ព្រៃឡង់​នៅ​ចំណុច​ដែន​ជម្រក​ស្រែវាល ស្រុកឆែប ត្រូវ​បាន​ទន្ទ្រាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍ បាន​ឱ្យ​ដឹង​ថា ដី​ដែន​ព្រៃឡង់ រាប់​រយ​ហិចតា នៅចំណុចជាំអំពៅ ជាំត្រាវ ចំណុចស្រះ៣ The post ព្រៃឡង់​នៅ​ចំណុច​ដែន​ជម្រក​ស្រែវាល ស្រុកឆែប ត្រូវ​បាន​ទន្ទ្រាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ appeared first on Kampuchea Thmey Daily.

ព្រៃឡង់​នៅ​ចំណុច​ដែន​ជម្រក​ស្រែវាល ស្រុកឆែប ត្រូវ​បាន​ទន្ទ្រាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ

ព្រះវិហារ ៖ ប្រភព​ព័ត៌មាន​ច្បាស់ការណ៍ បាន​ឱ្យ​ដឹង​ថា ដី​ដែន​ព្រៃឡង់ រាប់​រយ​ហិចតា នៅចំណុចជាំអំពៅ ជាំត្រាវ ចំណុចស្រះ៣ ចំណុច​ព្រៃវាលព្រិច និងចំណុចក្រសាំង ស្ថិតនៅភូមិឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវ​បាន​ក្រុម​មន្ត្រី​ដែន​ជម្រក​សត្វ​ព្រៃ​ប្រចាំ​ស្រុក​ឆែប និង​បក្ស​ពួក​មេ​ឈ្មួញ​ជា​ច្រើន​នាក់​ទៀត​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ឈូសឆាយ ដីព្រៃ​របស់​រដ្ឋ​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា ឈ្មោះ លោក ខន មាន​ងារ​​ជា​ឧកញ៉ា​ផង​នោះ និងពលរដ្ឋ​ឈ្មោះ ខន ព្រមទាំង លោក ជឹង ជា​មេឈ្មួញធំ​ជាង​គេ​ដែល​ជា​ជន​ចំណាក​ស្រុក​មក​ពី​ខេត្តត្បូងឃ្មុំ មក​ឈូសឆាយ​កាន់​កាប់។

ប្រជាពលរដ្ឋបានបន្ត​ថា ការ​កាប់​រាន​ទន្ទ្រាន​យក​ដី​ព្រៃរបស់រដ្ឋជាច្រើនហិកតានេះ គឺ​ជា​ក្រុម​ចំណាក​ស្រុក​ពី​ឆ្ងាយៗ ដើម្បី​ធ្វើ​ជា​របង​បិទ​បាំងភ្នែកមហាជន និង​ថ្នាក់​ដឹកនាំ ទើប​ហេតុផល​ថា ពលរដ្ឋ​ជា​អ្នក​មក​ទន្ទ្រាន​យក​ប្រើ​តាម​រូបភាព កន្ទេល​ធំ​បន្លំ​ដេក ឃុបឃិត​គ្នា​យក​ដី​ព្រៃឡង់ ដែល​ជា​ធនធាន​ធម្មជាតិ​សម្បត្តិរដ្ឋ​មក​ដាក់​លក់​យ៉ាង​រាប់រយ​រាប់ពាន់ហិតា។

លោក ហេង តឹក ឡាយ នាយដែនជម្រកស្រែវាល បានដាក់មេការ ឈ្មោះ កាលាត សម្រាប់លក់ដី នៅតំបន់នោះ និង ឈ្មោះរ៉ន សម្រាប់ទទួលខុសត្រូវត្រាក់ទ័រ២គ្រឿង ដើម្បី​ឈរចាំ​ឈូសឆាយ​ជូន​ឈ្មួញនាៗ ដែលចូលមក ទិញលក់ដូរ ទីផ្សារសេរី។

តាម​សម្ដី​របស់​មេការ​បាន​ប្រាប់​ថា បើ​ទិញដី​នេះ​ហើយ​ខ្លាច​អី​ព្រោះ​ម្ចាស់​គាត់​ជា​នាយ​ដែន​ជម្រក​សត្វព្រៃនៅតំបន់នេះ ហើយ​ឈូសឆាយគ្មាននរណាចាប់ ឡើយ ខ្លាច​តែ​មិន​ទិញ​ដី​គាត់​ទេ មួយទៀត ខ្លាច​តែ​យក​គ្រឿង​ចក្រ​ពី​ក្រៅ ចូល​មក​ឈូសឆាយ​ទេ​ខ្លាច​គាត់​ចាប់ បើ​គ្រឿង​ចក្រ​នៅ​ក្នុង​នោះ​អាច​ឈូស​ឆាយ​បាន​ដោយ​សេរី ព្រោះ​ម្ចាស់​ត្រាក់ទ័រ បាន​បង់​លុយ​គិត​ជា​ខែ​អស់​ហើយ​ពុំ​មាន​អ្នក​ណា​មួយ​ហ៊ាន​ប៉ះពាល់ទេ។

