ប្រទេស២ជាសមាជិកណាតូនៅបាល់ទិក សន្យាបង្កើនការចំណាយដល់៥% ដូចត្រាំចង់បាន
ប្រមុខដឹកនាំប្រទេសក្នុងតំបន់បាល់ទិកទាំងពីរនេះបានក្លាយជាប្រទេសសមាជិកអង្គការណាតូដំបូងគេបង្ហាញការប្តេជ្ញាចិត្តចំពោះការបង្កើនថវិកាការពារជាតិ... The post ប្រទេស២ជាសមាជិកណាតូនៅបាល់ទិក សន្យាបង្កើនការចំណាយដល់៥% ដូចត្រាំចង់បាន appeared first on Kampuchea Thmey Daily.
ក្រោយការព្រមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង ប្រមុខអង្គការណាតូ លោក Mark Rutt ប្រទេសនៅក្នុងតំបន់បាល់ទិកយ៉ាងហោចណាស់២រហូតដល់ពេលនេះ បានចេញមុខអះអាងពីការប្តេជ្ញាចិត្តបង្កើនថវិកាការពារជាតិឲ្យបានដល់៥%ធៀបផលិតផលសរុបនៃប្រទេសពួកគេរៀងៗខ្លួន។
សារព័ត៌មាន Financial Times (FT) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស បានរាយការណ៍ដោយដកស្រង់សម្តី លោក Kestutis Budrys រដ្ឋមន្ត្រីការបរទេសលីទុយអានី និងនាយករដ្ឋមន្ត្រីអេស្តូនី លោក Kristen Michal ដែលប្រមុខដឹកនាំប្រទេសក្នុងតំបន់បាល់ទិកទាំងពីរនេះបានក្លាយជាប្រទេសសមាជិកអង្គការណាតូដំបូងគេបង្ហាញការប្តេជ្ញាចិត្តចំពោះការបង្កើនថវិកាការពារជាតិ។
សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ តាំងពីអាណត្តិទី១របស់គាត់ចន្លោះឆ្នាំ២០១៧ដល់២០២១ និង និងក្នុងដើមអាណត្តិទី២របស់គាត់ពីឥឡូវនេះ បានដាក់សម្ពាធប្រទេសសមាជិកណាតូនៅអឺរ៉ុបឲ្យបង្កើនការចំណាយរបស់ខ្លួនទៅលើវិស័យការពារជាតិ ដោយមិនត្រូវពឹងផ្អែកលើអាមេរិកស្ទើរទាំងស្រុងនោះទេ។
តាមការចុះផ្សាយនោះ រដ្ឋបាល់ទិកចំនួនពីរ គឺលីទុយអានី និងអេស្តូនី បានក្លាយជាប្រទេសដំបូងរបស់អង្គការប្រដាប់អាវុធណាតូដែលប្តេជ្ញាបង្កើនការចំណាយលើវិស័យការពារជាតិដល់៥%នៃផលិតផលក្នុងស្រុកសរុប។
បច្ចុប្បន្ននេះអង្គការណាតូមានសមាជិក៣២ប្រទេសរួមទាំងប្រទេសសមាជិកថ្មី គឺ ហ្វាំងឡង់ និង ស៊ុយអែត ដែលទើបស្នើចូលសមាជិកក្រោយការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនកាលឆ្នាំ២០២២ បានចំណាយតិចតួចលើវិស័យការពារជាតិ ដោយពួកគេសំអាងលើប្រទេសអាមេរិកដែលជាមហាអំណាចទាំងយោធា និងសេដ្ឋកិច្ច សម្រាប់ការការពារពីការឈ្លានពានណាមួយពីសំណាក់ប្រទេសរុស្ស៊ី។
យោងតាមរដ្ឋមន្ត្រីការបរទេសលីទុយអានី រដ្ឋបាល់ទិកនឹងបែងចែកចន្លោះពី៥ភាគរយ ទៅ៦ភាគរយនៃ GDP របស់ខ្លួនលើវិស័យការពារជាតិចាប់ពីឆ្នាំ ២០២៦ និងរហូតដល់ឆ្នាំ២០៣០ ដោយចាត់ទុក សម្ពាធដែលបានធ្វើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិកថា «ល្អនិងប្រកបដោយការស្ថាបនា»។
សេចក្តីរាយការណ៍នោះ បានបន្តថា ខណៈពេលដែលរដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Budrys បានចែករំលែកផែនការបង្កើនការផ្តល់មូលនិធិលើវិស័យការពារជាតិតាមរយៈការខ្ចីប្រាក់របស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីអេស្តូនី លោក Michal បាននិយាយថា ទីក្រុង Tallinn នឹងណែនាំពីវិធី«ការកាត់បន្ថយការចំណាយវិស័យសាធារណៈ» ជំនួសវិញ។
ទោះបីជាយ៉ាងណាក៏ដោយ មានការសង្ស័យនៅក្នុងប្រទេសលីទុយអានី អំពីរបៀបដែលគោលដៅនេះអាចសម្រេចបាន។ អ្នកនយោបាយប្រឆាំងម្នាក់នៅទីក្រុង Vilnius បានប្រាប់ FT ថា៖«ពួកគេមិនមានផែនការគួរឱ្យទុកចិត្តដើម្បីឈានដល់៦%»។
ប្រមុខរដ្ឋាភិបាលអេស្តូនីបានសន្យាថាប្រទេសរបស់លោកនឹងកំណត់គោលដៅបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនពី ៣,៧% នៃ GDPនាពេលបច្ចុប្បន្ន ទៅ៥%នាពេលខាងមុខ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២១ខែមករា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងជំរុញសម្ព័ន្ធមិត្តណាតូ បង្កើនការចំណាយលើវិស័យការពារជាតិដល់៥% នៃផលិតផលក្នុងស្រុកសរុប។
ទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតថា គោលនយោបាយរបស់សម្ព័ន្ធអាត្លង់ទិកខាងជើងនឹងបង្កើនភាពតានតឹងនៅអឺរ៉ុប និងបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងណាតូ និងរុស្ស៊ី៕
ដោយ រ៉ាន់ រើយ
The post ប្រទេស២ជាសមាជិកណាតូនៅបាល់ទិក សន្យាបង្កើនការចំណាយដល់៥% ដូចត្រាំចង់បាន appeared first on Kampuchea Thmey Daily.