ធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចថៃមកត្រឹម ១,៨ ភាគរយ
កំណើនសេដ្ឋកិច្ចថៃបានជាប់នៅក្នុងដំណាក់កាលដើរអូសជើងធៀបនឹងប្រទេសក្នុងតំបន់ភាគច្រើន ដោយសារតែការធ្លាក់ចុះនៃផលិតកម្ម និងបំណុលគ្រួសារខ្ពស់ The post ធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចថៃមកត្រឹម ១,៨ ភាគរយ appeared first on Kampuchea Thmey Daily.

ធនាគារពិភពលោក បានទម្លាក់ការព្យាករកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃសម្រាប់ឆ្នាំ ២០២៥ មកត្រឹម ១,៨ ភាគរយ ដោយលើកឡើងពីស្ថានភាពសេដ្ឋកិច្ចកាន់តែខ្សោយ ចំពេលមានភាពមិនប្រាកដប្រជាជាសកល។ នេះបើតាមការចុះផ្សាយបន្តរបស់កាសែត The Nation នៅថ្ងៃពុធនេះ។

អត្រានេះ គឺទាបជាងការព្យាករកាលពីលើកមុន ១,១ ភាគរយ។ របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលរបស់ធនាគារពិភពលោក បានបង្ហាញថា កំណើនសេដ្ឋកិច្ចថៃ នឹងរងផលប៉ះពាល់ដោយភាពមិនប្រាកដប្រជាជាសកល ដែលកំពុងប៉ះពាល់ដល់បណ្ដាប្រទេសមានទីផ្សារកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ (EMDEs) រួមទាំងថៃផងដែរ។ សកម្មភាពសេដ្ឋកិច្ចថៃ ក៏រងការរំខានដោយគ្រោះធម្មជាតិផ្សេងៗផងដែរ ដូចជាគ្រោះរញ្ជួយដីជាដើម។
គេមើលថា កំណើនសេដ្ឋកិច្ចថៃបានជាប់នៅក្នុងដំណាក់កាលដើរអូសជើងធៀបនឹងប្រទេសក្នុងតំបន់ភាគច្រើន ដោយសារតែការធ្លាក់ចុះនៃផលិតកម្ម និងបំណុលគ្រួសារខ្ពស់ ដែលធ្វើឱ្យតម្រូវការក្នុងស្រុកខ្សោយ ក្នុងបរិបទនៃបញ្ហាសកលផ្សេងៗទៀត។ ចុងក្រោយបំផុត សេដ្ឋកិច្ចកំពុងស្ថិតនៅក្នុងការគំរាមកំហែងដោយការដំឡើងពន្ធគយបដិការរបស់សហរដ្ឋអាមេរិក ៣៦ ភាគរយ។
សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ធនាគារពិភពលោកក៏បានបន្ទាបការព្យាកររបស់ខ្លួនផងដែរ មកត្រឹម ២,៣ ភាគរយ សម្រាប់ឆ្នាំ ២០២៥ ដែលវាឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម។ នេះបង្ហាញពីការថយចុះពីការព្យាករ ២,៧ ភាគរយ កាលពីលើកមុន។

ធនាគារដដែលបាននិយាយក្នុងរបាយការណ៍ ២,៣ ភាគរយ គឺជាអត្រាកំណើនសេដ្ឋកិច្ចពិភពលោកយឺតបំផុតចាប់តាំងពីឆ្នាំ ២០០៨ មក ដោយមិនរាប់បញ្ចូលការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក្នុងសម័យកូវីដ១៩។
អនុប្រធានជាន់ខ្ពស់ និងជាប្រធានសេដ្ឋវិទូនៃធនាគារពិភពលោក លោក Indermit Gill បានមានប្រសាសន៍ថា ជម្លោះអន្តរជាតិ ជាពិសេសបញ្ហាទាក់ទងនឹងពាណិជ្ជកម្ម បានរំខានដល់គោលនយោបាយផ្សេងៗ ដែលកន្លងមកបានជួយកាត់បន្ថយភាពក្រីក្រធ្ងន់ធ្ងរ និងជំរុញភាពរីកចម្រើនបន្ទាប់ពីសង្គ្រាមលោកលើកទី២។
លោក Gill បាននិយាយថា៖ «កំណើននៃភាពតានតឹងពាណិជ្ជកម្ម អាចជាហេតុផលចម្បងសម្រាប់ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពអាចប្រសើរឡើង ប្រសិនបើប្រទេសមានសេដ្ឋកិច្ចធំៗ ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេលវែង»៕
The post ធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចថៃមកត្រឹម ១,៨ ភាគរយ appeared first on Kampuchea Thmey Daily.