លោក ហេង សួរ អរគុណ​រដ្ឋាភិបាល​កូរ៉េ​ដែល​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួល​ជួប​សម្ដែងការគួរសម និង​ពិភាក្សា​ការងារ​ជាមួយគណៈប្រតិភូសាធារណរដ្ឋកូរ៉េ The post លោក ហេង សួរ អរគុណ​រដ្ឋាភិបាល​កូរ៉េ​ដែល​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា appeared first on Kampuchea Thmey Daily.

លោក ហេង សួរ អរគុណ​រដ្ឋាភិបាល​កូរ៉េ​ដែល​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួល​ជួប​សម្ដែងការគួរសម និង​ពិភាក្សា​ការងារ​ជាមួយគណៈប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំ​ដោយ​លោក គីម ហានគីល (Kim Han-Gil) ប្រធានគណៈកម្មាធិការរួបរួមជាតិនៃការិយាល័យប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​ទីស្តីការ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នា​ពេល​នេះ​ផ្តោត​សំខាន់​លើ​កិច្ច​សហប្រតិបត្តិការបញ្ជូន និង​ទទួល​ពលករកម្ពុជាទៅធ្វើការនៅក្នុងប្រទេសកូរ៉េ រួម​នឹង​ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET នៅកម្ពុជា។

លោក ហេង សួរ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែល​ជួយ​ក្នុង​ការ​បណ្តុះបណ្តាលធនធានមនុស្សកម្ពុជា តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍ ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅប្រទេសកូរ៉េ ជាពិសេស​រដ្ឋាភិបាលកូរ៉េ បាន​ជួយ​កសាង​វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែល​ភាគ​ច្រើនស្គាល់​ថា សាលាកូរ៉េ ដែល​បាននឹងកំពុងបណ្តុះបណ្តាលធនធានមនុស្ស​ជាច្រើន លើជំនាញបច្ចេកទេស វិជ្ជាជីវៈ ភាសាកូរ៉េ ដោយមានកិច្ចសហការជាមួយសាកលវិទ្យាល័យនៃប្រទេសកូរ៉េ ផងដែរ។

ទន្ទឹម​នេះ វិទ្យាស្ថាន NPIC ក៏កំពុងសហការជាមួយក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ លើការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញយានយន្ត ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាទៀតផង។

លោក​រដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា សាធារណរដ្ឋ​កូរ៉េ​បាន​ក្លាយ​ជាទិសដៅដែលពលករកម្ពុជាចង់ទៅធ្វើការ ដោយសារ​ទទួល​បាន​ប្រាក់ចំណូលខ្ពស់ មាន​ការ​គាំពារពីរដ្ឋាភិបាលកូរ៉េ និង​អាច​ទទួលបានជំនាញខ្ពស់ពេលត្រឡប់មកប្រទេសកម្ពុជាវិញ។

តាម​រយៈនៃសមិទ្ធផលទាំងនេះ បង្ហាញ​ថា​កម្ពុជា-កូរ៉េ មាន​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា​មិនត្រឹមតែរវាងរដ្ឋនិងរដ្ឋ ក្រសួង​និង​ក្រសួង​ប៉ុណ្ណោះ​ទេ តែក៏​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាងល្អលើវិស័យវប្បធម៌ និង​ប្រជាជន​នៃប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប លោក Kim Han-Gil បាន​ជម្រាប​ជូន​ថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មាន​គោល​នយោបាយដែលត្រូវការកម្លាំងពលកម្មបរទេសកាន់តែច្រើន ជា​ពិសេស​កម្លាំង​ពលកម្ម​ជំនាញខ្ពស់ ដែល​ចំណុច​នេះ លោក រំពឹង​ថា កម្ពុជានឹងអាចអភិវឌ្ឍកម្លាំងពលកម្មជំនាញកាន់តែច្រើន ដើម្បីចូលរួម​បំពេញ​តម្រូវ​ការ​ទៅ​តាម​កូតា​របស់សាធារណរដ្ឋកូរ៉េ។

លោក ក៏​លើក​ទឹក​ចិត្ត​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​បំពេញ​ការងារ​នៅ​ប្រទេសកូរ៉េ រៀនភាសាកូរ៉េ​បន្ថែម​ទៀត​ផង​ដែរ៕

The post លោក ហេង សួរ អរគុណ​រដ្ឋាភិបាល​កូរ៉េ​ដែល​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា appeared first on Kampuchea Thmey Daily.