សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ម្ចាស់អចលនវត្ថុចំនួន ៣៨ពាន់៦៦៧ ប័ណ្ណក្នុងក្រុង ស្រុកទាំង៦ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប ... The post សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប appeared first on Kampuchea Thmey Daily.

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១២ ខែ មេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប និង មន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត សហការជាមួយក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ បានរៀបចំពិធីបិទបញ្ចប់ការងារវាស់វែងក្បាលដីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនិងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣៨ពាន់៦៦៧ ប័ណ្ណក្នុងក្រុង ស្រុកទាំង៦ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងថា ការចុះបញ្ជីដីធ្លីគឺជាការងារដ៏សំខាន់ សម្រាប់ធានាដល់ការអភិវឌ្ឍនូវសង្គមជាតិ សុវត្ថិភាពការកាន់កាប់ដីធ្លី និងរក្សានូវសណ្តាប់ធ្នាប់សង្គម ដូចដែលបាន កំណត់នៅចំណុចបញ្ចកោណទី៤ មុំទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការងារអាទិភាពចំនួន បី គឺ “ការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ” ត្រូវបានកំណត់ដោយ លោក សាយ សំអាល់។ លោក បន្តថា លទ្ធផលក្នុងការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ ដែលមានសមាសភាពចូលរូមមាន ៣៦៧រូប ស្រី៨១នាក់ មន្ត្រីក្របខណ្ឌ ១០៤រូប កិច្ចសន្យា ៣រូប មន្ត្រីស្ម័ត្រចិត្ត ២២៦រូប និងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា៣៤រូប ដោយប្រើប្រាស់ម៉ាស៊ីនវាស់វាង៩៥គ្រឿង ។ ក្នុងការវាស់ វែងដីធ្លីនេះ ភូមិសាស្ត្រមួយចំនួនស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ការពារមួយចំនួន ។ ក្នុងនោះបានប្រកាសតំបន់វិនិច្ឆ័យ ៨៥៥ភូមិ លើ៩១០ភូមិ និង ៩២ឃុំសង្កាត់ ដោយវាស់វែងបាន៨៨៥ពាន់៤២៦ក្បាលដី និង ប្រមូលទិន្និន័យ ចំនួន ៣១៧ពាន់១៩៦ក្បាលដី  ធ្វើការផ្សព្វផ្សាយបាន១៩១ភូមិ ស្មើនឹង២០៩ពាន់ ៣១៣ក្បាលដី  ចេញបណ្ណបាន ១៧៤ពាន់១៨៥បណ្ណ និង ចែកបណ្ណបាន ១០៩ពាន់៧៧០បណ្ណ។ ចំពោះបណ្ណនៅសល់ចំនួន ៦៤ពាន់៤១៧បណ្ណ ត្រូវបន្តចែកជូន ។ ចំពោះការដកចេញពីបញ្ជីបុរាណដ្ឋាន ព្រមទាំងឯកភាពចេញបណ្ណ បាន៤ពាន់៤២៣ក្បាលដី និង គ្រោងបន្តផ្តល់បណ្ណលើកទី២ចំនួន ២ពាន់១២០ក្បាលដី ព្រមទាំងរៀបចំផែនការប្រើប្រាស់ដីតំបន់រមណីយដ្ឋានអង្គរទាំង១១៤ភូមិ និង ធ្វើការកាត់ឆ្វៀលដីតំបន់២ និងតំបន់៣ បឹងទន្លេសាបទៀតផង ។

សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥  ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីគឺបានផ្តល់នូវសារប្រយោជន៍ជាសារវន្តទាំងពេលបច្ចុប្បន្ន និងនាពេល អនាគត សម្រាប់កម្មសិទ្ធិករ ជារដ្ឋក្តី រូបវន្តបុគ្គលក្តី និងនីតិបុគ្គលក្តី ដូចជា ៖១-រដ្ឋគ្រប់គ្រងបានដីធ្លីទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើអោយរដ្ឋ មានភាពងាយស្រួលក្នុង ការងាររៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី ការលើកស្ទួយកំរិតជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងការកាត់បន្ថយទំនាស់ដីធ្លី។ ២-ធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ។ ៣-ទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀត លើដីធ្លី របស់ខ្លួនដោយគ្មានការព្រួយបារម្ភ ។ ៤-អាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដី ដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ ឬអាជីវកម្មរបស់ខ្លួន ។

សម្តេច ពិជ័យសេនា បន្តថា ការចុះបញ្ជីដីធ្លីគឺជាការផ្តល់នូវសិទ្ធិ សុវត្ថិភាព ផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ដល់ប្រជាពលរដ្ឋ ហើយការងារវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន រៀបចំធ្វើឡើងតាំពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៨៩ ទើបមានការចេញប័ណ្ណផ្ដល់សិទ្ធិឯកជន លើអចលនទ្រព្យជូនប្រជាពលរដ្ឋ លើកទី១  ដូច្នេះពីឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ២០២៩ខាងមុខនេះឲ្យបានរួចរាល់ ។  សម្តេចពិជ័យសេនា ក៏បានថ្លែងនូវការកោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប និងថ្លែងនូវការអរគុណចំពោះប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជម្រុញការងារចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋទទួលបានជាផ្លែផ្កា នាពេលនេះ ។ 

សម្តេចពិជ័យសេនា បានលើកឡើងបន្តថា ការចែកប័ណ្ណកម្មសិទ្ធិជូន បងប្អូននៅពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយ បញ្ហាទំនាស់ ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក៏ដូចជារវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនផ្សេងៗ ដែលកន្លងមកជួបបញ្ហាទាំងនេះ ហើយតែងតែធ្វើឲ្យមានការប៉ះពាល់ដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ។ ដូចច្នេះការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ របស់បងប្អូន ប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឲ្យឃើញពីការគិតគូរយ៉ាងហ្មត់ ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងអនុវត្តន៍យ៉ាងសកម្មលើគោល នយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ នៅក្នុងឱកាសនោះ សម្តេចក៏បានលើកផងដែនូវចំណុចវិជ្ជមាន អវិជ្ជមានមួយចំនួន ដែលកើត ឡើងនៅតាមតំបន់មួយចំនួន ព្រមទាំងបានធ្វើការជម្រុញដល់ក្រុមការងារវាស់វែងទាំងអស់ បន្តធ្វើការរបស់ខ្លួនដែលនៅ សេសសល់ក្នុងមូលដ្ឋាន ឆ្ពោះទៅសម្រេចឲ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី ៕

ដោយ៖ គឿនវេត

The post សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប appeared first on Kampuchea Thmey Daily.