ទិន្នផលទុរេននៅស្រុកស្រែអំបិល កើនឡើង ៥០ ភាគរយ ត្រៀមប្រមូលនាំចេញទៅបណ្ដាខេត្តផ្សេងៗ
ទិន្នផលទុរេននៅស្រុកស្រែអំបិល កើនឡើង ៥០ ភាគរយ ត្រៀមប្រមូលនាំចេញទៅបណ្ដាខេត្តផ្សេងៗ... The post ទិន្នផលទុរេននៅស្រុកស្រែអំបិល កើនឡើង ៥០ ភាគរយ ត្រៀមប្រមូលនាំចេញទៅបណ្ដាខេត្តផ្សេងៗ appeared first on Kampuchea Thmey Daily.

ប្រជាកសិកររស់នៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បានបង្ហាញថា បរិមាណផលទុរេនរបស់ពួកគាត់កើនឡើង ៥០ ភាគរយ សម្រាប់ឆ្នាំនេះ ដោយមានឈ្នួញកណ្តាលកក់ទិញជាបណ្តើរៗ នាំចេញទៅបណ្តាខេត្តផ្សេងៗ។

លោក ហៃ គៀក តំណាងកសិករដាំផ្លែទុរេននៅឃុំដងពែង បានឱ្យដឹងកាលពីរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ ថា លោកមានផ្ទៃដី ១ ហិតា បង្កបង្កើនផលទុរេនប្រភេទម៉ាន់ថង ព្រោះវាលក់ថ្លៃជាងប្រភេទទុរេនផ្សេងៗ ទៀត ប៉ុន្តែទោះយ៉ាងណា ទិន្នផលហុចផលឱ្យច្រើនលុះត្រាមានការយកចិត្តទុកដាក់ថែទាំខ្លាំងទើបបានផលច្រើនទៅតាមនោះដែរ។

លោក ហៃ គៀក បានបន្តថា ឆ្នាំនេះលោកទទួលបានទិន្នផលទុរេនជិត ៥០ ភាគរយ ស្មើនឹង ១២១ ដើម ធៀបនឹងឆ្នាំទៅកើនឡើងគួរឱ្យកត់សម្គាល់ ហើយឥឡូវប្រមូលលក់នៅថ្ងៃទី ១៥ ខែឧសភា ខាងមុខ ដោយឈ្នួញកក់ទិញជាបណ្តើរៗ ហើយ ដែលនាំចេញទៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ។ ក្នុង ១ ថ្ងៃកាត់ទុរេនពី ៣០០ ទៅ ៥០០ គីឡូក្រាម តាមភ្ញៀវបញ្ជាទិញ។ ជាក់ស្តែងឆ្នាំនេះ លោកប្រមូលផលជាឆ្នាំទី ២ ហើយ។

កញ្ញា ម៉ូវ ឡេង ជាលក់ទុរេនតាមដងផ្លូវជាតិលេខ ៤៨ លើកឡើងថា ទិន្នផលទុរេនរបស់កញ្ញាហុចផលច្រើនគួរសម ដោយកំពុងប្រមូលជាបណ្តើរៗ ជូនពលរដ្ឋ និងភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤៨។ តម្លៃទុរេនដែលលក់រាយពេលសព្វថ្ងៃនេះ ១ គីឡូក្រាម ថ្លៃ ៣០ ០០០ រៀល ប្រភេទម៉ាន់ថង ប៉ុន្តែលក់បោះដុំតម្លៃផ្សេង។

ទាក់ទិនការប្រមូលផលទុរេននេះដែរ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ក៏បានសម្តែងការអបអរសាទរពេលដែលឃើញកសិករក្នុងមូលដ្ឋានរបស់លោកទទួលបានទិន្នផលទុរេនច្រើនជាងឆ្នាំទៅ ដោយលោកជំរុញឱ្យមន្ត្រីកសិកម្មបង្កើនការអប់រំផ្នែកបច្ចេកទេស ដោយឡែកកសិករបន្តសកម្មភាពដំណាំទុរេន ឬដំណាំផ្សេងៗ ឱ្យបានកាន់តែច្រើន ដើម្បីលើកកម្ពស់ផលិតផលកសិកម្ម និងស្វែងរកប្រាក់ចំណូលសម្រាប់ជីវភាពនាពេលបច្ចុប្បន្ន។

លោក លាស់ ប៉ូលីវ៉ាន់ ប្រធានការិយាល័យកសិកម្មស្រុកស្រែអំបិល បានប៉ាន់ស្មានជាបឋមថា ផ្ទៃដីដែលដំណាំផ្លែទុរេននៅក្នុងស្រុករបស់លោកមានជាង ៣០០ ហិតា ដោយឃុំដងពែង មានប្រជាពលរដ្ឋធ្វើកសិកម្មនេះច្រើនជាងគេ បន្ទាប់មកឃុំបឹងព្រាវ។

លោក លាស់ ប៉ូលីវ៉ាន់ បន្តថា ទិន្នផលទុរេនដែលប្រជាកសិករនៅស្រុកស្រែអំបិល កំពុងប្រមូលផលមានជាប្រភេទពូជម៉ាន់ថង និងប្រភេទសូនី។ ក្រៅពីទិន្នផលទុរេន ពលរដ្ឋក៏ប្រមូលផ្លែសាវម៉ាវ និងមង្ឃុត ដែលជាដំណាំបន្ទាប់បន្សំ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ





The post ទិន្នផលទុរេននៅស្រុកស្រែអំបិល កើនឡើង ៥០ ភាគរយ ត្រៀមប្រមូលនាំចេញទៅបណ្ដាខេត្តផ្សេងៗ appeared first on Kampuchea Thmey Daily.