ចិននិងវៀតណាមបង្ហាញបំណងរួមអភិវឌ្ឍការតភ្ជាប់ផ្លូវដែក ប្រើប្រាស់ឥណទានចិន
វៀតណាមស្នើការអភិវឌ្ឍន៍ផ្លូវដែក ដោយផ្តល់អាទិភាពដល់ការរៀបចំឥណទាន ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលកម្លាំងពលកម្ម... The post ចិននិងវៀតណាមបង្ហាញបំណងរួមអភិវឌ្ឍការតភ្ជាប់ផ្លូវដែក ប្រើប្រាស់ឥណទានចិន appeared first on Kampuchea Thmey Daily.

ក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅទីក្រុងហាណូយកាលពីថ្ងៃទី១៤ខែមេសា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ (Pham Minh Chinh) បានស្នើវៀតណាម និងចិនធ្វើការងាររួមគ្នាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការអភិវឌ្ឍន៍ផ្លូវដែក ដោយផ្តល់អាទិភាពដល់ការរៀបចំឥណទាន ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលកម្លាំងពលកម្ម។

សារព័ត៌មានវៀតណាម VnEconomy បានរាយការណ៍ថា នាយករដ្ឋមន្ត្រីវៀតណាម ជិញ (Chinh) បានស្នើឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីចាប់ផ្តើមការសាងសង់ផ្លូវដែក Lao Cai-Hanoi-Hai Phong ក្នុងឆ្នាំ២០២៥ រួមនឹងការជំរុញផ្លូវសំខាន់ៗផ្សេងទៀតដូចជា Dong Dang-Hanoi និង Mong Cai-Ha Long-Hai Phong។
លោកក៏បានអំពាវនាវឱ្យមានកំណើនពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាព ដោយជំរុញឱ្យប្រទេសចិនជួយសម្រួលដល់ការចូលទៅកាន់ទីផ្សារកាន់តែច្រើនសម្រាប់ផលិតផលកសិកម្មវៀតណាម និងទំនិញផ្សេងៗទៀត។
នាយករដ្ឋមន្ត្រីវៀតណាម បានអំពាវនាវឱ្យមានភាពជាដៃគូបង្កើនល្បឿនក្នុងការអភិវឌ្ឍកម្លាំងផលិតភាពថ្មី ដោយផ្តោតជាចម្បងលើវិទ្យាសាស្ត្របច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។
សេចក្តីរាយការណ៍ដដែលបានលើកឡើងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានស្នើឱ្យភាគីទាំងពីរចាប់យកឱកាសអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្កើនភាពជិតខាងភូមិសាស្ត្ររវាងប្រទេសទាំងពីរដើម្បីទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញយ៉ាងសកម្មយន្តការកិច្ចសហប្រតិបត្តិការផ្លូវដែក។
លោកបានអះអាងថា ប្រទេសចិនមានឆន្ទៈពង្រីកការនាំចូលកសិផលវៀតណាម និងលើកទឹកចិត្តសហគ្រាសចិនបង្កើនការវិនិយោគប្រកបដោយគុណភាពខ្ពស់នៅវៀតណាម៕
ដោយ រ៉ាន់ រើយ

The post ចិននិងវៀតណាមបង្ហាញបំណងរួមអភិវឌ្ឍការតភ្ជាប់ផ្លូវដែក ប្រើប្រាស់ឥណទានចិន appeared first on Kampuchea Thmey Daily.