តម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះ នៅចំពេលកសិករផ្ដើមប្រមូលផលរដូវកាលថ្មី

នៅក្នុងឆ្នាំ ២០២៤ កម្ពុជា​សម្រេច​​បានការ​ប្រមូលទិន្នផល​គ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុង​នោះ​នាំចេញ​គ្រាប់ឆៅ​បាន​ចំនួន ៨១ ម៉ឺន ៥ ពាន់តោន... The post តម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះ នៅចំពេលកសិករផ្ដើមប្រមូលផលរដូវកាលថ្មី appeared first on Kampuchea Thmey Daily.

តម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះ នៅចំពេលកសិករផ្ដើមប្រមូលផលរដូវកាលថ្មី

តម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះនៅក្នុងសប្ដាហ៍នេះ នៅចំពេលដែលកសិករចាប់ផ្ដើមប្រមូលផល​គ្រាប់ស្វាយ​ចន្ទីនារដូវកាលថ្មី។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៥ ថា តម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះខ្លាំងរយៈពេល ៣ ថ្ងៃមកហើយពី ៦០០០ រៀល ក្នុង​​មួយគីឡូក្រាម មកត្រឹម ៤ ៨០០ ខណៈកំពង់ធំ មានស្ថិរភាពជាងគេនៅត្រឹម ៥ ២០០ រៀល ក្នុង​មួយ​គីឡូក្រាម។

លោក អួន ស៊ីឡុត បានឱ្យដឹងថា បច្ចុប្បន្នសហគ្រាសក្នុងស្រុក​មិនមានថវិកា​ទិញគ្រាប់​ស្វាយ​ចន្ទី​នោះ​ទេ ពោលគឺមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ ដែលទទួលបានកម្ចីពីធនាគារ ដូច្នេះតម្លៃ​គ្រាប់​​ស្វាយចន្ទីរបស់​កម្ពុជា ត្រូវពឹងផ្អែកទាំងស្រុងលើទីផ្សារវៀតណាម ដែលធ្វើឱ្យវៀតណាម​ទម្លាក់​តម្លៃដែរ។

លោក អួន ស៊ីឡុតប្រាប់ថា៖ «​ឥឡូវសមាគមស្វាយន្ទីបាន​ឱ្យសមាជិកដែល​គាត់មាន​លទ្ធភាពឱ្យ​គាត់​​ហាល​​​ទុក ប៉ុន្តែយើងពិបាកហាលដោយសារតែអាកាសធាតុធ្លាក់ភ្លៀង»។

ម្យ៉ាងទៀត មានក្រុមហ៊ុន Santana និងក្រុមហ៊ុន Kampu រង់ចាំកាក់ទិញនៅខេត្តព្រះវិហារ ហើយក្រុមហ៊ុន CSNC, GC, Mirarth, ជ័យសំបូរ កាក់ទិញនៅខេត្តកំពង់ធំ ដើម្បីកុំឱ្យលំហូរគ្រាប់នាំ​ចេញ​ទៅ​ព្រំ​ដែន​​ច្រើនពេក ដើម្បីជួយឱ្យស្វាយចន្ទីនៅខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តកំពង់ចាម អាចមានលំ​ហូរ​ប្រក្រតី។

សម្រាប់ខេត្តកំពង់ធំ ល្អជាងគេ តម្លៃចន្លោះពី ៥០០០-៥២០០ រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែ​ដ៏ទៃ​ទៀតធ្លាក់នៅ ៤៦០០-៤៨០០ យ៉ាប់ជាងគេខេត្តរតនគិរីធ្លាក់ដល់ ៤៤០០ រៀលក្នុង​មួយ​គីឡូ​ក្រាម។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ ២០២៤ កម្ពុជា​សម្រេច​​បានការ​ប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុង​នោះ​នាំចេញ​គ្រាប់ឆៅ​បាន​ចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ គិត​ជា​ទឹក​ប្រាក់​​ ១,១៥០ ពាន់លាន​ដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ ម៉ឺន ៥ ពាន់​តោន៕

អត្ថបទ៖ ឡេង ដេត

The post តម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះ នៅចំពេលកសិករផ្ដើមប្រមូលផលរដូវកាលថ្មី appeared first on Kampuchea Thmey Daily.