ម្ចាស់អាជីវកម្មផ្ទះត្រចៀកកាំរំពឹងថានឹងមានទីផ្សារល្អ ខណៈចិនបើកឱ្យនាំចេញ

លោក ញ៉ែម ប៊ុនថា ម្ចាស់អាជីវកម្មផ្ទះត្រចៀកកាំ ដាក់ក្ដីរំពឹងថានឹងមានទីផ្សារល្អ ខណៈប្រទេសចិនបើកឱ្យមានការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន... The post ម្ចាស់អាជីវកម្មផ្ទះត្រចៀកកាំរំពឹងថានឹងមានទីផ្សារល្អ ខណៈចិនបើកឱ្យនាំចេញ appeared first on Kampuchea Thmey Daily.

ម្ចាស់អាជីវកម្មផ្ទះត្រចៀកកាំរំពឹងថានឹងមានទីផ្សារល្អ ខណៈចិនបើកឱ្យនាំចេញ

លោក ញ៉ែម ប៊ុនថា ម្ចាស់អាជីវកម្មផ្ទះត្រចៀកកាំ ដាក់ក្ដីរំពឹងថានឹងមានទីផ្សារល្អ ខណៈប្រទេសចិនបើកឱ្យមានការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិនដែលជាការបើកផ្លូវថ្មីមួយទៀតសម្រាប់ផលិតផលកម្ពុជា។

លោក ញ៉ែម ប៊ុនថា ថ្លែងប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ​ថា សព្វថ្ងៃអាជីវកម្មចិញ្ចឹម និងផលិតទឹកត្រចៀកកាំ ហាក់មានទីផ្សារមិនសូវល្អ ដូចកាលពីឆ្នាំ២០០៩​ ដែលកាលនោះ ផលិតផលទាំងនេះ អាចលក់បានក្នុងតម្លៃខ្ពស់ ខណៈពុំសូវមានអ្នកចិញ្ចឹមច្រើនដូចសព្វថ្ងៃ។

ម្ចាស់អាជីវកម្មរូបនេះ បានឱ្យដឹងទៀតដែរថា សព្វថ្ងៃអាជីវកម្មចិញ្ចឹមសត្វច្រៀកកាំរបស់លោក ត្រូវបានបែងចែកចេញទៅ៣ដំណាក់កាល៖​​​ ទី១ ការលក់សំបុកត្រចៀកកាំ ទី២ ការផ្គត់ផ្គង់ផលិតផលពាក់កណ្ដាលសម្រេច និងទី៣គឺ ការផលិតទឹកត្រចៀកកាំសម្រាប់លក់ ដែលគេតែនិយមហៅថា បង្អែម ឬស៊ុបត្រចៀកកាំ។

លោក ញ៉ែម ប៊ុនថា បានបញ្ជាក់ទៀតដែរថា៖ ប្រសិនបើទៅថ្ងៃខាងមុខ ប្រទេសកម្ពុជាអាចនឹងនាំសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិនដូចការគ្រោងទុកពិតមែននោះ អ្នកចិញ្ចឹមត្រចៀកកាំទាំងអស់អាចនឹងមានទីផ្សារល្អឡើងវិញ ផងដែរ។​ ជាក់ស្ដែង បច្ចុប្បន្នសំបុកត្រចៀកកាំ អាចលក់ចេញបានត្រឹម១គីឡូ ៤០០ដុល្លារ ខណៈកាលពីមុន សំបុកត្រចៀកកាំ ១គីឡូ អាចលក់ចេញបានចន្លោះពី ១២០០ដុល្លារ ទៅ១៥០០ដុល្លារ។

លោក ស៊ុយ កុកធាន ប្រធាន​សមាគម​ត្រចៀក​កាំ​កម្ពុជាបានលើកឡើងកាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ថា កាលដែលប្រទេ​ស​កម្ពុជា និងប្រទេសចិនបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ជាជំហានមួយធំ ក្នុងការបើកផ្លូវឱ្យ​សំបុក​ត្រចៀកកាំកម្ពុជាអាចនាំទៅចិនបាន។

លោក ស៊ុយ កុកធាន បញ្ជាក់ថា៖ «យើងត្រូវសិក្សាពីនីតិវិធីមួយចំនួនទៀត អញ្ចឹង​ហើយ​បានជាខាងសមាគម ក៏ដូចជាអ្នកអភិរក្សត្រចៀកកាំ អ្នកដែលធ្វើការកែច្នៃ និងនាំចេញហ្នឹង ទៅជជែក​ពិភាក្សាជាមួយអ្នកជំនាញរបស់ក្រសួងកសិកម្ម ដើម្បីបញ្ជាក់ថា តើនីតិវិធីដែល​យើងត្រូវធ្វើបន្តបន្ទាប់ទៀតនោះ មានលក្ខណៈយ៉ាងម៉េច»។

លោក ស៊ុយ កុកធាន បញ្ជាក់ថា ទោះជាយ៉ាងណានេះជាជំហានដ៏ជោគជ័យ ដែលកសិករ​រង់ចាំយូរហើយ។

បើតាមលោក ​ស៊ុយ ​កុកធាន ទីផ្សារសំបុកត្រចៀកកាំនៅកម្ពុជានៅមានសក្ដានុពល ដោយ​សារតែ​ ​ចិន តៃវ៉ាន់ ហុងកុង និងសិង្ហបុរី ជាពិសេសប្រទេសចិន គឺជាប្រទេសដែលមានចំណង​មិត្ត​ភាព​ធំ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មច្រើនជាមួយកម្ពុជា ដូច្នេះសំបុកត្រចៀកកាំមានសក្ដានុពល​ខ្ពស់​ក្នុងការ​នាំ​ចេញទៅប្រទេសចិន។

តម្លៃសំបុកត្រចៀកកាំបច្ចុប្បន្ន ៣០០ ទៅ ៤៥០ ដុល្លារ សម្រាប់សំបុកមិនទាន់កែច្នៃ ប៉ុន្តែ​បើ​កែច្នៃហើយចន្លោះពី ៩០០ ទៅ ១៥០០ ក្នុងមួយគីឡូក្រាម។

គួរឱ្យដឹងថា ផលិតកម្មសំបុកត្រចៀកកាំផលិតនៅកម្ពុជា ភាគច្រើនផលិត​នៅខេត្តជាប់​មាត់​សមុទ្រ ដូចជា៖ ខេត្តកំពត ខេត្តកោះកុង ប៉ុន្តែសក្ដានុពល​សម្រាប់​​ការវិនិយោគបន្ត បច្ចុប្បន្ន បាន​ប្ដូរ​មក​ខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញ​បឹង​ទន្លេសាប ខេត្តស្ទឹងត្រែង និងព្រះ​វិហារ​វិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាង​សង់​ច្រើន​លើសលប់។

តាមការប៉ាន់ស្មាន កម្ពុជាមានសមត្ថភាពផលិតសំបុកត្រចៀកកាំប្រមាណ ១០០ តោន ក្នុងមួយឆ្នាំ៕

អត្ថបទ ៖ សួស សិត ​

The post ម្ចាស់អាជីវកម្មផ្ទះត្រចៀកកាំរំពឹងថានឹងមានទីផ្សារល្អ ខណៈចិនបើកឱ្យនាំចេញ appeared first on Kampuchea Thmey Daily.