ឡាវចង់ភ្ជាប់ខ្លួនទៅនឹងសមុទ្រតាមរយៈកម្ពុជា

ប្រធានរដ្ឋសភាឡាវលោក សាយសំផន ភុមវិហាន បញ្ជាក់ប្រាប់សម្ដេចតេជោ ពីគម្រោងចង់ប្រែក្លាយខ្លួនពីប្រទេសមិនជាប់សមុទ្រ ទៅជាប្រទេសជាប់នឹងសមុទ្រតាមរយៈការតភ្ជាប់ផ្លូវដែកជាមួយប្រទេសជិតខាង The post ឡាវចង់ភ្ជាប់ខ្លួនទៅនឹងសមុទ្រតាមរយៈកម្ពុជា appeared first on Kampuchea Thmey Daily.

ឡាវចង់ភ្ជាប់ខ្លួនទៅនឹងសមុទ្រតាមរយៈកម្ពុជា

ប្រធានរដ្ឋសភាឡាវលោក សាយសំផន ភុមវិហាន (Xaysomphone Phomvihane) បានបញ្ជាក់ប្រាប់ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ពីគម្រោងចង់ប្រែក្លាយខ្លួនពីប្រទេសមិនជាប់សមុទ្រ ទៅជាប្រទេសជាប់នឹងសមុទ្រតាមរយៈការតភ្ជាប់ផ្លូវដែកជាមួយប្រទេសជិតខាង និងជំរុញធ្វើយ៉ាងណាឱ្យបន្តអនុវត្តអនុស្សារណៈយោគយល់គ្នាជាមួយកម្ពុជាសាងសង់តភ្ជាប់ផ្លូវដែកផងដែរ។

លោក សាយសំផន លើកឡើងបែបនេះក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមានរដ្ឋសភាឡាវ នៅរដ្ឋធានីវៀងចន្ទន៍ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយថាគម្រោងភ្ជាប់ទៅសមុទ្រនេះនឹងផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូល និងទាក់ទាញទេសចរមកទស្សនាប្រទេសឡាវផងដែរ។

លោកសង្ឃឹមថាកិច្ចខិតខំព្យាយាមក្នុងការបន្តអនុវត្ត MoU និងកិច្ចព្រមព្រៀងនានា ជាពិសេសលើវិស័យថាមពល និងសាងសង់ផ្លូវដែកតភ្ជាប់រវាងប្រទេសយើងទាំងពីរ នឹងផ្តល់កាលានុវត្តភាពដល់ទំនាក់ទំនងនិងការជំរុញពាណិជ្ជកម្មយើងទាំងពីរបន្ថែមទៀត។

ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​វាយតម្លៃខ្ពស់ពីការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា-ឡាវ តាមស្មារតី «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៩។ សម្ដេចតេជោបានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគ្រប់វិស័យរួមមាន កិច្ចការសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពលជាដើម ដោយស្ថាប័ននីតិប្បញ្ញត្តិត្រូវចូលរួមគាំទ្រដល់រដ្ឋាភិបាល។

គោលបំណងក្នុងការភ្ជាប់ផ្លូវដែកកម្ពុជា-ឡាវគឺជាបំណងមួយរបស់សម្ដេចតេជោតាំងពីសម្ដេចកាន់នាទីជានាយករដ្ឋមន្ត្រីកម្ពុជាមកម្លេះ ដោយបានប្រគល់ភារកិច្ចដល់ក្រសួងសាធារណការ អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តរតនគិរី ត្រូវសហការសិក្សាលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅតំបន់ទន្លេរពៅ ខេត្តព្រះវិហារ និងនៅតំបន់កន្ទុយនាគ ខេត្តរតនគិរី។

ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តមធ្យោបាយ និងភស្តុភារកម្ពុជាឆ្នាំ២០២៣ -២០៣៣ បណ្តាញផ្លូវដែកនៅកម្ពុជានឹងត្រូវអភិវឌ្ឍជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយត្រឹមឆ្នាំ២០២៧ លើកកម្រិតបណ្តាញផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ដែលមានស្រាប់ទៅជាផ្លូវដែកដែលមានសមត្ថភាពដូចផ្លូវដែកភាគខាងត្បូង និងដំណាក់កាលទីពីរគិតត្រឹមឆ្នាំ ២០៣៣ បណ្តាញផ្លូវដែកមានទម្រង់ជា «កាំ៣ខ្សែ» នឹងត្រូវបានសាងសង់រួមមាន ផ្លូវដែកល្បឿនលឿនភាគខាងជើងតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ថៃ ផ្លូវដែកល្បឿនលឿនភាគឦសានតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ឡាវ និងផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងនោះក៏មាន ផ្លូវដែកល្បឿនលឿនភាគនិរតីតភ្ជាប់ទៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងផ្លូវដែកល្បឿនលឿនភាគពាយព្យតភ្ជាប់ពី ភ្នំពេញ-កំពង់ធំ-សៀមរាប-សិរីសោភ័ណ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ឡាវចង់ភ្ជាប់ខ្លួនទៅនឹងសមុទ្រតាមរយៈកម្ពុជា appeared first on Kampuchea Thmey Daily.