ទឹកជំនន់យ៉ាងគំហុក បង្កមហន្តរាយ និងសម្លាប់មនុស្ស១៦នាក់នៅលើកោះស៊ូម៉ាត្រា
ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានរកឃើញសាកសពចំនួន១៦ នៅក្រោមភក់ និងថ្មជាច្រើនតោនបន្ទាប់ទឹកជំនន់ភ្លាមៗបានវាយប្រហារភូមិតាមជើងភ្នំ... The post ទឹកជំនន់យ៉ាងគំហុក បង្កមហន្តរាយ និងសម្លាប់មនុស្ស១៦នាក់នៅលើកោះស៊ូម៉ាត្រា appeared first on Kampuchea Thmey Daily.
ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានរកឃើញសាកសពចំនួន១៦នាក់កប់នៅក្នុងភក់ និងថ្មជាច្រើនតោនបន្ទាប់រងហេតុការណ៍ទឹកជំនន់រហ័ស (Flash Flood) ដែលវាយប្រហារភូមិតាមជើងភ្នំនៅលើកោះស៊ូម៉ាត្រា។ យោងការចេញផ្សាយរបស់ព័ត៌មាន AP នៅថ្ងៃទី២៦ខែវិច្ឆុកានេះ។
ទឹកជំនន់ភ្លាមៗ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបាននាំយក ភក់ ថ្ម ដើមឈើដួលរលំ និងការបាក់ច្រាំងទន្លេដ៏ធ្ងន់ធ្ងរ ដោយហូរកាត់ស្រុកភ្នំចំនួន៤ក្នុងខេត្តស៊ូម៉ាត្រាខាងជើង បំផ្លាញផ្ទះសម្បែង និងបំផ្លាញកសិដ្ឋាន។
លោក Juspri M. Nadeak ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ បាននិយាយថា ប៉ូលិស ទាហាន និងក្រុមជួយសង្គ្រោះ បានកំពុងប្រើឧបករណ៍ជីកកកាយ ដើម្បីរុះរើតាមគំនរបាក់បែក ស្វែងរកអ្នកស្លាប់ និងបាត់ខ្លួននៅក្នុងតំបន់ Semangat Gunung ដែលជាតំបន់រមណីយដ្ឋានមួយក្នុងស្រុក Karo ។
ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន៦នាក់ បន្ទាប់ពីបំណាក់ដីបានវាយប្រហារផ្ទះពីរនិងខ្ទមមួយ និងក៏បានទាញយកសាកសព២នាក់ចេញពីទន្លេមួយ បន្ទាប់ពីទឹកជំនន់ភ្លាមៗបានបោកបក់បំផ្លាញផ្ទះសម្បែងយ៉ាងហោចណាស់១០ខ្នង និងខូចខាតផ្ទះ និងអគារប្រហែល ១៥០ខ្នង នៅក្នុងភូមិនានាក្នុងសង្កាត់ South Tapanuli។
មកទល់ពេលនេះនៅមានមនុស្ស៦នាក់ទៀតបន្តបាត់ខ្លួននៅឡើយ លើសពីនេះមនុស្សរាប់សិបនាក់បានរងរបួស និងបានបំផ្លាញដីកសិកម្ម និងចម្ការជាង ៣២១ ហិចតា ផងដែរដោយសារទឹកជំនន់ដ៏គំហុកនេះ។
គួរបញ្ជាក់ថាភ្លៀងធ្លាក់តាមរដូវចាប់ពីខែតុលា ដល់ខែមីនា ជារឿយៗបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រជុំកោះចំនួន ១៧០០០ មានប្រជាជនរាប់លាននាក់រស់នៅក្នុងតំបន់ភ្នំ ឬនៅជិតតំបន់ទំនាបដែលមានជីជាតិ។
កាលពីខែធ្នូឆ្នាំមុនមនុស្ស ១២ នាក់ត្រូវបានទឹកហូរទៅបឹង Toba ឬកប់នៅក្រោមភក់ជាច្រើនតោន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗ និងបំណាក់ដីនៅក្នុងភូមិតាមភ្នំក្នុងខេត្តស៊ូម៉ាត្រាខាងជើង។ មានតែម្នាក់ប៉ុណ្ណោះក្នុងចំណោមពួកគេត្រូវបានគេរកឃើញថាស្លាប់ និង ១១ នាក់ផ្សេងទៀតមិនបានរកឃើញនោះទេ៕
អត្ថបទ៖ ប៊ុន សុភាព
The post ទឹកជំនន់យ៉ាងគំហុក បង្កមហន្តរាយ និងសម្លាប់មនុស្ស១៦នាក់នៅលើកោះស៊ូម៉ាត្រា appeared first on Kampuchea Thmey Daily.