ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តមហាជនដើរកម្សាន្តលើផ្លូវថ្មើរជើងឱ្យបានច្រើនកុះករ
បន្ទាប់ពីបានដើរដោយផ្ទាល់លើផ្លូវថ្មើរជើង ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកទឹកចិត្តដល់មហាជនចូលរួមដើរកម្សាន្តលើផ្លូវថ្មើរជើងនេះឱ្យបានច្រើនកុះករ The post ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តមហាជនដើរកម្សាន្តលើផ្លូវថ្មើរជើងឱ្យបានច្រើនកុះករ appeared first on Kampuchea Thmey Daily.

បន្ទាប់ពីបានដើរទស្សនាដោយផ្ទាល់លើផ្លូវថ្មើរជើង រាជធានីភ្នំពេញ ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកទឹកចិត្តដល់មហាជនចូលរួមដើរកម្សាន្តលើផ្លូវថ្មើរជើងនេះឱ្យបានច្រើនកុះករ ដែលជាផ្នែកមួយជំរុញទាំងវិស័យទេសចរណ៍ និងសុខភាពសាធារណៈ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានឆ្លៀតពេលនាំក្រុមគ្រួសារ និងក្រុមការងារ ដើរទស្សនាកម្សាន្តទិដ្ឋភាពផ្លូវថ្មើរជើង (Walk Street) ដ៏ស្រស់ត្រកាល ក្នុងទឹកដីរាជធានីភ្នំពេញ។
ផ្លូវថ្មើរជើងនេះ បាននិងកំពុងដាក់ឱ្យដំណើរការជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង។ ផ្លូវថ្មើរជើងនេះ បានទាក់ទាញពលរដ្ឋ និងភ្ញៀវអន្តរជាតិ ដើរលេងកម្សាន្តយ៉ាងច្រើនកុះករ ខណៈអាជ្ញាធររាជធានីភ្នំពេញ ក៏បានរៀបចំកន្លែងកម្សាន្តសប្បាយៗច្រើនប្រភេទ ទាំងការប្រគុំតន្ត្រីប្រជាប្រិយ បុរាណ និងល្បែងប្រជាប្រិយខ្មែរ។

បន្ទាប់ពីបានដើរទស្សនាដោយផ្ទាល់ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តពុកម៉ែ បងប្អូន យុវជន យុវនារី សិស្ស និស្សិត ចូលរួមដើរកម្សាន្តលើផ្លូវថ្មើរជើង (Walk Street) ឱ្យបានច្រើនកុះករ ដើម្បីជំរុញបន្ថែមវិស័យទេសចរណ៍ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើងថែមទៀត ក៏ដូចជាការដើរហាត់ប្រាណ ដើម្បីសុខភាពល្អផងដែរ។
កន្លងមក ក្នុងពិធីបិទសន្និបាតការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តបាត់ដំបង កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានបង្ហាញបំណងចង់ឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាគម្រោងរៀបចំផ្លូវថ្មើរជើងពេលរាត្រី សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដូចនៅរាជធានីភ្នំពេញ ដែលកំពុងដាក់ឱ្យដំណើរការ ដើម្បីទាក់ទាញនូវប្រជាពលរដ្ឋដើរកម្សាន្ត។

ការកត់សម្គាល់របស់លោក ស សុខា ការសាកល្បងផ្លូវថ្មើរជើងនៅភ្នំពេញ ទទួលបានការគាំទ្រពីសាធារណជន ទាំងអ្នកហាត់ប្រាណ និងអ្នកថ្មើរជើងកម្សាន្ត មិនថាមនុស្សចាស់ វ័យកណ្ដាល យុវជន និងកុមារ ដ្បិតពួកគាត់មិនព្រួយបារម្ភអំពីបញ្ហាចរាចរណ៍ និងក្លិនផ្សែងចេញពីយាន្ដយន្ត ខណៈអ្នកលក់ដូរបែបចល័ត ក៏ទទួលបានឱកាសលក់ចំណីអាហារ និងវត្ថុអនុស្សាវរីយ៍ដាច់ជាងមុន។
បើតាមការគូសបញ្ជាក់របស់លោក ស សុខា ដោយផ្អែកតាមការស្រាវជ្រាវមួយ គឺរកឃើញថា មានប្រជាជនប្រមាណ ១៤% បានកាត់បន្ថយភាពតានតឹង ឬស្ត្រេស ដោយសារតែអាជ្ញាធរបានរៀបចំទីតាំងសម្រាប់ពួកគាត់ដើរហាត់ប្រាណ និងទីតាំងសម្រាប់ថ្មើរជើងកម្សាន្តនៅពេលព្រឹក ពេលល្ងាច និងពេលយប់៕

The post ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តមហាជនដើរកម្សាន្តលើផ្លូវថ្មើរជើងឱ្យបានច្រើនកុះករ appeared first on Kampuchea Thmey Daily.