ពិធីពូនភ្នំខ្សាច់ និងជំនឿរបស់ខ្មែរក្នុងពេលចូលឆ្នាំថ្មី

ពិធីសាងវាលុកចេតិយ ឬពូនភ្នំខ្សាច់ តែងតែងត្រូវបានរៀបចំនៅតាមទីវត្តអារ៉ាមរបស់ខ្មែរជានិច្ចរាល់ពេលនៃពិធីបុណ្យចូលឆ្នាំខ្មែរម្ដងៗ ពលរដ្ឋខ្មែរ​យល់​ថា វាលុកចេតិយ​នេះ​មាន​អានុភាព​អាច​រំដោះ​ទុក្ខទោស​ភយន្តរាយ​ទាំងឡាយ​ឱ្យ​វិនាស​ខ្ចាត់ខ្ចាយ​អស់​គ្មាន​សល់។ The post ពិធីពូនភ្នំខ្សាច់ និងជំនឿរបស់ខ្មែរក្នុងពេលចូលឆ្នាំថ្មី appeared first on Kampuchea Thmey Daily.

ពិធីពូនភ្នំខ្សាច់ និងជំនឿរបស់ខ្មែរក្នុងពេលចូលឆ្នាំថ្មី

ពិធីសាងវាលុកចេតិយ ឬពូនភ្នំខ្សាច់ តែងតែងត្រូវបានរៀបចំនៅតាមទីវត្តអារ៉ាមរបស់ខ្មែរជានិច្ចរាល់ពេលនៃពិធីបុណ្យចូលឆ្នាំខ្មែរម្ដងៗ ពលរដ្ឋខ្មែរ​យល់​ថា វាលុកចេតិយ​នេះ​មាន​អានុភាព​អាច​រំដោះ​ទុក្ខទោស​ភយន្តរាយ​ទាំងឡាយ​ឱ្យ​វិនាស​ខ្ចាត់ខ្ចាយ​អស់​គ្មាន​សល់។

ការសាងវាលុកចេតិយ ឬពូនភ្នំខ្សាច់នេះ គឺធ្វើឡើងនៅល្ងាចថ្ងៃចូលឆ្នាំទី១ ដោយគេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​ វា​លុក​ចេតិយ ​នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​។ យោងតាមក្រសួងវប្បធម៌ ការ​ពូន​ភ្នំនេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កន្ដាល​ទីធ្លា​ដែល​គេ​បាន​កំនត់ រួចពូនអោយ​ចេញ​ជា​រាង​ចេតិយបែរមុខទៅទិសខាងកើត ហើយ​គេ​សន្មត់​ហៅ​ថា «វាលុកចេតិយ» គឺ​តំនាង​អោយ​ព្រះចូលាមនីចេតិយ​ដែល​សាង​សំរាប់​បញ្ចុះ​ព្រះកេសា និង​ព្រះចង្កូមកែវ​នៃ​ព្រះពុទ្ធបរមគ្រូ ។ ការពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករនៅសាលា​​ឆាន់ រឺ​ក្នុង​ព្រះវិហារ​ផង​ដែរ។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំនត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការពេញ​ចិត្ត​របស់​អ្នក​ស្អាង​។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កន្ដាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ ៤ ​ព័ទ្ធ​ជុំវិញ​គ្រប់​ទិស​តូច​ទាំង ៤។

នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើរាជ​វត័ តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារ ចេញ​ចូល​តាម​ទិស​ធំ​ទាំង ៤ ។ នៅ​ជុំវិញរាជ​វ័តគេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង ៨។ នៅ​លើ​រាន​ទេវតា​និមួយៗ​គេ​រៀប​ស្លាធម៌​មួយ​គូ​បាយ​សី​មួយ​ថ្នាក់ មួយ​គូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវត័ គេ​រៀប​រាន​ធំៗ​បី​ទៀត សំរាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកន្ដាលខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាងស្តាំ​គឺ​រាន​ព្រះពិស្នុ​ការរាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩​ថ្នាក់ និង​មាន​ដាក់​សំលៀកបំពាក់​ឆ្វេងស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។ ការ​សាង​វា​លុក​ចេតិយ​នេះ ដោយ​គេ​សំគាល់​ថា នឹង​បាន​ជា​ផល្លា​និសង្ស​វិសេស​វិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «អានិសង្សវាលុកចេតិយ» មហា​សំការ​សូត្រ ។

