យានយន្ត។

លោក​បណ្ឌិត​ បានបញ្ជាក់​ថា ​ដើម្បី​កាត់បន្ថយ​ការ​រង​ហានិភ័យ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​សម្រាប់​កម្មករ-និយោជិត បេឡា​ជាតិ​សន្តិសុខ​សង្គម ដែលមាន​ក្រុមការងារ ស​.​ផ​.​ក បាន​និង​កំពុង​អនុវត្ត​សកម្មភាព​រួមមាន​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដល់​អ្នក​បើកបរ​យាន​យន្ត​ដឹក​កម្មករ និង​កម្មករ និយោជិត ជាពិសេស​កម្មករ-និយោជិត ដែល​ធ្វើដំណើរ​តាម​ម៉ូតូ ជំរុញ​ឱ្យ​ពាក់​សុវត្ថិភាព​ឱ្យបាន​គ្រប់ៗ​ គ្នា។ ជំរុញ​ការកែលម្អ​រថយន្ត​ដឹក​កម្មករ-និយោជិត​ឱ្យ​កាន់​តែមាន​ផាសុកភាព និង​សុវត្ថិភាព​ឱ្យបាន​ឆាប់រហ័ស​។ ចុះ​អង្កេត​សិក្សា​ស្រាវជ្រាវ​រក​មូលហេតុ​ចម្បង​ដែល​បណ្តាលឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​មកលើ​កម្មករ-និយោជិត​ឱ្យបាន​ច្បាស់លាស់។ រៀបចំ​បទ​បង្ហាញ​ជា​មេរៀន វីដេអូ​ណែនាំ ស្ព​ត និង​ជា​សារ​សំឡេង សម្រាប់​អប់រំ ផ្សព្វផ្សាយ​នៅតាម​បណ្តា​រោងចក្រ សហគ្រាស គ្រឹះស្ថាន និង​តាមរយៈ​បណ្តាញ​សង្គម​នានា​ដល់​អ្នកបើក​បរ​យានយន្ត​ដឹក​កម្មករ និង​កម្មករ-និយោជិត ជាពិសេស​កម្មករ-និយោជិត​ដែល​ប្រើប្រាស់​ម៉ូតូ កង់ និង​ថ្មើរជើង ឱ្យបាន​យល់ដឹង​ច្បាស់​ពី​ច្បាប់ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ ជំរុញ​រថយន្ត​ប្រភេទ​ដឹកទំនិញ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដែល​ដឹក​កម្មករ-និយោជិត ប្តូរ​មកប្រើប្រាស់​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ និង​ជំរុញ​រថយន្ត​ប្រភេទ​ដឹកទំនិញ ដែល​ដឹក​កម្មករ-និយោជិត​ឈរ​ឱ្យ​ផ្លាស់ប្តូរ​មកជា​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ ឬ​កែច្នៃ​ឱ្យមាន​កៅអីអង្គុយ។

លោក​បណ្ឌិត បានធ្វើការ​អំពាវនាវ​ដល់​កម្មករ-និយោជិត​ទាំងអស់ មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ក្នុងការ​ធ្វើដំណើរ​ ទាំង​អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ​ និង​ទាំង​អ្នកធ្វើដំណើរ​ដោយ​រថយន្ត​ដឹក​កម្មករ-និយោជិត ​ត្រូវគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​ចៀសវាង​ករណី​គ្រោះថ្នាក់​ជាយថាហេតុ​ និង​ក្រើនរំលឹក​ទៅកាន់​អ្នកបើកបរ​រថយន្ដ​ដឹក​កម្មករ-និយោជិត​ទាំងអស់ ​ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​យកចិត្តទុកដាក់​រាល់ពេល​បើកបរ​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

The post ៤ ខែឆ្នាំនេះ មានកម្មករ-និយោជិតស្លាប់ និងរបួសជាង ១ ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ appeared first on Kampuchea Thmey Daily.