រដ្ឋាភិបាលអាល់បានីនឹងបិទ TikTok ចាប់ពីឆ្នំា២០២៥ ដើម្បីតាមដានការអប់រំកុមារ
រដ្ឋាភិបាលអាល់បានីនឹងបិទបណ្តាញទំនាក់ទំនងសង្គម TikTok យ៉ាងហោចណាស់មួយឆ្នាំចាប់ពីឆ្នាំ២០២៥ ដែលជាផ្នែកនៃការលើកកម្ពស់ការតាមដានសកម្មភាពកុមារ... The post រដ្ឋាភិបាលអាល់បានីនឹងបិទ TikTok ចាប់ពីឆ្នំា២០២៥ ដើម្បីតាមដានការអប់រំកុមារ appeared first on Kampuchea Thmey Daily.
នាយករដ្ឋមន្ត្រីអាល់បានី លោក Edi Rama កាលពីថ្ងៃទី ២១ខែធ្នូ បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងបិទបណ្តាញទំនាក់ទំនងសង្គម TikTok យ៉ាងហោចណាស់មួយឆ្នាំចាប់ពីឆ្នាំ២០២៥ ដែលជាផ្នែកនៃការលើកកម្ពស់ការតាមដានសកម្មភាពកុមារ។
លោក បានប្រាប់ការប្រជុំជាមួយគ្រូបង្រៀនជនជាតិអាល់បានី ឪពុកម្តាយ និងអ្នកចិត្តសាស្រ្តនៅរដ្ឋធានី Tirana ថា ៖«យើងនឹងកាត់ផ្តាច់វាចេញពីប្រទេសរបស់យើងសម្រាប់រយៈពេលមួយឆ្នាំ»។
ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃផែនការគាំទ្រដ៏ទូលំទូលាយដើម្បីធ្វើឱ្យសាលារៀនមានសុវត្ថិភាពជាងមុន។ នេះបើតាមការរាយការណ៍របស់ Reuters ។
នាយករដ្ឋមន្ត្រីនៃប្រទេសនៅតំបន់អឹរ៉ុបខាងកើតនេះ បានបន្ថែមថា រដ្ឋាភិបាលនឹងចាប់ផ្តើមកម្មវិធីដើម្បី «បម្រើការអប់រំរបស់សិស្ស និងជួយមាតាបិតាតាមដានដំណើររបស់កូនៗពួកគេ»។
ការបិទបណ្តាញទំនាក់ទំនងសង្គមដ៏ចម្រូងចម្រាសកើតឡើងមិនដល់មួយខែ បន្ទាប់ពីសិស្សអាយុ១៤ឆ្នាំម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសនៅក្នុងការវាយតប់គ្នានៅជិតសាលារៀនមួយក្នុងទីក្រុង Tirana ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងបន្ទាប់ពីមានការឈ្លោះប្រកែកគ្នារវាងក្មេងប្រុសទាំងពីរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ វីដេអូក៏បានផុសនៅលើ TikTok របស់អនីតិជនដែលគាំទ្រការសម្លាប់នេះ។
ឧបទ្ទវហេតុដ៏សាហាវនេះបានបង្កឱ្យមានការជជែកដេញដោលនៅក្នុងប្រទេសក្នុងចំណោមឪពុកម្តាយ អ្នកចិត្តសាស្រ្ត និងស្ថាប័នអប់រំអំពីផលប៉ះពាល់នៃបណ្តាញសង្គមមកលើយុវជន។
លោក Rama បាននិយាយថា៖«នៅក្នុងប្រទេសចិន TikTok ផ្សព្វផ្សាយពីរបៀបដែលសិស្សអាចចូលរៀន របៀបការពារធម្មជាតិ របៀបថែរក្សាប្រពៃណី។ ប៉ុន្តែនៅលើ TikTok នៅខាងក្រៅប្រទេសចិន យើងឃើញតែសុទ្ធតែសំរាម និងភក់ ហេតុអ្វីបានជាយើងត្រូវការវា?»។
ប្រទេសជាច្រើនបានចាប់ផ្តើមការជជែកពិភាក្សាគ្នាអំពីវិធានការប្រឆាំងនឹង TikTok ដែលជាផ្នែកមួយនៃការជជែកវែកញែកកាន់តែទូលំទូលាយលើឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គមលើក្រុមដែលងាយរងគ្រោះដូចជាកុមារ និងមនុស្សវ័យជំទង់។
នៅក្នុងបទប្បញ្ញត្តិដ៏តឹងតែងបំផុតមួយរបស់ពិភពលោកដែលផ្តោតលើ Big Tech អូស្ត្រាលីបានអនុម័តការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមពេញលេញសម្រាប់កុមារអាយុក្រោម ១៦ឆ្នាំកាលពីខែវិច្ឆិកាកន្លងទៅនេះ៕
The post រដ្ឋាភិបាលអាល់បានីនឹងបិទ TikTok ចាប់ពីឆ្នំា២០២៥ ដើម្បីតាមដានការអប់រំកុមារ appeared first on Kampuchea Thmey Daily.