មានរឿងនិទាន៣ទាក់ទងនឹងពិធីពូនភ្នំខ្សាច់នេះ

និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកៈ ជាអ្នកឈ្មួញសំពៅ ។ នាសម័យមួយ បារិកៈ បើក​សំពៅ​ទៅ​ជួញ​បាន​ប្រទះ​ឃើញ​ផ្នូក​ខ្សាច់​ស​ល្អ​នៅ​តាម​ឆ្នេរ​សមុទ្រ ក៏​បបួល​ពួក​ ពាណិជ​ ដែល​ទៅ​ជួញ​ជា​មួយ​គ្នា បើក​សំពៅ​ឆៀង​ចូល​ចត​នៅ​ទៀប​ផ្នូក​ខ្សាច់​នោះ ហើយ​នាំ​គ្នា​ក​ជា​វាលុកចេតិយ ឧទ្ទិសជាតំណាង​ ចូលាមុណីចេតិយ ដែល​​បញ្ចុះ​ព្រះ​ចង្កូម​កែវ​របស់​ព្រះ​ពុទ្ធ​ ​នៅ​ឋាន​ត្រៃត្រឹង្ស​ ។ ស្រេច​ហើយ​ពួក​ពាណិជទាំង​​នោះ​ក៏​បេះ​យក​ផ្កា​ឈើ​មក​បូជា ដើរ​ប្រទក្សិណ ៣ ជុំ ហើយ​នាំ​គ្នា​ចុះ​សំពៅ​បើក​ចេញ​ទៅ​ជួញ​​បន្ត​ទៀត ។ បារិកពោធិសត្វ និង ​ពួក​ឈ្មួញ​អម្បាល​នោះ លុះ​រំលាយ​ខន្ធ​ទៅ ហើយបានទៅកើតជាទេវ​បុត្រ​នៅ​ឋាន​សួគ៌ជា​ច្រើន​ជាតិ លុះ​ច្យុត​ពី​សួគ៌ បាន​កើត​ក្នុង​មនុស្ស​លោក​បាន​ជា​ស្តេច​ឯករាជ្យ​ជា​ច្រើន​ជាតិ និង ត្រា​រាប់​ពុំ​បាន​ឡើយ​ ។ ក្នុង​​ទី​បំផុត ​បារិកពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ​អំណាច​ផល្លានិសង្ស ដែល​បាន​សាង​ វាលុកចេតិយ ។

