​ចំណូលពីការនាំចេញបន្ទះសូឡាពីកម្ពុជាធ្លាក់ចុះជិត៦០% ក្នុងឆ្នាំ២០២៤

កម្ពុជាបានរកចំណូលប្រមាណ​៨៣១លានដុល្លារពីការនាំចេញទៅកាន់ទីផ្សារ អន្តរជាតិ ក្នុងឆ្នាំ២០២៤ ធ្លាក់ចុះជិត៦០%ធៀបនឹងឆ្នាំ២០២៣ The post ​ចំណូលពីការនាំចេញបន្ទះសូឡាពីកម្ពុជាធ្លាក់ចុះជិត៦០% ក្នុងឆ្នាំ២០២៤ appeared first on Kampuchea Thmey Daily.

​ចំណូលពីការនាំចេញបន្ទះសូឡាពីកម្ពុជាធ្លាក់ចុះជិត៦០% ក្នុងឆ្នាំ២០២៤

កម្ពុជាបានរកចំណូលប្រមាណ​៨៣១លានដុល្លារពីការនាំចេញទៅកាន់ទីផ្សារ អន្តរជាតិ ក្នុងឆ្នាំ២០២៤ ធ្លាក់ចុះជិត៦០%ធៀបនឹងឆ្នាំ២០២៣ដែលទឹកប្រាក់ជាង២ពាន់លានដុល្លារ ដែលការធ្លាក់ចុះយ៉ាងគំហុកនេះ ដោយសារតែវិធានការពន្ធរបស់រដ្ឋាភិបាលសហរដ្ឋ​អាមេរិកដែលរឹតបន្តឹងលើការនាំចូលឧបករណ៍បន្ទះសូឡា។

ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីនៅថ្ងៃ​ទី១ ខែតុលា​ ​ឆ្នាំ២០២៤ បានប្រកាសអំពី​ការកំណត់ពន្ធនាំចូល​លើឧបករណ៍ដំឡើងបន្ទះសូឡាពីប្រទេសកម្ពុជា វៀតណាម ម៉ាឡេស៊ី និងថៃ ដោយ​​គណៈកម្មាធិការពាណិជ្ជកម្មផលិតថាមពលព្រះអាទិត្យរបស់អាមេរិកបានចោទប្រកាន់ក្រុមហ៊ុនចិនដែលមានរោងចក្រនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ទាំងបួនថាបានធ្វើការនាំចេញបន្ទះសូឡាទៅជន់ពន្លិចទីផ្សារសហរដ្ឋអាមេរិកដោយមានតម្លៃទាបជាងតម្លៃផលិតកម្មរបស់ពួកគេ និងទទួលបានប្រាក់ឧបត្ថម្ភមិនយុត្តិធម៌ដែលធ្វើឱ្យផលិតផលអាមេរិកមិនមានការប្រកួតប្រជែង។

​យោងតាមរបាយការណ៍ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ទីភ្នាក់ងារនេះបានគណនាអត្រាប្រឆាំងនឹងការឧបត្ថម្ភធនទូទៅចំនួន ៩,១៣ ភាគរយសម្រាប់ការនាំចូលពីប្រទេសម៉ាឡេស៊ី; អត្រា ៨,២៥ ភាគរយសម្រាប់ការនាំចូលពីប្រទេសកម្ពុជា; អត្រា ២៣,០៦ ភាគរយសម្រាប់ការនាំចូលពីប្រទេសថៃ និង អត្រា២,៨៥ ភាគរយសម្រាប់ការនាំចូលពីប្រទេសវៀតណាម។ ​​

អ្នកជំនាញសេដ្ឋកិច្ចនៃអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលមានមូលដ្ឋាន​នៅសិង្ហបុរីធ្លាប់បានលើកឡើងថា ផលិតកម្មបន្ទះសូឡានៅកម្ពុជា និងប្រទេសអាស៊ាន៣ផ្សេងទៀតរួមមាន ម៉ាឡេស៊ី ថៃ និងវៀតណាម អាចនឹងប្រឈម​នឹងការបិទទ្វារ​នាពេលខាងមុខ បន្ទាប់ពីរដ្ឋាភិបាលអាមេរិកកាលពីខែមិថុនាបានលុបចោលការ​លើកលែងពន្ធនាំចូលដល់ប្រទេសបួននៅអាស៊ានដែលរួមមានកម្ពុជា។

បើយោងតាមរបាយការណ៍រួមគ្នាមួយរបស់អ្នកជំនាញសេដ្ឋកិច្ចនៃស្ថាប័ននេះ គឺលោក ទេព វណ្ណសុភាឧត្តម និងអ្នកនាង យ៉ាង ជុនយូ ​ នៅក្នុងឆ្នាំ ២០២២ ការនាំចេញបន្ទះសូឡារបស់កម្ពុជាបានកើនឡើង ២,៨ ដងធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបានទឹកប្រាក់នៃការនាំចេញរហូតដល់ ១ ពាន់លានដុល្លារ។ ចំពោះចំណែក​នៃការនាំចេញបន្ទះសូឡាធៀបទៅនឹងការនាំចេញសរុប​បានកើនឡើងដល់ ៤,៦ ភាគរយកើនពី ១,៤ ភាគរយ។ ក្នុងអំឡុងពេលដូចគ្នា ការនាំចូលបន្ទះសូឡារបស់កម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័សផងដែរ ដោយមានអត្រាទ្វេរដងដែលមានទឹកប្រាក់រហូតដល ២៧២លានដុល្លារ ប៉ុន្តែបរិមាណនេះគឺទាបជាងការនាំចេញ​បន្ទះសូឡាសរុប។