នេះ​ជា​សម្ដី​របស់​លោកមេការឈ្មោះ លោក កាលាត បាន​ឆ្លើយ​បញ្ជាក់​ថា​ ពួក​គាត់​បង់​បី​ឆ្នាំហើយ ក្នុងអាត្រាក់មួយគ្រឿង៣លានរៀលក្នុងមួយខែ បើឆ្នាំមុនបង់១០០០ដុល្លារស្មើនឹង ៤លានរៀលក្នុងមួយខែ តែដល់ក្រោយមកពួកយើងបានស្គាល់គ្នាយូរទៅហើយ លោកនាយដែនជម្រកស្រែវាល បានចុះថ្លៃមួយលានសល់តែ៣លានរៀលទេ ហើយនៅអាត្រាក់ខាងក្រៅទៀត ក៏បង់ខែដូចគាត់ដែរ ឱ្យតែដល់ខែគឺលោក ហេង តឹក ឡាយ មេដែនជម្រកមកដល់ផ្ទះខ្ញុំ តែម្ដងទាំងប្រធានទាំង លោក ផឹក វណ្ណៈ អនុប្រធានទាំងកូនចៅ។

ចំណែក​មេការ​របស់​លោក ផឹក វណ្ណៈ បាន​និយាយ​ប្រាប់​មក​អ្នក​កាសែត​ថា ក្នុង​នោះ​មាន ដី លោក ហេង តឹក ឡាយ ប្រធាន​ដែន​ជម្រក​ស្រែវាល លោក ផឹក វណ្ណៈ អនុប្រធាន ដែនជម្រកស្រែវាល ចំនួន៥០ហិកតា ដែរ ទុកសម្រាប់ដាក់លក់ ឱ្យតែឈ្មួញដែលត្រូវការគឺមានដីស្រាប់តែម្តង។

ប្រជាពល​រដ្ឋ​នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ បាន​សុំ​អំពាវនាវ​ទៅ​ដល់​អាជ្ញាធរស្រុក ខេត្ត និង​ក្រសួង​សាម៉ី ដែល​ពាក់ព័ន្ធ ជាពិសេស លោក​នាយឧត្តមសេនីយ៍ សៅ សុខា ដែល​ជា​គណៈ​កម្មការ​ឯកភាព​ចុះ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ទូទាំង​ប្រទេស សូម​លោក​មេត្តា​ដាក់​ការស៊ើបអង្កេត​ឱ្យ​បាន​ស៊ីជម្រៅ​ផង​ទាន និង​ដាក់​ទោសទាន់ ទៅ​លើ​ជនល្មើស​ណា​ដែល​ហ៊ាន​បំពាន​ដីរដ្ឋ កុំឱ្យគេចផុតពីសំណាញ់ច្បាប់ ដែល​ហ៊ាន​ឃុបឃិត​ប្រព្រឹត្ត​បទល្មើសទន្ទ្រានដីព្រៃរបស់រដ្ឋ យកទៅលក់ឱ្យឈ្មួញនាៗដែលមានរូបភាពជាក់ស្ដែងខាងក្រោមនេះ។

ជុំវិញ​ករណី​ខាង​លើ​នេះ​ អង្គភាព​យើងបានសុំការបំភ្លឺពីលោកនាយដែនជម្រកស្រែវាល លោក តឹក ហេងឡាយ និងលោក ផឹក វណ្ណៈ ខលចូលលោកថា ស្ដាប់មិនបាន ចំណែក លោកផឹក វណ្ណៈ បានឆ្លើយថា ខ្ញុំមិនមែនម្ចាស់ទូរសព្ទទេ។

លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បាន​ឱ្យ​ដឹង​តាម​ប្រព័ន្ធតេលេក្រាមថា ពាក់ព័ន្ធនឹង​ករណី​នេះ​ដែរ​ លោកបានចាត់​ឱ្យ​មន្ត្រី​សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន និង​កង​កម្លាំង​ប្រដាប់អាវុធ​ព្រម​ទាំង​អ្នក​សារព័ត៌មាន ចុះ​ពិនិត្យ​មើល​ទី​តាំង​ខាង​លើ​ដើម្បី​មាន​ធាន​ការទៅតាមផ្លូវច្បាប់។

លោក​គឹម ចាន់បញ្ញា អ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោកបានប្រាប់អ្នកសារព័ត៌មានថា លោកនឹងចុះអនុវត្តទៅតាមនីតិវិធីច្បាប់ ចំពោះ​ជន​ណា​ដែល​រំលោភ​បំពាន​កាន់​កាប់​ដី​ព្រៃ​របស់រដ្ឋ ហើយ​និង​ដាក់​ទោស​ទណ្ឌ​តាម​ផ្លូវច្បាប់។

ទោះជា​មាន​ការ​លើកឡើងរបស់អភិបាលរងខេត្តព្រះវិហារនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត ព្រមទាំងលោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ថានឹងចុះពិនិត្យមើលការកាប់បំផ្លាញព្រៃឡង់ ខាងលើដើម្បីមានវិធានការទៅតាមផ្លូវច្បាប់។ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃនេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​ណា​មួយ​នៅ​ឡើយទេ៕

ដោយ ៖ ជុន កុសល

The post ព្រៃឡង់​នៅ​ចំណុច​ដែន​ជម្រក​ស្រែវាល ស្រុកឆែប ត្រូវ​បាន​ទន្ទ្រាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ appeared first on Kampuchea Thmey Daily.