និទានទី ២ ដំណាលពី​នាយ​នេសាទម្នាក់ (មិនប្រាកដឈ្មោះ)។ នាយ​នេសាទ​នោះ​ធ្វើ​តែ​បាប សំលាប់​សត្វ​បរិភោគ​តាំង​ពី​តូច​រហូត​ដល់​ចាស់​ មិន​ដែល​បាន​ធ្វើ​បុណ្យ​​ម្តងសោះ​ ។ នា​ថ្ងៃ​មួយ មានភិក្ខុ​សង្ឃ ១​រូប នឹក​អាណិត​នាយ​នេសាទ​ខ្លាំង​ណាស់​ ក៏​គិត​រក​ឧបាយ​ឲ្យ​គាត់​បាន​សាង​បុណ្យ​កុសល​ខ្លះ ។ លុះគិតរួច​ហើយ ភិក្ខុ​អង្គ​នោះ​ក៏គ្រង​ចីវរ​កាន់​យក​នូវ បាត្រដើរទៅរង់ចាំផ្លូវនាយនេសាទ ។ ថ្ងៃ​នោះ​វេលា​ព្រឹក​នាយ​នេសាទ​លី​លំពែង ១ និង ពុន​បាយ ១​កញ្ចប់​ចេញ​​ទៅ​ព្រៃ​ដើម្បី​ស្វែង​រក​សត្វ​មក​ចិញ្ចឹម​ជីវិត​ដូច​កាល​សព្វ​ដង ។ ដំបូង​នាយ​នេសាទ​ប្រកែក​ដាច់​ថា មិន​ព្រម​ប្រគេន តែ​ភិក្ខុ​នោះ​ចេះ​តែ​​ទទូច​សុំ ។ អត់មិនបាន​ក៏​រំលែក​បាយ ១ ពំនូត​ប្រគេន ។ ក្រោយ​មក កាល​នាយ​នេសាទ​រំលាយ​ខន្ធ​ស្លាប់​ទៅ​ត្រូវ​ពួក​យមបាល​ ឬ យមភូបាល​យក​ខ្លួន​ទៅ​សួរ​យក​ចម្លើយ អំពី​រឿង​កាល​នៅ​មនុស្ស​លោក​នោះបានធ្វើបុណ្យខ្លះ​ទេ ? នាយ​នេសាទ​តប​ថា ៖ មិន​បាន​​ធ្វើ​​បុណ្យ​​ទេ ធ្វើ​តែ​បាប​តាំង​ពី​តូច​មក ។ ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរណ្តៅ​ភ្លើង​នរក តែមិនឆេះ ត្រលប់ជាខ្ទាតចេញមក​​វិញ​ យមបាល​នឹក​ឆ្ងល់ ក៏សួរ​បញ្ជាក់​ថែម​ទៀត ។ ទទួល​នាយនេសាទក្រលេក​ទៅ​ឃើញ​អណ្តាត​ភ្លើង​មាន​ពណ៌​ដូច​ចីវរ​លោកសង្ឃ​ ក៏​នឹក​ឃើញ​ដល់​ទាន​ដែល​ខ្លួន​បាន​ធ្វើ ទើបឆ្លើយថា កាល​នៅ​មនុស្ស​លោក​បាន​ធ្វើ​ទាន​បាយ​មួយ​​ពំនូត​ដល់ភិក្ខុ ១រូប​ដែរ ។ ពួកយមបាល​​ប្រាប់​ថា បើ​ដូច្នេះ​អ្នក​ឯង​ត្រូវ​ទៅ​កើត​ឯឋានសួគ៌​មួយ​អាទិត្យ លុះ​ដល់​ថ្ងៃ​ទី ៨ យើង​នឹង​យក​ខ្លួន​មកទទួល​ទោស​នៅ​ឋាន​នរក​នេះ​វិញ ។ ក្នុង​មួយ​រំពេច​នោះ​វិញ្ញាណ​របស់​នាយ​នេសាទ ក៏បាន​ទៅ​កើត​នៅ​ឋាន​សួគ៌​ ឈ្មោះថា អន្នំលោកង្សិន៍​​ទេវបុត្រ មានទំហំ ១២ យោជន៍​បរិបូ​ណ៌ទៅ​ដោយ​សម្បត្តិ​ និង ស្រី​ទេព​កញ្ញា​បំរើ​ត្រៀប​ត្រា​ មាន​នាង​សុវណ្ណឱរ៉ៃ ជាទេពី ។ អន្នំលោកង្សិន៍​​ទេវបុត្រ​សោយ​សម្បត្តិ​​បាន ៦ ថ្ងៃ នឹក​ឃើញ​ដល់​ពាក្យ​របស់​យមបាល ក៏​កើត​សេចក្តី​ទុក្ខ​ទោមនស្ស​ពន់​ពេក​ ហើយចូល​ទៅ​​ដេក​ទួញ​យំ នាង​សុវណ្ណ​ឱរ៉ៃ ឃើញ​ដូច្នេះ​ ក៏​ចូល​ទៅ​សួរ​អន្នំលោកង្សិន៍​ទេវបុត្រ​ក៏​រ៉ាយ​រឿង​ប្រាប់​តាំង​​ពី​ដើម​រហូត​ដល់​ចប់ ។ នាង​សុវណ្ណ​ឱរ៉ៃ​លួង​លោម​ថា បើដូច្នោះ​សូម​ព្រះ​អង្គ​កុំ​ជា​ទុក្ខ​ទោមនស្ស​ឡើយ ត្បិត​ព្រះ​ពុទ្ធ​សំដែង​ថា​ «ទោះ​អ្នក​ណា​ធ្វើ​បាប​អម្បាលម៉ាន​ក្តី បើ​ចង់​ឲ្យ​រួច​អំពី​កម្ម​ពៀរ​ដែល​ខ្លួន​ធ្វើ​ហើយ គប្បី​សាង​វាលុកចេតិយ​ធ្វើ​បុណ្យ​ឆ្លង ហើយ​និងង​រួច​អំពី​​កម្ម​ពៀរ​នោះ​ហោង» ហេតុ​នេះសូម​ព្រះអង្គ​ធ្វើ​តាមព្រះពុទ្ធបន្ទូលនេះចុះ ទៀងជាដោះរួចចាកកម្មពៀរជាមិនខាន ។ អន្នំលោកង្សិន៍​ទេវបុត្រ​បាន​ឮ​ដូច្នោះ​ក៏​សោមនស្ស​ទើប​ចាត់​ការ​សាង​វាលុកចេតិយ និង ធ្វើ​បុណ្យ​ឆ្លង​ហើយ​ស្រេច​ក្នុង​រវាង ៧ ថ្ងៃ​នោះ ។ លុះ​ដល់​ថ្ងៃទី​ ៨ វេលាព្រឹកព្រហាម ពួក​យមបាល​ក៏​ទៅ​ដល់​ស្រែក​ហៅ​រក​​អន្នំលោកង្សិន៍​ទេវបុត្រ​ឲ្យ​ចេញ​មក គ្រា​នោះ​អន្នំលោកង្សិន៍ទេវបុត្រ​គេច​មុខ​ចេញ ទុក​ឲ្យ​នាង​សុវណ្ណឱរ៉ៃ​ចេញ​មក​ទទួល ។ នាង​បដិសេធ​​​យមបាល​ ដោយ​​​​មិន​ព្រម​បើក​យក​ស្វាមី​របស់​នាង​ទៅ​ឡើយ​ ។ នាង​អះ​អាង​ថា​៖ ស្វាមីរបស់​​យើង​បាន​សាង​វាលុកចេតិយ និង ធ្វើ​បុណ្យ​ឆ្លង​រួច​ហើយ ។ បាបកម្ម​ទាំង​ពួង​ក៏​ជ្រះ​អស់​អំពី​ខ្លួន​ហើយ តែ​បើ​នៅតែត្រូវការយកខ្លួន​គាត់​ទៅធ្វើទោស ចូរ​​រាប់​ខ្សាច់​ ១​ពែង​នេះឲ្យ​អស់ ​ទើប​អាច​យក​ទៅ​បាន​ ។ យមបាល​តប​ថា ៖ មិន​សល់​ក្រ​អ្វី​ទេ ការ​រាប់​ខ្សាច់ ១ ពែង ប៉ុណ្ណោះ ។ រួច​នាំ​គ្នា​រាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​ ។ គ្រាប់​ខ្សាច់​ដែល​យក​ចេញ​ពី​ពែង​រាប់​ដាក់​ទៅ​ខាង​ក្រៅទៅ​ជា​គំនរ​យ៉ាង​ធំ​កំពស់​ស្មើ​ចុង​ត្នោត ​តែ​ខ្សាច់​ក្នុង​ពែង​នៅ​ដដែល​ គ្មាន​ស្រក​ស្រុត​ទៅ​ណា​សោះ ​។ ពួក​យម​បាល​ទាល់​ចំណេះ​នឹង​រាប់​ត​ទៅ​ទៀត​ ក៏​នាំគ្នា​ត្រលប់​ទៅយមលោកវិញ ។ រីឯ​អន្នំលោកង្សិន៍​ទេវបុត្រ​បាន​នៅ​សោយ​សម្បត្តិ​ក្នុង​ទេវ​លោក​អស់​កាល​អង្វែង​ត​មក​ទៀត ។ គាត់​មិន​បាន​ទៅ​សោយ​ទុក្ខ​ក្នុង​នរក​ដូច​​ដែល​យមបាល​កំនត់​ទុក​នោះ​ទេ ។ ទាំង​នេះ​ក៏​ដោយ​អំណាច​ផល្លានិសង្ស​ដែល​បាន​សាង​វាលុកចេតិយ និង ធ្វើ​បុណ្យ​ឆ្លង​ដូច​ពោល​​ហើយ ។

