រដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះស្តារសំរាមចេញពីប្រឡាយទឹកផ្លូវជាតិលេខ ៤ សម្រួលចរន្តទឹកហូរ
រដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះស្តារសំរាមចេញពីប្រឡាយទឹកផ្លូវជាតិលេខ ៤ សម្រួលចរន្តទឹកហូរ... The post រដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះស្តារសំរាមចេញពីប្រឡាយទឹកផ្លូវជាតិលេខ ៤ សម្រួលចរន្តទឹកហូរ appeared first on Kampuchea Thmey Daily.

ដើម្បីសម្រួលចរន្តទឹកហូរបញ្ចៀសការជន់លិចនារដូវវស្សា នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ នេះ រដ្ឋបាលសង្កាត់ចោមចៅទី ៣ ដឹកនាំដោយលោកចៅសង្កាត់រងទី ១ ក្រុមការងារ និងមេភូមិ បានចុះស្តារកាយយកសំរាមចេញពីប្រឡាយទឹកស្អុយជាប់ផ្លូវជាតិលេខ ៤ ដែលស្ថិតនៅភូមិព្រៃព្រីងជើង ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។

លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី ១ បានឲ្យដឹងថា ដោយឃើញថាក្នុងប្រឡាយជាប់ផ្លូវជាតិលេខ ៤ ខាងលើពោរពេញទៅដោយកាកសំណល់សំរាម និងស្មៅដុះពាសពេញលើផ្ទៃទឹក បង្កការស្ទះចរន្តទឹកហូរ និងដើម្បីសម្រួលចរន្តទឹកហូរលឿននារដូវវស្សាខាងមុខនេះ ទើបនៅព្រឹកថ្ងៃទី ២៤ មេសា នេះ ដោយបញ្ជាផ្ទាល់ដោយលោក វ៉ា សាវឿន ចៅសង្កាត់ និងដឹកនាំដោយលោកផ្ទាល់ ចុះស្តារកាយយកសំរាមចេញ ចាប់ពីគល់ស្ពានអាកាសចោមចៅ រហូតទៅដល់ស្តុបជម្ពូវ័ន ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។

លោក សុទ្ធ សុជាតិ បានបន្តថា ដោយសារតែប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់ចេះជួយថែរក្សាបរិស្ថាន អនាម័យ បានយកសំបកថង់ប្លាស្ទិក សំបកដបទឹកសុទ្ធ និងកាកសំណល់ផ្សេងៗ បោះចោលគ្មានសណ្ដាប់ធ្នាប់ ធ្វើឲ្យសំរាមទាំងនោះហើរ ឬធ្លាក់ចូលក្នុងប្រឡាយទឹក បង្កផលប៉ះពាល់ស្ទះចរន្តទឹកហូរ ជន់លិចនារដូវវស្សា។ ដូចនេះក្នុងនាមជាអាជ្ញាធរ សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាវេចខ្ចប់ទុកដាក់សំរាមក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាមដើរប្រមូល និងដើម្បីថែរក្សាបរិស្ថាន អនាម័យស្អាត បញ្ចៀសការជន់លិចនារដូវវស្សា៕
អត្ថបទ ៖ សុខា











The post រដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះស្តារសំរាមចេញពីប្រឡាយទឹកផ្លូវជាតិលេខ ៤ សម្រួលចរន្តទឹកហូរ appeared first on Kampuchea Thmey Daily.