អ្នកជំនាញទាំងពីរនេះបានលើកឡើងថា គំរូពាណិជ្ជកម្មនេះបង្ហាញថា មួយផ្នែកធំនៃការនាំចេញបន្ទះសូឡារបស់កម្ពុជាអាចត្រូវបានតំឡើងក្នុងស្រុកជាជាងការនាំចូល និងនាំចេញឡើងវិញ។ និន្នាការកើនឡើងនៃការនាំចេញបានបន្តរហូតដល់ឆ្នាំ ២០២៣ដោយតម្លៃនៃការនាំចេញឈានដល់ទឹកប្រាក់ចំនួន ២,១ ពាន់លានដុល្លារ ដែលកើនឡើងទ្វេដងធៀបនឹងឆ្នាំមុន។

អ្នកទាំងពីរបានគូសបញ្ជាក់ថា ការនាំចេញបន្ទះសូឡាទៅកាន់សហរដ្ឋអាមេរិកពីប្រទេសអាស៊ានទាំងបួននេះបានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៣ ដែលមានកំណើនស្មើនឹង ៧៥ ភាគរយនៃការនាំចូលបន្ទះសូឡាសរុបរបស់សហរដ្ឋអាមេរិក។ ​

«កម្ពុជាជាប្រទេសមួយដែលមានការនាំចេញដ៏លេចធ្លោជាង ដែលការនាំចេញបន្ទះសូឡារបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ មានចំនួនជាង ៩០ ភាគរយនៃការនាំចេញបន្ទះសូឡាសរុបទៅកាន់ប្រទេសផ្សេងៗទៀត»។ នេះបើយោងតាមអ្នកជំនាញទាំងពីរ។

គួរកត់សម្គាល់ថាជាង ៩០ ភាគរយនៃការនាំចូលបន្ទះសូឡារបស់កម្ពុជាបាននាំចូលមកពីប្រទេសចិនទាំងនៅក្នុងឆ្នាំ ២០២២និង ២០២៣ ។ អត្រាចំណែកទីផ្សារដ៏ធំនេះបង្ហាញពីការផ្លាស់ប្តូរការនាំចេញរបស់ចិនតាមរយៈប្រទេសកម្ពុជាដើម្បីចៀសវាងការរឹតបន្តឹងពាណិជ្ជកម្ម ឬឆ្លុះបញ្ចាំងពីការវិនិយោគដ៏ច្រើនរបស់ចិននៅក្នុងឧស្សាហកម្មផលិតបន្ទះសូឡានៅកម្ពុជា​ដែលជាប្រទេសទទួលបានការអនុគ្រោះពន្ធនាំចូលពីសហរដ្ឋអាមេរិក។ នេះបើយោងតាមអ្នកជំនាញទាំងពីរ។

បន្ទាប់ពីកំណើនដ៏ខ្ពស់ក្នុងរយៈពេលខ្លីក្នុងឆ្នាំ ២០២២-២០៣ ការនាំចេញបន្ទះសូឡារបស់កម្ពុជាបានឈានទៅដល់ចំណុចរបត់មួយនៅឆ្នាំ ២០២៤​ ដោយប្រឈមមុខនឹងបញ្ហាសំខាន់ៗមួយចំនួន។ ក្តីបារម្ភចម្បងមួយគឺថា ការនាំចេញបន្ទះសូឡាទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវប្រឈមមុខនឹងការបង់ពន្ធនាំចូលចន្លោះពី ៥០% ទៅ ២៥០% បន្ទាប់ពីការផុតកំណត់នៃការលើកលែងពន្ធរបស់សហរដ្ឋអាមេរិកក្នុងខែមិថុនា ឆ្នាំ ២០២៤កន្លងទៅនេះ។ នេះបើយោងតាមរបាយការណ៍នេះ។

អ្នកជំនាញទាំងពីរនេះបានគូសបញ្ជាក់ថា៖«រោងចក្រផលិតបន្ទះសូឡាមួយចំនួនបានបញ្ឈប់ការផលិតនៅមុនខែមិថុនា ដោយលើកឡើងថាពួកគេ«កំពុងធ្វើការកែលម្អបរិក្ខារ»ឬ «ការថែទាំ» ។ អ្នកខ្លះកំពុងពិចារណាបិទរោងចក្ររបស់ពួកគេនៅអាស៊ីអាគ្នេយ៍ ដោយបង្ហាញពីភាពងាយរងគ្រោះរបស់វិស័យនេះ។ ជាលទ្ធផល ការនាំចេញរបស់កម្ពុជាបានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៅប៉ុន្មានខែដើម​ឆ្នាំ ២០២៤នេះ ជាមួយនឹងការធ្លាក់ចុះស្រដៀងគ្នានេះក៏ឃើញកើតមាននៅក្នុងប្រទេសម៉ាឡេស៊ី ថៃ និងវៀតណាមផងដែរ»៕

The post ​ចំណូលពីការនាំចេញបន្ទះសូឡាពីកម្ពុជាធ្លាក់ចុះជិត៦០% ក្នុងឆ្នាំ២០២៤ appeared first on Kampuchea Thmey Daily.