បំផ្ទុះគ្រាប់បែកក្នុងឡានសម្លាប់មនុស្ស១៥នាក់ នៅភាគខាងជើងស៊ីរី
យ៉ាងហោចណាស់មនុស្ស ១៥នាក់ ភាគច្រើនជាស្រ្តីកសិករបានស្លាប់ និងរាប់សិបនាក់បានរងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅជាយក្រុងភាគខាង... The post បំផ្ទុះគ្រាប់បែកក្នុងឡានសម្លាប់មនុស្ស១៥នាក់ នៅភាគខាងជើងស៊ីរី appeared first on Kampuchea Thmey Daily.

យ៉ាងហោចណាស់មនុស្ស១៥នាក់ភាគច្រើនជាកសិករស្រ្តីបានស្លាប់ និងរាប់សិបនាក់បានរងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅជាយក្រុងភាគខាងជើងនៃប្រទេសស៊ីរី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០២ខែកុម្ភៈនេះ។

កងការពារស៊ីវិលស៊ីរីក្នុងតំបន់បានរាយការណ៍ថា រថយន្តនៅជាយក្រុង Manbij ត្រូវបានបំផ្ទុះនៅក្បែររថយន្តដឹកកសិករដោយបានសម្លាប់ស្ត្រី១៤នាក់ និងបុរសម្នាក់។ ស្ត្រី១៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ។ ប៉ុន្តែបើតាម អង្គការឃ្លាំមើលសង្រ្គាម The Syrian Observatory for Human Rights ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានលើកឡើងថា ស្ត្រី១៨នាក់ត្រូវបានសម្លាប់ រួមទាំងបុរសម្នាក់ផង។
ក្រុង Manbij ក្នុងខេត្ត Aleppo ភាគឦសាននៅតែបន្តមានអំពើហិង្សា ចាប់តាំងពីការដួលរលំការគ្រប់គ្រងរបស់ប្រធានាធិបតី Bashar Assad ក្នុងខែធ្នូ ដែលក្រុមគាំទ្រដោយតួកគី គេស្គាល់ថាជាកងទ័ពជាតិស៊ីរី បន្តប៉ះទង្គិចជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិឃឺដ (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ចំនួនអ្នកស្លាប់ទំនងជាបន្តកើនឡើង។ ទោះយ៉ាងណាមិនទាន់មានការអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
ការផ្ទុះនេះជាលើកទីពីរក្នុងរយៈពេលបីថ្ងៃ ព្រោះកាលពីថ្ងៃសៅរ៍ ជនស៊ីវិល៤នាក់បានស្លាប់និង៩នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកក្នុងរថយន្តមួយផ្សេងទៀតនៅក្រុង Manbijនេះដដែល។ ទីក្រុងនេះស្ថិតក្នុងតំបន់ជនបទ ចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ភាគខាងត្បូងនៃព្រំដែនតួកគី និងជាប់ជាមួយទន្លេ Euphrates នៅខាងកើត៕

អត្ថបទ៖ ប៊ុន សុភាព
The post បំផ្ទុះគ្រាប់បែកក្នុងឡានសម្លាប់មនុស្ស១៥នាក់ នៅភាគខាងជើងស៊ីរី appeared first on Kampuchea Thmey Daily.