សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ការធ្លាក់ចុះនេះ គូសបញ្ជាក់អំពីបញ្ហាប្រឈមដែលកំពុងកើនឡើងនៅក្នុងវិស័យឧស្សាហកម្មថៃ ដោយបង្កើនការព្រួយបារម្ភអំពីទស្សនវិស័យសេដ្ឋកិច្ច​ ចំពេលការប្រកួតប្រជែងជាសកល។ The post សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក appeared first on Kampuchea Thmey Daily.

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

សហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងនៅថ្ងៃចន្ទ​នេះ​ថា សន្ទស្សន៍​ទំនុកចិត្តឧស្សាហកម្មនៅក្នុងប្រទេសថៃ បាន​ធ្លាក់ចុះនៅក្នុងខែធ្នូ ដែលជាការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៣ខែ ជំរុញដោយកម្សោយតម្រូវការក្នុងស្រុក និងការប្រកួតប្រជែងពីផលិតផលនាំចូលពីចិន​។ នេះបើតាមការ​ចុះ​ផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

FTI បានបង្ហាញថា សន្ទស្សន៍​ទំនុកចិត្តបានធ្លាក់ចុះដល់ ៩០,១ ពិន្ទ នៅខែ​ធ្នូ ឆ្នាំ ២០២៤ ពី ៩១,៤ ពិន្ទុ នៅខែ​វិច្ឆិកា។ ​ការធ្លាក់ចុះនេះ គូសបញ្ជាក់អំពីបញ្ហាប្រឈមដែលកំពុងកើនឡើងនៅក្នុងវិស័យឧស្សាហកម្មថៃ ដោយបង្កើនការព្រួយបារម្ភអំពីទស្សនវិស័យសេដ្ឋកិច្ច​ ចំពេលការប្រកួតប្រជែងជាសកល។

កម្សោយនៃតម្រូវការក្នុងស្រុក​ គឺ​ជា​បញ្ហា​ដ៏ធំរួច​ទៅហើយ ដែលគំរាម​កំហែង​កំណើនសេដ្ឋកិច្ចដើរអូសជើងរបស់​ថៃ​។ ការចំណាយ និង​ការ​ប្រើប្រាស់ឯកជនថៃ ​រំពឹង​ថា​នឹង​បន្តធ្លាក់ចុះ​នៅឆ្នាំ​​ ២០២៥ នេះ​ ដោយសារតែ​បំណុលគ្រួសារខ្ពស់ ទំនុកចិត្តអ្នកប្រើប្រាស់ខ្សោយ បទប្បញ្ញត្តិផ្ដល់កម្ចីរបស់ធនាគារកាន់តែតឹងរ៉ឹង និងការព្រួយបារម្ភអំពីការកើនឡើងនៃការបិទរោងចក្រ។

លើស​ពី​នេះ​ លំហូរ​នៃ​ទំនិញ​​ពី​ប្រទេស​ចិន​ ដែល​​ជន់លេច​ទីផ្សារ​ថៃ​ បាន​ក្លាយជា​ក្ដីបារម្ភដ៏ធំ។ វា​គឺ​ជា​​ប្រធានបទ​សេដ្ឋកិច្ចដ៏​ធំមួយ​សម្រាប់​អ្នកបង្កើននយោបាយ ​​អ្នក​ឧហ្សាហកម្ម​​ និងអ្នកពាក់ព័ន្ធថៃ ​​ដោយសារតែផលប៉ះពាល់​លើ​អាជីវកម្មខ្នាតតូច និងមធ្យមរបស់​ថៃ។

ការព្រួយបារម្ភ​នេះ​ ក៏ត្រូវ​បាន​រំពឹង​ទុកសម្រាប់​ឆ្នាំ ២០២៥ ផងដែរ​ នៅពេល​ភាព​តានតឹង​នៃ​ជម្លោះពាណិជ្ជកម្មអាមេរិក-ចិន​ ធ្វើឱ្យ​ចិន​បង្កើនការនាំចេញ​ទៅ​ប្រទេស​ទីផ្សារ​ជំនួស រួមទាំង​ប្រទេស​ថៃ​ ដោយសារ​តែ​ការនាំចេញ​ទៅអាមេរិក​រង​ការ​រឹតត្បឹត ក្រោម​លទ្ធភាព​នៃ​គោលនយោបាយ​ពន្ធធ្ងន់ធ្ងរ របស់​លោក ដូណាល់ ត្រាំ ដែល​នឹង​ឡើង​កាន់អំណាច​អាមេរិកសម្រាប់អាណត្តិទី២ ជា​ផ្លូវការនៅថ្ងៃចន្ទនេះ៕

The post សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក appeared first on Kampuchea Thmey Daily.