ម៉ាឡេស៊ីអាចនឹងទិញយន្តហោះ Boeing ថ្មី បើចិនទម្លាក់ចោលការបញ្ជាទិញ

MAG ដែលជាក្រុមហ៊ុន​មេរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតយន្តហោះអាមេរិក​ Boeing The post ម៉ាឡេស៊ីអាចនឹងទិញយន្តហោះ Boeing ថ្មី បើចិនទម្លាក់ចោលការបញ្ជាទិញ appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ីអាចនឹងទិញយន្តហោះ Boeing ថ្មី  បើចិនទម្លាក់ចោលការបញ្ជាទិញ

​Malaysia Aviation Group (MAG) ដែលជាក្រុមហ៊ុន​មេរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតយន្តហោះអាមេរិក​ Boeing អំពីការទិញយន្តហោះថ្មី ប្រសិនបើ​ចិន​ទម្លាក់ការបញ្ជាទិញដែលខ្លួន​មាន​​ ជុំវិញ​បញ្ហា​ពន្ធជាមួយ​សហរដ្ឋអាមេរិក​។ នេះបើតាម​ការចុះផ្សាយបន្តរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

បណ្ដាញព័ត៌មាន​រដ្ឋម៉ាឡេស៊ី Bernama បាន​រាយការណ៍ដោយ​ស្រង់សម្ដីនាយកគ្រប់គ្រង MAG លោក Izham Ismail ដែល​បាន​និយាយថា ប្រសិនបើសង្គ្រាមពន្ធរវាងសហរដ្ឋអាមេរិក និងចិន ធ្វើឱ្យមាន យន្តហោះ Boeing ទំនេរ នោះ MAG មើលឃើញថា វាជាឱកាសដើម្បីទទួលបានយន្តហោះពី​ក្រុមហ៊ុន​លឿនជាងការរំពឹងទុក។

លោក ​Ismail បានប្រាប់ Bernama បន្តយ៉ាងដូច្នេះថា៖ «MAG កំពុងចរចាជាមួយក្រុមហ៊ុន Boeing អំពីថាតើយើងអាច​ទទួលជំនួស(យន្តហោះដែលចិនបញ្ជាទិញ)ទាំងនោះបានដែរឬទេ»។

ការឱ្យដឹងរបស់​លោក លោក ​Ismail បែបនេះ ធ្វើឡើងក្រោយ​មាន​សេចក្ដីរាយការណ៍ថា ក្រុមហ៊ុន ​Boeing ហាក់ដូចជាកំពុង​ដឹកជញ្ជូនយន្តហោះ 737 MAX មួយចំនួនរបស់ខ្លួន ត្រឡប់ពីចិន​ទៅកាន់សហរដ្ឋអាមេរិក​វិញ​ មុនប្រគល់ទៅឱ្យអតិថិជនចិន ដែល​បង្កការលើកឡើងថា ចិន​បដិសេធការបញ្ជាទិញ​ក្នុងបរិបទពន្ធរបស់​ ត្រាំ។ ទាំងក្រុមហ៊ុន Boeing និងចិន មិនបានធ្វើអត្ថាធិប្បាយ​​យ៉ាងណានោះទេ។

គួរគូស​បញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោក រួមទាំង​ម៉ាឡេស៊ី បាន​បញ្ជាទិញ​យន្តហោះថ្មីៗ ប៉ុន្តែប្រឈមមុខនឹងការពន្យាពេល​​ទទួល​បាន​ ដោយសារការរាំងស្ទះខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ក្រោយ​វិបត្តិកូវីដ១៩​ និងការធ្លាក់ចុះនៃផលិតកម្មរបស់ក្រុមហ៊ុន Boeing ដោយសារតែការត្រួតពិនិត្យបទប្បញ្ញត្តិ​ផ្សេងៗ៕

The post ម៉ាឡេស៊ីអាចនឹងទិញយន្តហោះ Boeing ថ្មី បើចិនទម្លាក់ចោលការបញ្ជាទិញ appeared first on Kampuchea Thmey Daily.