មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ

«អ្វីដែលសោកស្ដាយ និងរន្ធត់ចិត្តនោះស្រាប់តែនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២៥ មានមន្ត្រីកម្លាំងចម្រុះ មានទាំងរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានបានចាប់ The post មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ appeared first on Kampuchea Thmey Daily.

មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ

លោក សឿន នឿន អាយុ៤៧ឆ្នាំ ជាប្រជាកសិករមួយរូប ដែលប្រកបរបរកសិកម្មដាំដំណាំម្រេច មានទីលំនៅរស់នៅភូមិប៊ូស្រាឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានអះអាងប្រាប់«កម្ពុជាថ្មី»នៅថ្ងៃទី១ខែឧសភាឆ្នាំ២០២៥ថា ជន្លង់ម្រេចដែលគ្រោងនឹងលើកដាំលើទីតាំងដីចម្ការរបស់ខ្លួននៅដើមរដូវវស្សា ត្រូវបានសមត្ថកិច្ចចម្រុះរឹបអូសស្ទើរគ្មានសល់។

ការរឹបអូសនេះ ធ្វើឡើងកាលពីថ្ងៃទី ៣០​​ខែ មេសា ឆ្នាំ ២០២៥ ខណៈថ្ងៃកើតហេតុ កសិករ សឿន នឿន ពុំមានវត្តនៅលើដីចម្ការនោះទេ ពោលមានការរវល់នៅ ឯស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ កសិកររូបនេះ បានប្រាប់ថាបច្ចុប្បន្នខ្លួនបានប្រកបកសិកម្មដាំដំណាំម្រេចនៅលើផ្ទៃដីជិត ៧ ហិកតា ហើយជាទម្លាប់ឱ្យតែដល់ដើមរដូវវស្សាភ្លៀងជោកជាំដី ប្រជាកសិករគ្រប់រូបតែងតែនាំគ្នាត្រៀមនឹងការដាក់ដាំជន្លង់នេះបន្ថែមទៀត។ មិនខុសពីសព្វដង ឆ្នាំនេះលោកក៏គ្រោងនឹងពង្រីកដាក់ដាំដំណាំម្រេចនេះបន្ថែមទៀតនៅលើផ្ទៃដី ជាង៩ហិកតា។


ប៉ុន្តែលោកថ្លែងប្រាប់ថា៖«អ្វីដែលសោកស្ដាយ និងរន្ធត់ចិត្តនោះស្រាប់តែនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២៥ មានមន្ត្រីកម្លាំងចម្រុះ មានទាំងរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានបានចាប់រឹបអូសឈើជន្លង់ម្រេចនៅលើដីចម្ការរបស់គាត់ជិត១០០០ ជន្លង់ស្ទើគ្មានសល់ដែលគ្រោងនឹងលើកដាក់ដាំបង្ហើយ»។ បើតាមការកសិករដដែល រៀបរាប់ថា ការរឹបអូសនោះហាក់បីដូចជាមានការតក់ក្រហល់ ពោលមន្ត្រីជំនាញបានដឹកជញ្ជូនជន្លង់ម្រេចចេញពីដីចម្ការរបស់ខ្លួនទាំងយប់។

ជុំវិញការរឹបអូសនេះ «កម្ពុជាថ្មី»បានទាក់ទងទៅលោក អ៊ូ សុភក្តី នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដើម្បីធ្វើការបំភ្លឺ ប៉ុន្តែលោកបញ្ជក់ថា កំពុងតែបើកបររថយន្តតាមផ្លូវ ដោយគ្មានសេវាស្ដាប់មិនសូវបានរួចក៏បិទទូរស័ព្ទ។ ក្រោយមក«កម្ពុជាថ្មី» បានព្យាយាមទាក់ទងទៅជាច្រើនដងទៀតតែមិនមានអ្នកលើកទូរស័ព្ទនោះទេ។


ក្រោយហេតុការណ៍នេះ តាមរយៈកម្ពុជាថ្មី ក្នុងនាមកសិករ ដាំដំណាំស្របច្បាប់ជាច្រើនឆ្នាំមួយរូប និងតំណាងកសិករផ្សេងទៀតដែលមានចម្កាម្រេចដូចគ្នា លោក សឿន នឿន បានអំពាវនាវទៅដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលមេត្តាជួយអន្តរាគមន៍ ហើយករណីការដាំនោះខុសច្បាប់យ៉ាងណានោះ សូមជួយពន្យល់ប្រជាពលរដ្ឋឱ្យបានដឹងជាមុន។

លោកស្នើថា៖«ព្រោះកសិករមិនសូវយល់ពីច្បាប់ទម្លាប់នោះ ហើយបើមានខុសឆ្គងចំណុចត្រង់ណា មន្ត្រីជំនាញគួរធ្វើការអប់រំណែនាំសិនមុននឹងការអនុវត្តច្បាប់។ សូមមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរ មានការយោគយល់ដល់កសិករឱ្យផង ព្រោះកសិករខ្លះមិនមានមុខរបរដំណាំផ្សេងក្រៅពីប្រកបរបរកសិកម្មដាំដំណាំមួយប្រភេទនេះនោះទេ»។

កសិករដដែលអះអាងថា ការរឹបអូសជន្លង់ម្រេចរបស់ខ្លួនធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិដែលបានសន្សំអស់រយៈពេលជាច្រើន ហើយជាប់បំណុលធនាគារថែមទៀតផង។ ជារៀងរាល់ឆ្នាំ បន្ទាប់ពីភ្លៀងជោកជាំដីនៅដើមរដូវវស្សាប្រជាកសិករ ដែលរស់នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និយមប្រកបរបរកសិកម្មដាំដំណាំផ្សេងៗនៅលើទីតាំងដីចម្ការរបស់ខ្លួនទៅតាមទំនៀមទម្លាប់ ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ៕

អត្ថបទ៖រៀម សុខហេង

The post មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ appeared first on Kampuchea Thmey Daily.