និទានទី៣ ដំណាល​អំពៅ​ចៅកំជិលខ្សាច់ ។ មានក្មេង ១ នាក់ចេះ​តែ​ទៅ​ភ្នំ​ខ្សាច់​នោះ​រាល់​ៗ​ថ្ងៃ ​ប្រលាក់​ទៅ​ដោយ​ដីខ្សាច់រាល់ថ្ងៃ ទាល់​តែ​គេ​ហៅ​ថា «ចៅកំជិល​ខ្សាច់​» ។ ថ្ងៃមួយ ព្រះឥន្ទ្របើកទិព្វចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់អោយនាងទេពធីតា ១ អង្គ​ចុះមកធ្វើ​ជា​ប្រពន្ធចៅកំជិលខ្សាច់ ។ ដំបូងចៅកំជិលខ្សាច់ប្រកែកមិនព្រមយក ដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹមនាង​​ទេព​ធីតា​ទេ ។ ទើប​ព្រះ​នាង​ទៅរកម្តាយ​ឪពុក​ចៅ​កំជិល​ខ្សាច់ ដោយ​បាន​ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះឥន្ទ្រ​ប្រើ​ឲ្យ​ចុះ​មក​ធ្វើ​ជា​ប្រពន្ធ​ចៅ​កំជិល​​ខ្សាច់ ។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្តដោយនាងមានរូបឆោមល្អ ទើបលួងលោមចៅកំជិលខ្សាច់​ទាល់​​តែ​ព្រម​យក​ ។ ចៅ​កំជិល​ខ្សាច់ តាំងពីបាននាងទេព​ធីតា​ជា​ប្រពន្ធ​ហើយ ខ្លួន​ប្រាណ​ក៏​ស្អាត​បាត ផូរផង់ ល្អ​ជាង​ពីមុនមក​ឆ្ងាយ​ណាស់​ដោយ​នាង​ទេពធីតា​ជួយ​ថែ​សំអាត ទាំង​សមរម្យ​គ្នានឹងប្រពន្ធនោះ​ណាស់ ។ ទាល់តែ​ល្បីកេរ្តិ៍ឈ្មោះ​ទៅថា ចៅកំជិលខ្សាច់បាន​​នាង​ទេពធីតា​ជា​ភរិយា​ល្អ​សម​គ្នាណា​ស់ ។ គ្រា​​នោះ​​ពួក​​មន្ត្រី​សេនាបតី​ជាដើម ក៏បានទៅពិនិត្យមើលឃើញដូចពាក្យគេដំណាល ។ ទទួល​វេលា​នោះ​ស្តេច​ម្ចាស់​ផែនដី​សុគត គ្មាន​អ្នក​ទទួល​រាជ​សម្បត្តិ​គ្រប់​គ្រង​ផែន​ដី គេ​គិត​ឃើញ​ថា ចៅកំជិលខ្សាច់សមគួរ​​ជា​ព្រះរាជាម្ចាស់ផែនដី ក្រោយ​នោះ​គេ​ក៏​ធ្វើ​ការ​ផ្សង​បុស្បុក​រក​អ្នក​មាន​បុណ្យ​ធ្វើ​ជា​ម្ចាស់​ផែន​ដី ។ បុស្បុក​ក៏ទៅត្រូវលើចៅកំជិល​ខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅឲ្យ​សោយរាជ្យ ព្រមទាំងនាងទេពធីតា ។ ផល​ដែល​ជា​ទិដ្ឋធម្មវេទនីយ​ដូច្នេះ លោកថាបានដោយ​ហេតុដែលបានពូនភ្នំខ្សាច់នោះ ។ កាល​កើត​មានរឿងសំដែងអំពីអានិសង្សនៃការស្អាងវាលុកចេតិយ ដូច្នេះ​ហើយ​ពួកខ្មែរ​យើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿ និង ជ្រះថ្លា ទើបបាននាំគ្នាស្អាងវាលុកចេតិយជាប់ជាប្រវេណីដរាបមកដល់​បច្ចុប្បន្នកាល ។

