ខ្យល់ព្យុះកំបុតត្បូងវាយប្រហារខ្លាំង នៅខេត្ត Phichit ភាគកណ្តាលថៃ
ខេត្តភីចីត (Phichit) ស្ថិតនៅភាគកណ្តាលនៃប្រទេសថៃ រងការវាយប្រហារយ៉ាងខ្លាំង ដោយខ្យល់ព្យុះកំបុតត្បូង បណ្តាលឲ្យបាក់រលំផ្ទះប្រជាជន បង្គោលភ្លើង និងអគារក្រុមហ៊ុន... The post ខ្យល់ព្យុះកំបុតត្បូងវាយប្រហារខ្លាំង នៅខេត្ត Phichit ភាគកណ្តាលថៃ appeared first on Kampuchea Thmey Daily.

យ៉ាងហោចណាស់ផ្ទះប្រជាជនប្រមាណ១០០ខ្នង និងអគារក្រុមហ៊ុន២ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីខ្លះទៀត បានរងការខូចខាត ដោយសារតែការវាយប្រហារដោយខ្យល់ព្យុះកំបុតត្បូងនៅថ្ងៃទី២៨ខែមេសា នៅខេត្តភីចីត (Phichit) ភាគកណ្តាលប្រទេសថៃ។

សារព័ត៌មានថៃ matichon បានរាយការណ៍ថា នៅក្នុងមូលដ្ឋានស្រុកសាក់ឡេក (Saklek) ខេត្តភីចីត (Phichit) ស្ថិតនៅភាគកណ្តាលនៃប្រទេសថៃ ខ្យល់ព្យុះកំបុតត្បូងបានវាយប្រហារយ៉ាងខ្លាំងក្លាលើភូមិជាច្រើន បណ្តាលឱ្យអគារក្រុមហ៊ុនចំនួន២ដួលរលំ និងផ្ទះសម្បែងប្រជាពលរដ្ឋជិត១០០ខ្នងរងការខូចខាត ព្រមទាំងបាក់បង្គោលភ្លើងដាច់ចរន្តអគ្គិសនីនៅតាមស្រុកមួយចំនួន។
តាមសេចក្តីរាយកាណ៍នោះ នៅវេលាម៉ោង៣៖០០នាទីរសៀលថ្ងៃទី២៨ខែមេសា ឆ្នាំ២០២៥ លោក Sahaphap Chuedee អភិបាលស្រុកសាក់ឡេក(Saklek) ខេត្តភីចីត (Phichit) រួមជាមួយនឹងអាជ្ញាធរមូលដ្ឋានបានចុះទៅកាន់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យនិងវាយតម្តៃការខូចខាតនិងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់បក់បោកខ្លាំងផង ដែលគេហៅថាខ្យល់ព្យុះកំបុតត្បូង ដែលបានវាយប្រហារជាច្រើនដងបណ្តាលឱ្យអគារ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងឧបករណ៍ប្រើប្រាស់ផ្សេងៗត្រូវបានរងការខូចខាតជាច្រើន។
យោងតាមការចុះត្រួតពិនិត្យបឋមបានរកឃើញថា ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកសាក់ឡេកបានទទួលរងការខូចខាតច្រើនជាងគេរហូតដល់១៥ភូមិ ក្នុងនោះមានផ្ទះជិត១០០ខ្នងរងការខូចខាត ដូចជាប៉ើងដំបូល បាក់ដំបូល និងផ្ទះចំនួន៣ខ្នងរងការខូចខាតទាំងស្រុង ប៉ើងដំបូលអគាររោងចក្រចំនួន២ បាក់រលំអគារក្រុមហ៊ុនចំនួន២ ហាងនិងភោជនីយដ្ឋានជាច្រើនត្រូវបានរងការខូចខាត។ ក្រៅពីនេះ គេឃើញមានបង្គោលភ្លើងជាង២០ដើមរបស់អាជ្ញាធរអគ្គិសនីខេត្តត្រូវបានបាក់រលំ បណ្តាលឱ្យដាច់ភ្លើងទាំងស្រុងទូទាំងស្រុកមួយចំនួន៕
ដោយ ភ្នាក់ងារ



The post ខ្យល់ព្យុះកំបុតត្បូងវាយប្រហារខ្លាំង នៅខេត្ត Phichit ភាគកណ្តាលថៃ appeared first on Kampuchea Thmey Daily.