ប្រជាជនមីយ៉ាន់ម៉ាហាក់បាក់ស្បាត សូម្បីជួបគ្រោះរញ្ជួយដីកម្រិតស្រាល
ការរញ្ជួយដីកម្រិតស្រាលនៅតែបន្តធ្វើឱ្យមានការភ័យខ្លាចនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដោយមនុស្សរាប់លាននាក់នៅតែត្រូវការជំនួយមនុស្សធម៌បន្ទាន់... The post ប្រជាជនមីយ៉ាន់ម៉ាហាក់បាក់ស្បាត សូម្បីជួបគ្រោះរញ្ជួយដីកម្រិតស្រាល appeared first on Kampuchea Thmey Daily.

មីយ៉ាន់ម៉ានៅតែបន្តជួបគ្រោះរញ្ជួយដីកម្រិតស្រាលជាបន្តបន្ទាប់ ហើយបង្កឲ្យមានការភ័យខ្លាចនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដោយមនុស្សរាប់លាននាក់នៅតែត្រូវការជំនួយមនុស្សធម៌បន្ទាន់ ចាប់តាំងពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រកាលពីខែមុនបានសម្លាប់មនុស្សរាប់ពាន់នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ UN News នៅថ្ងៃទី៣០ខែមេសានេះ។

ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃអង្គារថា មនុស្សជាង ៦.៣លាននាក់នៅតែត្រូវការជំនួយជាបន្ទាន់នៅក្នុងតំបន់ភាគកណ្តាលដែលរងផលប៉ះពាល់ខ្លាំងបំផុតជាពិសេសនៅជុំវិញទីក្រុង Mandalay ។
ការិយាល័យសម្របសម្រួលជំនួយរបស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយនៅក្នុងការអំពាវនាវមួយសម្រាប់ការគាំទ្របន្ថែមទៀតពីសហគមន៍អន្តរជាតិថា៖«ប្រជាជនមីយ៉ាន់ម៉ាត្រូវបង្ខំដេកនៅខាងក្រៅអគារ ខ្វះខាតទឹកស្អាត និងសេវាថែទាំសុខភាពត្រឹមត្រូវ» និងអំពាវនាវឲ្យមានការគាំទ្របន្ថែមទៀត ។
បើតាមនាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍នៅពីថ្ងៃចន្ទថា ប្រទេសមីយ៉ាន់ម៉ាបានជួបប្រទះការរញ្ជួយដីសរុបចំនួន ១៥៧ លើក ចាប់ពី ២.៨ ដល់ ៧.៥ រ៉ិចទ័រ។ ទោះបីរញ្ជួយដីក្រោយៗនេះមិនធ្ងន់ធ្ងរដូចលើកមុន ប៉ុន្តែវាបានធ្វើឲ្យប្រជាជនជាច្រើនមិនហ៊ានស្នាក់នៅក្នុងផ្ទះ និងបង្កភាពភ័យខ្លាចក្នុងចំណោមប្រជាជនដែលស្ថិតក្នុងតំបន់ដែលធ្លាប់រងគ្រោះដោយសាររញ្ជួយដីរួចហើយ។
តាមអង្គការសហប្រជាជាតិជាដៃគូជាមួយសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បាននិយាយថា ការរញ្ជួយចុងក្រោយបំផុតបានវាយប្រហារកាលពីយប់ថ្ងៃអាទិត្យមានកម្រិត ៤.៤ រ៉ិចទ័រ។

លោក Tin Aung Thein ប្រធាន OCHA បាននិយាយថា ក្រុមជំនួយបានបន្តចែកចាយអាហារ និងរបស់របរប្រើប្រាស់ក្នុងផ្ទះដល់ប្រជាជនដែលនៅតែរស់នៅតាមដងផ្លូវ ឬនៅក្នុងជម្រកសហគមន៍ ប៉ុន្តែតម្រូវការគឺកើនឡើង រួមមានទីជម្រក អាហារ សម្ភារៈអនាម័យនិងបង្គន់អនាម័យ។
ក្នុងរយៈពេលមួយខែចុងក្រោយនេះ IFRC បានផ្តល់ជំនួយទ្រទ្រង់ជីវិត រួមទាំងទឹកស្អាត ការថែទាំសុខភាព តង់ និងរបស់របរសម្រាប់ស្ត្រី និងកុមារ ដល់មនុស្សជាង ១១០,០០០ នាក់។ អង្គការជំនួយនេះក៏បានផ្តល់ជំនួយចំនួន ២៥០តោន និងបានជួយចែកចាយទឹកស្អាតជាង ២២០,០០០ លីត្រដល់ប្រទេសមីយ៉ាន់ម៉ាជារៀងរាល់ថ្ងៃផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
The post ប្រជាជនមីយ៉ាន់ម៉ាហាក់បាក់ស្បាត សូម្បីជួបគ្រោះរញ្ជួយដីកម្រិតស្រាល appeared first on Kampuchea Thmey Daily.