បំបួសភ្នំ

លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយឲ្យតំណាងព្រះចូលាមណីចេតិយ រួចយកកំណាត់​សប្រវែងប្រមាណមួយម៉ែត្រកន្លះ ទៅ​ពានា​ពាក់​ឆៀង​ព្រះ​ចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងឱកាសនោះដែរ ព្រះសង្ឃសូត្រធម៌ចំរើន​​ព្រះ​បរិត្ត​ នៅ​ធម្មសាលា​ដោយ​បន្ត​អំបោះ​មក​ដល់​ភ្នំ​ទាំង​អស់ ។ ភ្នំ​ដែល​បាន​ឡើង​ជា​អង្គ​ចេតិយ​ហើយ អ្នក​ណាមួយទៅជាន់រំលង ឬ​រំលាយ​មុន​គេ​ផ្សឹក​ ទុក​ត្រូវ​ទទួល​បាប។

ផ្សឹកវាលុកចេតិយ

ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់អស់ទេវតា ព្រះយមរាជ ដែលតែង​តែ​ត្រួត​ត្រា​មើល​ការ​ខុស​ត្រូវ​ដល់​មនុស្ស​លោក ដើម្បី​សុំខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុគ្រោះ សុំឲ្យផ្តាច់កម្ម ផ្តាច់ពៀរ និង​សុំ​សេចក្តី​សុខ​ចំរើន​តរៀងទៅ។ បន្ទាប់លោកអាចារ្យបានឧទ្ទិសកុសលជូនដល់អ្នកដែលចែក​ឋានទៅ មានមាតាបិតាជីដូន ជីតា​ព្រម​ទាំង​ញតិ​មិត្ត​ទាំង​អស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំណើរការ​ថ្វាយបង្គំព្រះ សមាទានសីលនៅធម្មសាលា។ បន្ទាប់​មក​គេ​នាំ​គ្នា​រាប់​បាត្របន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា។ នៅពេលបញ្ចប់ការរាប់បាត្រ គេបានកាន់ទៀន ធូប ផ្កាគ្រប់ដៃ ទៅកាន់ភ្នំខ្សាច់។ អាចារ្យចាប់ផ្តើមពិធីនៅភ្នំខ្សាច់ ដូចកាលពីល្ងាច​​​ម្តង​​ទៀត។ ជាមួយគ្នានេះដែរព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា។ អាចារ្យបានបន្តពិធីនៅខាងក្រៅមុខ​ភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «ឥមំ វាលុកចេតិយំ បច្ចក្ខាមិ» ប្រែថា៖ «ខ្ញុំផ្សឹកឥលូវនេះនូវវាលុកចេតិយនេះចេញ» គឺលែងប្រកាន់ថាជាចេតិយទៀតហើយ អ្នកណារំលាយក៏គ្មានបាបដែរ។ គេ​នាំ​គ្នា​ចូល​ធម្មសាលា​ដើម្បីវេរ​ភត្ត​​ប្រគេនព្រះសង្ឃឆាន់ត្រង់។ ពេលរសៀលគេជួបជុំគ្នា ដើម្បីនមស្សការថ្វាយបង្គំព្រះ និង អរាធនា​ព្រះសង្ឃ​សំដែង​ធម្មទេសនា។ កម្មវិធីជាបន្ត គេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយបាចផ្កា បាញ់ទឹកអប់ (ស្រង់ព្រះ)៕

អត្ថបទដោយ ហ៊ុន សិរីវ​ឌ្ឍន៍

The post ពិធីពូនភ្នំខ្សាច់ និងជំនឿរបស់ខ្មែរក្នុងពេលចូលឆ្នាំថ្មី appeared first on Kampuchea Thmey Daily.