តើវៀតណាម និយាយអ្វីខ្លះ ជុំវិញសមយុទ្ធ «នាគមាស» កម្ពុជា-ចិន?
«នាគមាស-២០២៥» ដែលជាសមយុទ្ធរួមគ្នាមិត្តភាពកម្ពុជា-ចិន បានចាប់ផ្តើមកាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៥ យ៉ាងណាពាក់ព័ន្ធសមយុទ្ធនេះ... The post តើវៀតណាម និយាយអ្វីខ្លះ ជុំវិញសមយុទ្ធ «នាគមាស» កម្ពុជា-ចិន? appeared first on Kampuchea Thmey Daily.

«នាគមាស-២០២៥» ដែលជាសមយុទ្ធរួមគ្នាមិត្តភាពកម្ពុជា-ចិន បានចាប់ផ្តើមកាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៥ យ៉ាងណាពាក់ព័ន្ធសមយុទ្ធនេះក៏មានការលើកឡើងនៅប្រទេសវៀតណាមផងដែរ។

ឆ្លើយតបសំណួរអ្នកសារព័ត៌មានក្នុងសន្និសីទកាសែតនៅទីក្រុងហាណូយពាក់ព័ន្ធសមយុទ្ធនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang និយាយកាលពីថ្ងៃសុក្រទី១៦ខែឧសភាឆ្នាំ២០២៥ថា កិច្ចសហប្រតិបត្តិការអន្តរជាតិគួរតែគាំទ្រសន្តិភាពនិងស្ថិរភាពទាំងក្នុងតំបន់និងសកល ហើយត្រូវតែស្របតាមច្បាប់អន្តរជាតិ។
តាមការចុះផ្សាយរបស់កាសែត Tuoi Tre, លោកស្រីនិយាយថា «យើងជឿថា កិច្ចសហប្រតិបត្តិការរវាងប្រទេសនានា គួរតែរួមចំណែកយ៉ាងសកម្មដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាសកលលោក ស្របតាមការអនុវត្តអន្តរជាតិនិងផ្អែកលើច្បាប់អន្តរជាតិនិងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ»។

យ៉ាងណាតាមការអះអាងពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាត អះអាងថា សម្រាប់សមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥ នេះ នឹងមានទំហំធំជាងមុន បំពាក់សព្វាវុធទំនើបជាងមុន ក្នុងនោះក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ថែមទៀតផងប៉ុន្តែសមយុទ្ធនេះគ្មានចេតនាគំរាមកំហែងប្រទេសណាមួយឡើយ។
នាយឧត្ដមសេនីយ៍ ឈុំ សុជាត អះអាងដូច្នេះ៖ «សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិននេះ ក៏ដូចជាសមយុទ្ធកន្លងមក គឺធ្វើឡើងដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពង្រឹងសន្តិសុខ ទប់ស្កាត់អំពើភេរវកម្ម ហើយមិនមានបំណងគំរាមកំហែង ឬធ្វើឲ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ»។

ទន្ទឹមនោះ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា មូលហេតុដែលកម្ពុជានិងចិន ធ្វើសមយុទ្ធនាគមាសលើប្រធានបទប្រតិបត្តិការប្រឆាំងភេរកម្មរួមគ្នានិងការងារសង្គ្រោះមនុស្សធម៌ មិនធ្វើលើប្រធានបទសង្គ្រាម គឺព្រោះតែកម្ពុជាមើលឃើញថា បញ្ហាភេវរកម្មជាបញ្ហាប្រឈមនាពេលសព្វថ្ងៃ ដែលវាងាយកើតឡើងនៅលើដែនគោកនិងដែនសមុទ្រ។ ចំណែកការធ្វើសមយុទ្ធលើប្រធានបទសង្គ្រោះមនុស្សធម៌គឺព្រោះតែបច្ចុប្បន្ននេះ បញ្ហាគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ ងាយនឹងកើតមានឡើង ដូច្នេះត្រូវកំណត់ប្រធានបទនេះ ដើម្បីពង្រឹងសមត្ថភាពលើការងារសង្គ្រោះគ្រោះមហន្តរាយ។
សូមជម្រាបថា ឆ្នាំ២០២៥នេះជាលើកទី៧ហើយ ដែលកម្ពុជា-ចិន ចាប់ដៃគ្នាធ្វើសមយុទ្ធនាគមាស។ កម្ពុជា-ចិន ចាប់ផ្ដើមធ្វើសមយុទ្ធនាគមាសជាលើកដំបូងនៅលើទឹកដីកម្ពុជា ក្នុងឆ្នាំ២០១៦, លើកទី២ក្នុងឆ្នាំ២០១៨, លើកទី៣ក្នុងឆ្នាំ២០១៩, លើកទី៤ក្នុងឆ្នាំ២០២០, លើកទី៥ក្នុងឆ្នាំ២០២៣និងលើកទី៦នៅឆ្នាំ២០២៤។ សម្រាប់ឆ្នាំ២០២១ និង២០២២ ភាគីទាំងពីរ មិនអាចធ្វើសមយុទ្ធរួមគ្នាបានឡើយ ដោយសារតែវិបត្តិកូវីដ១៩៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសឆ្នាំនេះ ធំជាងមុន សព្វាវុធទំនើបជាងមុន ប្រើAI តែមិនដើម្បីគំរាមប្រទេសណាឡើយ
The post តើវៀតណាម និយាយអ្វីខ្លះ ជុំវិញសមយុទ្ធ «នាគមាស» កម្ពុជា-ចិន? appeared first on Kampuchea Thmey Daily.