អាមេរិក និងចិន ព្រមគ្នាផ្អាកអនុវត្តពន្ធ ៩០ ថ្ងៃ និងទម្លាក់ពន្ធត្រឹម ១១៥%
នេះគឺជាជំហានដ៏ធំនៃការបន្ធូរបន្ថយភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចចិន និងអាមេរិក ដែលបានធ្លាក់ចុះទៅក្នុងសង្រ្គាមពន្ធ The post អាមេរិក និងចិន ព្រមគ្នាផ្អាកអនុវត្តពន្ធ ៩០ ថ្ងៃ និងទម្លាក់ពន្ធត្រឹម ១១៥% appeared first on Kampuchea Thmey Daily.

សហរដ្ឋអាមេរិក និងចិន នៅថ្ងៃចន្ទនេះ បានប្រកាសពីការព្រមព្រៀងគ្នាផ្អាកការអនុវត្តពន្ធខ្ពស់កប់ពពករយៈពេល ៩០ ថ្ងៃសិន ក៏ដូចជាព្រមគ្នាលើការកាត់បន្ថយអត្រាពន្ធមកត្រឹម ១១៥ ភាគរយ ក្រោយមន្រ្តីជាន់ខ្ពស់ទាំង ២ ជួបប្រជុំចរចាគ្នានៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស កាលពីចុងសប្ដាហ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

ក្នុងសេចក្ដីថ្លែងការណ៍រួមចេញផ្សាយនារសៀលម៉ោង ២ នេះ (ម៉ោងនៅទីក្រុងភ្នំពេញ) ពន្ធអាមេរិក ១៤៥ ភាគរយ លើទំនិញចិន នឹងទម្លាក់ចុះ ៣០ ភាគរយ មកត្រឹម ១១៥ ភាគរយ ខណៈពន្ធចិន ១២៥ ភាគរយ លើទំនិញអាមេរិក នឹងទម្លាក់ចុះ ១០ ភាគរយ មកត្រឹម ១១៥ ភាគរយ ដូចគ្នា។ ការសម្រេចថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី ១៤ ឧសភា តទៅ។
គេមើលឃើញថា នេះគឺជាជំហានដ៏ធំនៃការបន្ធូរបន្ថយភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចចិន និងអាមេរិក ដែលបានធ្លាក់ចុះទៅក្នុងសង្រ្គាមពន្ធរាប់តាំងពីលោក ត្រាំ ឡើងកាន់អំណាចនៅចុងខែមករា ដើមឆ្នាំ។

ការព្រមព្រៀមថ្មី ធ្វើឡើងក្រោយមន្រ្តីជាន់ខ្ពស់អាមេរិក រួមមានរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងតំណាងសភាពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានជួបចរចាពន្ធជាមួយមន្រ្តីជាន់ខ្ពស់ចិន ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng។
ក្រៅតែពីការផ្អាកការអនុវត្តពន្ធ ៩០ ថ្ងៃ និងការទម្លាក់អត្រាពន្ធ សហរដ្ឋអាមេរិក និងចិន ក៏បាននិយាយផងដែរ ពួកគេក៏នឹង «បង្កើតយន្តការដើម្បីបន្តការពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម»៕
The post អាមេរិក និងចិន ព្រមគ្នាផ្អាកអនុវត្តពន្ធ ៩០ ថ្ងៃ និងទម្លាក់ពន្ធត្រឹម ១១៥% appeared first on Kampuchea Thmey Daily.